ស្ថានភាពគ្រោះទឹកជំនន់នៅទូទាំងប្រទេស ត្រូវបានមន្ត្រីជំនាញលើកឡើងថា ទឹកជំនន់ដែលបង្កដោយទឹកភ្លៀង និងទឹកទន្លេមេគង្គ គិតត្រឹមព្រឹកថ្ងៃទី១២តុលានេះ មានការស្រកចុះគួរឲ្យកត់ហើយ។ ប៉ុន្តែចំនួនមនុស្សស្លាប់បានកើនពីចំនួន១០៤នាក់ ដល់ ១២២នាក់ គិតត្រឹមថ្ងៃម្សិលមិញ។
លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលកំពុងបន្តតាមដានស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គបានថ្លែងប្រាប់ វិទ្យុបារាំងនៅព្រឹកថ្ងៃសៅរនេះថា ស្ថានភាពទូទៅនៃទឹកជំនន់ដែលបានកើតឡើងធ្ងន់ធ្ងរជាងមួយខែកន្លងទៅនេះ ចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗហើយ។
លោកបានបន្តថា នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលស្ថានភាពទឹកជំនន់មានសភាពធ្ងន់ធ្ងរជាងគេនោះ កម្រិតទឹកបានស្រកគួរឲ្យកត់សម្គាល់ លែងក្លាយជាការបារម្ភទៅជាទឹកជំនន់ទៀតហើយ។
ប៉ុន្តែ បើតាមលោក ញឹម វណ្ណា ដដែល ផ្លូវជាតិលេខ៥ចន្លោះពីឃុំអូរតាគី ស្រុកថ្មគោល រហូតដល់ស្រុកមង្គលបូរី និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទឹកនៅបន្តលិចផ្លូវជាតិនេះនៅឡើយ ដោយសារតែមុខទឹកត្រូវហូរពីតំបន់ផ្សេងរបស់ខេត្តទាំងអស់នោះ ធ្លាក់ចូលទៅកាន់បឹងទន្លេសាប។
គួរបញ្ជាក់ថា ទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១០តុលាកន្លងទៅនេះ បានធ្វើឲ្យពន្ធនាគារខេត្តត្រូវជន់លិចកម្ពស់ចន្លោះពី ១ ម៉ែត្រកន្លះ ដល់១ម៉ែត្រ ៧។ ទឹកបានលិចចូលទៅក្នុងបន្ទប់ពន្ធនាគារ។ ស្ថានភាពនេះបានបង្ខំឲ្យអ្នកទោសជាង១០០០នាក់ត្រូវបានផ្ទេរទៅកាន់ ពន្ធនាគារខេត្តសៀមរាប និងខេត្តបាត់ដំបង។
ដោយឡែក ស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្តជាប់ដងទន្លេមេគង្គដូចជា ស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល ព្រៃវែង កម្រិតទឹកជំនន់ក៏បានស្រកស្រុតជាបន្តបន្ទាប់ផងដែរ។ នេះបើតាមលោក ញឹម វណ្ណដា
ទោះយ៉ាងណា បើតាមការបញ្ជាក់របស់លោក ញឹម វណ្ណដា ស្ថានភាពទឹកអាចស្រកចុះឆាប់រហ័សក្នុងរយៈពេល២ ឫ៣ថ្ងៃខាងមុខទៀត ប្រសិនបើកម្ពុជាចៀសផុតពីឥទ្ធិពលព្យុះ និង គ្មានភ្លៀងធ្លាក់បន្តទៀតនោះ។ ប៉ុន្តែលោកបន្ថែមថា បើទោះបីជាស្ថានភាពទឹកជំនន់នៅពេលនេះបានចាប់ផ្តើមស្រក តែចំនួនអ្នកស្លាប់បានកើនចំនួនរហូតដល់ទៅ១២២នាក់ ដែលភាគច្រើនជាកុមារ។
យ៉ាងណាក៏ដោយ របាយការណ៏សរុបពីផលប៉ះពាល់នៃទឹកជំនន់នៅមិនទាន់បូកសរុបនៅឡើយទេ ខណៈដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់តាមខេត្តដែលប៉ះពាល់ និងមន្ត្រីកាកបាទក្រហមកម្ពុជាកំពុងតែមមាញឹកចុះផ្តល់ជំនួយជួយ សង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយទឹកជំនន់ទាំងអស់នោះ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ
0 comments:
Post a Comment