ទិវា​​គ្រូ​​បង្រៀន​​នឹង​​ប្រារព្ធ​​ ធ្វើ​​នៅ​ទីលាន​​ ប្រជាធិប​​តេយ្យ​​ ថ្ងៃ​​ស្អែក​​ទោះបី​​អាជ្ញា​​ធរ​ហាម​​


សមាគម​​គ្រូ​បង្រៀន​​កម្ពុជា​​ឯករាជ​​របស់​លោក ​រ៉ុង ឈុន​ នៅ​តែ​​រក្សា​​ការ​​ប្រារព្ធ​​ពិធី​​ជួប​ជុំ​​នៅ​ទីលាន​​ប្រជា​ធិបតេយ្យ​​នៅ ​​ថ្ងៃ​អាទិត្យ​​ស្អែក​​នេះ​​បើទោះបី​ជា​​សាលា​រាជ​ធានី​ភ្នំពេញ​​មិន​ អនុញ្ញាត​​ក៏ដោយ។​ មនុស្ស ​៦០០​ នាក់​​ត្រូវ​គេ​អះអាងថា​​នឹងចូលរួម​​ក្នុង​ការ​​ប្រារព្ធ​​ទិវា​គ្រូ​បង្រៀន ​​អន្តរ​ជាតិ​​នេះ។​ ញត្តិ​​ទាមទារ​​ដំឡើង​​ប្រាក់​ខែ និង​​ទាមទារ​​ដោះស្រាយ​​បញ្ហា​​ជា​ច្រើន​ទៀត​​របស់​​គ្រូប​ង្រៀន​​នឹងដាក់​​ ជូន​ទៅ​​រដ្ឋាភិ​បាល​​ផង​ដែរ​។

ទោះបីជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ ក៏​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ​បាន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ប្រារព្ធ​ ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក រ៉ុង ឈុន ប្រធាន​សមាគម​នេះ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃនេះ​ថា ពិធី​នោះ​នឹងមាន​មនុស្ស​ប្រមាណ​ជា ៦០០ នាក់​ចូលរួម។

សូមបញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​កាលពី​ថ្ងៃទី៩តុលា​មិន​អនុញ្ញាត​ឲ្យ​សមាគម​ គ្រូបង្រៀន​ប្រារព្ធ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ ដោយបាន​សំណូមពរ​ឲ្យ​សមាគម​នេះ​រៀបចំ​កម្មវិធី​នៅ​ទីស្នាក់ការ​សមាគម​វិញ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បានផ្តល់​ហេតុផល​ថា ទិវា​គ្រូបង្រៀន​ពិភពលោក ជា​ទិវា​អន្តរជាតិ មិនមែនជា​សិទ្ធិផ្តាច់មុខ​របស់លោក រ៉ុង​ឈុន តែ​ម្នាក់ ដែល​ត្រូវ​ប្រារព្ធ​ទេ។

ម្យ៉ាងទៀត ចាប់ពីពេលនេះ​តទៅ អាជ្ញាធរ​កំពុងតែ​រវល់​នឹង​កិច្ចការពារ​សន្តិសុខ និង​កិច្ច​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​សម្ពោធ​វិមាន​ព្រះ​បរម​រូប និង​ព្រះ​រាជពិធី​រម្លឹក​ខួប​គម្រប់ ១ ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ​បរម​រន​ត​កោដ្ឋ នរោត្តម សីហនុ នា​ថ្ងៃទី១៥តុលា។ ប៉ុន្តែ សម្រាប់​លោក រ៉ុង ឈុន នេះ​គ្រាន់តែ​ជា​លេស​របស់​អាជ្ញាធរ​ដើម្បី​រារាំង​ការជួបជុំ​តែប៉ុណ្ណោះ។ លោក​ពន្យល់ថា ទីលាន​ប្រជាធិបតេយ្យ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​សម្តែង​ មតិ ដូច្នេះ​អាជ្ញាធរ​មិនគួរ​ហាមឃាត់​ការសម្តែង​មតិ​ឡើយ។

ក្រៅពី​ការសម្តែង​មតិ សមាគម​គ្រូបង្រៀន​មួយ​នេះ​ក៏​ត្រៀម​ដាក់​ញត្តិ​ជូន​រដ្ឋាភិបាល​ផងដែរ។ បើតាម​លោក រ៉ុង ឈុន ញត្តិ​នោះ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជាច្រើន​ដូចជា ការទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឲ្យ​ដល់​មួយ​លាន​រៀល​និង​អាច​បើក​ ប្រាក់ខែ​តាម​​ប្រព​ន្ធ័​ធនាគារ ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ និង​ការ​គោរព​សិទ្ធិសេរីភាព​របស់​គ្រូបង្រៀន​ជាដើម។


កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នករៀបចំ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​ដែល​មិន​ទទួលបាន​ការ​អនុញ្ញាត​ ច្បាប់​នោះបាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​រហូត​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ មួយ​ចំនួន។ ពិធី​ជួបជុំ​របស់លោក រ៉ុង ឈុន ស្អែក​នេះ​ក៏​ទំនងជា​មិនអាច​ចៀស​ផុតពី​ការប៉ះទង្គិច​គ្នា​ដែរ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ


Share this article :

0 comments:

 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger