ព្រះមហាក្សត្រ​យាង​ចែក​អំណោយ​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់


ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​យាង​ចុះ​ចែក​ព្រះរាជ​អំណោយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ ជំនន់​ប្រមាណ​ជា ៥០០​គ្រួសារ មក​ពី​ឃុំ​ចំនួន​២ គឺ​ឃុំ​កំពង់ត្រឡាច និង​​ឃុំ​អំពិលទឹក នៃ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។
ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ប្រទាន​ព្រះរាជ​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ នៅ​ឃុំ​កំពង់​ត្រឡាច ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៣។

អាជ្ញាធរ​ភូមិ​មួយ​ចំនួន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​បាន​ មក​ទទួល​ព្រះរាជ​អំណោយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា មាន​ទឹក​ចិត្ត​សប្បាយ​រីក​រាយ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​រងគ្រោះ​មួយ​ចំនួន​ទៀត ដែល​មិន​បាន​មក​ទទួល​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ នឹង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ហើយ​បាន​ស្ដី​បន្ទោស​អាជ្ញាធរ​ភូមិ។

មេ​ភូមិ​ឪម៉ាល់ ឃុំ​អំពិលទឹក លោក ឈឹម សំអឿន មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា ថា លោក​បាន​បើក​ទូក​ដឹក​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ក្នុង​ភូមិ​ ចំនួន ១៥​គ្រួសារ ក្នុង​ចំណោម​ជាង ២០​គ្រួសារ មក​បើក​អំណោយ​ពី​ព្រះ​មហាក្សត្រ។
លោក ឈឹម សំអឿន៖ «ក្រៅ​ពី​ហ្នឹង​វា​លិច​ដែរ ប៉ុន្តែ​គេ​ឲ្យ​តែ​១៥ អ៊ីចឹង​យើង​បាន​តែ ១៥ ឲ្យ​គាត់​ខ្វះ ១០​ទៀត។ បើ​តាម​ពិត​មិន​មែន​ខ្វះ​ ១០​ទេ វា​ខ្វះ​ដែរ​ បន្ត​គ្នា ប៉ុន្តែ​ក្នុង​ហ្នឹង​យើង​មើល​អាណា​ដែល​ពិបាក​ជាង​គេ​យើង​ឲ្យ​ទៅ​គាត់»

ចំណែក​មេ​ភូមិខ្លាគ្រហឹម លោក ជា ហុំ បញ្ជាក់​ថា នៅ​ក្នុង​ភូមិ​របស់​លោក​មាន​ប្រជាពលរដ្ឋ​សរុប ៣២៧​គ្រួសារ ក្នុង​នោះ​មាន ៣០​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹក​ជំនន់ ក៏​ប៉ុន្តែ​គ្រួសារ​ដែល​បាន​មក​ទទួល​ព្រះរាជ​អំណោយ​នៅ​ថ្ងៃ​នេះ​មាន​ចំនួន ១៧​គ្រួសារ។
លោក​បន្ត​ថា ក្រោយ​ពី​ការ​ចែក​អំណោយ​ម្ដងៗ ប្រជាពលរដ្ឋ​តែងតែ​រិះគន់ ឬ​ស្ដី​បន្ទោស​ដាក់​អាជ្ញាធរ៖ «អ្នក ​ដែល​លិច​ទឹក​នេះ លិច​មុន​រាយការណ៍​មក​មុន អា​នេះ​លើក​ទី​មួយ​ហើយ តាំង​ពី​លិច​មក។ មាន​ការ​ត្រេក​អរ​ចំពោះ​បង​ប្អូន​យើង​ដែល​មាន​បញ្ហា​ការ​លំបាក​បាន​សម្ដេច​ យក​អំណោយ​មក​ឲ្យ​នេះ ត្រេក​អរ​ពិសេស​ហើយ»

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល ចាន់ថូ ថ្លែង​ថា នៅ​ស្រុក​កំពង់ត្រឡាច មាន​ឃុំ​ចំនួន​២ ដែល​មាន​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹក​ជំនន់ ហើយ​ចំនួន​គ្រួសារ​ដែល​បាន​មក​ទទួល​ព្រះរាជ​អំណោយ​របស់​ព្រះ​មហាក្សត្រ គឺ​អាជ្ញាធរ​កំណត់​យក​តែ​គ្រួសារ​ណា​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ៖ «ការ​ ចែក​នេះ​ភាគ​ច្រើន​គឺ​ខាង​រដ្ឋ​អំណាច អាជ្ញាធរ លោក​មើល​ទៅ​លើ​អ្នក​ដែល​ជាក់​ស្ដែង និយាយ​រួម​ទៅ​គឺ​ថា អ្នក​ដែល​គាត់​អត់ គាត់​ក្រីក្រ ព្រោះ​នៅ​ក្នុង​ចំណោម​លិច​ទឹក​ទាំង​អស់​វា​លិច​ដូច​គ្នា ប៉ុន្តែ​គ្រាន់​ថា ប្រជាពលរដ្ឋ​មាន​អ្នក​មាន​អ្នក​ក្រ»

សីហមុនី ចែកអំណោយ-៦១០
ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងអង្គុយ ក្បែរព្រះរាជអំណោយ រង់ចាំការយាងមកដល់របស់ព្រះមហាក្សត្រ នៅថ្ងៃទី១៣ ខែតុលា។ RFA/Chin Chetha


ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​បាន​យាង​តាម​ព្រះទីន័ងនាវា មក​ដល់​ភូមិ​សំរឹទ្ធិជ័យ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​វេលា​ម៉ោង ៨ និង ៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា ដើម្បី​ចែក​ព្រះ​រាជ​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ ​ទឹក​ជំនន់ ហើយ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ព្រះរាជ​ពិធី​ចែក​អំណោយ​នោះ ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ផង​ដែរ។
ព្រះរាជ​អំណោយ​ដែល​ព្រះ​មហាក្សត្រ ទ្រង់​យាង​ចុះ​ចែក​នោះ​ក្នុង​មួយ​គ្រួសារ​បាន​ទទួល​រួម​មាន អង្ករ ៥០​គីឡូក្រាម កៅស៊ូ​តង់ ១ មុង ១ ភួយ ១ ក្រមា ១ សារុង ១ អាវ​យឺត ១ មី ១​កេស ត្រី​ខ ១០​កំប៉ុង និង​ថវិកា​ចំនួន ១០​ម៉ឺន​រៀល។

សីហមុនី ចែកអំណោយ-៦១០
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ សម្រាប់ចែកដល់ប្រជាពលរដ្ឋរងគ្រោះ នៅឃុំកំពង់ត្រឡាច និងឃុំអំពិលទឹក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣។ RFA/Chin Chetha


វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ចឌឿន និង​ទេសរដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ស្ថានភាព​ទឹក​ជំនន់ និង​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​តុលា៕


Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger