អ្នក​គាំទ្រ​បក្ស​​ប្រឆាំង​​តវ៉ា​ទាមទារ​ស្លាក​សញ្ញា​បក្ស​ពី​អាជ្ញាធរ​ស្រុក​សូទ្រនិគម

អាជ្ញាធរ​​ស្រុក​សូទ្រនិគម ដែល​នៅ​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​ប្រើ​អំណាច​ទៅ​កាត់​ផ្ដាច់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ១​ផ្ទាំង​ធំ ដែល​ដាក់​តាំង​នៅ​ជិត​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក ហើយ​​បាន​ដឹក​យក​ចេញ​ពី​កន្លែង​ដើម កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​តុលា កន្លង​ទៅ។
១៤-តុលា-២០១៣៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​សែង​ស្លាក​សញ្ញា​ចេញ​ពី​សាលា​ស្រុក​សូទ្រនិគម មក​រក​កន្លែង​ថ្មី ដើម្បី​លើក​តាំង​ជា​បន្ត​ទៀត។

សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ២០០​នាក់ បាន​​លើក​គ្នា​ទៅ​ស្រែក​តវ៉ា​នៅ​មុខ​សាលា​ស្រុក​​សូទ្រនិគម កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ តុលា ដើម្បី​ទាមទារ​ឱ្យ​មន្ត្រី​​សាលា​ស្រុក​នោះ​ប្រគល់​ស្លាក​សញ្ញា​គណបក្ស ១​ផ្ទាំង​មក​ឱ្យ​ពួកគេ​វិញ។

ការ​លើក​គ្នា​ទៅ​ស្រែក​ទាមទារ​នោះ បន្ទាប់​ពី​​មាន​ជន​មិន​ស្គាល់​មុខ​បាន​យក​ធូប​អគ្គិសនី​ទៅ​កាត់​ផ្ដាច់​ជើង ​ដែក​របស់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ១​ផ្ទាំង ទំហំ ២​ម៉ែត្រ ​គុណ​នឹង ២​ម៉ែត្រ​កន្លះ ហើយ​ដឹក​ចេញ​ទៅ​បាត់​នៅ​ពេល​យប់ ក៏​ប៉ុន្តែ​ក្រោយ​មក​គេ​ដឹង​ថា ស្លាក​នោះ​បាន​យក​ទៅ​ដាក់​​​នៅ​ក្នុង​បរិវេណ​​សាលា​ស្រុក​សូទ្រនិគម។

ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សូទ្រនិគម នៃ​គណបក្ស សម រង្ស៊ី គឺ​លោក ហេង លី។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​តុលា ថា ស្លាក​សញ្ញា​នោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាត់​ដឹក​​យក​ទៅ​នៅ​ពេល​យប់ បន្ទាប់​ពី​មន្ត្រី​សាលា​ស្រុក​បាន​ទូរស័ព្ទ​ប្រាប់​មក​លោក​ឱ្យ​ទៅ​រុះរើ​ ចេញ​ជា​​ច្រើន​ដង​មក។

តំណាងរាស្រ្ត​មណ្ឌល​សៀមរាប ​អ្នកស្រី កែ សុវណ្ណរតន៍ បាន​ហៅ​សកម្មភាព​​​​កាត់​ផ្ដាច់​ជើង​ដែក ហើយ​យក​ស្លាក​សញ្ញា​គណបក្ស​ចេញ​ទៅ​ដោយ​​​ក្រុម​អាជ្ញាធរ​ស្រុក​សូទ្រនិគម​ នោះ ថា​ជា​អំពើ​លួច។

អ្នកស្រី កែ សុវណ្ណរតន៍ បាន​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​សូទ្រនិគម ធ្វើ​របៀប​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​អ្នកស្រី​នឹង​ដាក់​ពាក្យ​​ប្ដឹង​ទៅ​តុលាការ៖ «ភាព​មិន​ស្មើ​គ្នា​ រវាង​គណបក្ស​កាន់​អំណាច​នេះ ដែល​លើក​ស្លាក​ប្រើប្រាស់​រហូត​ដល់​ប៉ាណូ​ធំៗ ដែល​ក្រុមហ៊ុន​គេ​ជួល ត្រូវ​បង់​ថវិកា​ចូល​ជាតិ គឺ​គណបក្ស​ប្រជាជន​ប្រើ​ប្រាស់​តែ​ឯង។ ហេតុ​អ្វី​ក៏​មិន​មាន​ភាព​ត្រឹមត្រូវ​ដូច​គណបក្ស​ដទៃ​ទៀត។ អ៊ីចឹង​អ្វី​ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​ខុស​ច្បាប់​ទាំង​ស្រុង។ ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ជា​ការ​ព្រមាន ក៏​ដូច​ជា​ការ​ប្រាប់​ទៅ​តំណាង​ផ្សេងៗ​ទៀត របស់​គណបក្ស​កាន់​អំណាច​ឱ្យ​បញ្ឈប់​អំពើ​គំរាមកំហែង»

អ្នកស្រី កែ សុវណ្ណរតន៍ បាន​បញ្ជាក់​បន្ថែម​ថា ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ មួយផ្ទាំង​ដែល​​ដាក់​នៅ​​ទី​សាធារណៈ ជិត​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​សូទ្រនិគម​នោះ ​គឺ​មិន​មាន​​អ្វី​ខុស​ច្បាប់​ទេ នៅ​ពេល​ដែល​ស្លាក​សញ្ញា​គណបក្ស​ដទៃ​ទៀត​​អាច​ដាក់​បាន។
វិទ្យុ​អាស៊ីសេរី មិន​បាន​​​ជួប​ជាមួយ​លោក ឌិត ដន ជា​អភិបាល​ស្រុក​សូទ្រនិគម ដើម្បី​សុំ​ការ​ពន្យល់​អំពី​បញ្ហា​នោះ​បាន​យ៉ាង​ណា​ឡើយ។

ក៏​ប៉ុន្តែ​អភិបាល​រង​ស្រុក​សូទ្រនិគម អ្នកស្រី ងិន ម៉ុម បាន​មាន​ប្រសាសន៍​ថា ការ​កាត់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​នោះ គឺ​ជា​បញ្ជា​របស់​លោក​អភិបាល​ស្រុក​តែម្ដង បន្ទាប់​ពី​ប្រធាន​ ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​​ស្រុក​បាន​ដាក់​ពាក្យ​បណ្ដឹង​ឱ្យ​រុះរើ​ ចេញ៖ «ដោយ​លោក​អភិបាល​ស្រុក បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ហើយ ថា​ឱ្យ​រើ​ស្លាក​នោះ​ចេញ ព្រោះ​ពាក្យ​បណ្ដឹង​របស់​ការិយាល័យ​ស្រុក​ប្រតិបត្តិ​សូទ្រនិគម​នេះ គាត់​ត្រូវ​ការ​លើក​ស្លាក​បង្ហាញ​សុខភាព​ប្រជាជន​នៅ​មុខ​កន្លែង​គាត់។ អត់​បញ្ហា​ទេ ប្រសិន​បើ​គាត់​ដាក់​ពាក្យ​ប្ដឹង ក៏​ដាក់​ទៅ​មិន​ព្រួយ​បារម្ភ​ទេ»

អាជ្ញាធរ​ស្រុក​សូទ្រនិគម បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​តុលា គឺ​គេ​បាន​ជូន​ដំណឹង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ រុះរើ​​ស្លាក​សញ្ញា​ចេញ​​ពី​មុខ​ការិយាល័យ​សុខាភិបាល​ ​​ប្រតិបត្តិ​ស្រុក​ចំនួន ៣​លើក​មក​ហើយ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ប្រើ​ អំណាច​របស់​អាជ្ញាធរ​ស្រុក​​សូទ្រនិគម ទៅ​រុះ​រើ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ជា​ការ​មិន​ត្រឹម​ត្រូវ​ទេ ពី​ព្រោះ​កន្លែង​ដាក់​ស្លាក​សញ្ញា គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​អ្វី​ឡើយ៕


Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger