វត្ត​ខ្មែរ​កាណាដាប្រមូល​បច្ច័យ​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​កម្ពុជា​


វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា​ បាន​ធ្វើ​បុណ្យ​ប្រមូល​បច្ច័យ​ពី​ពុទ្ធបរិស័ទ​ខ្មែរ​ ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់​ (Montreal) បាន​ចំនួន​ជាង​មួយ​ម៉ឺន​ដុល្លារ​ ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​​ក្នុង​ប្រទេស​កម្ពុជា​។
២២-កញ្ញា-២០១៣៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ធ្វើ​ដំណើរ​តាម​ទូក​ចូល​គេហដ្ឋាន​វិញ បន្ទាប់​ពី​ទឹក​ជំនន់​ជន់​លិច​ផ្លូវ។

ព្រះ​តេជព្រះ​គុណ​ ហុក​ សាវណ្ណ​ ដែល​ជា​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ខ្មែរ​កាណាដា​ មាន​ថេរ​ដីកា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៣ តុលា ថា​ ថវិកា​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​បាន​បរិច្ចាគ​នោះ​ នឹង​ជួយ​ទៅ​ដល់​វត្ត​អារាម​មួយ​កន្លែង​ ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ ហើយ​ជា​ពិសេស​ទៅ​ទៀត​នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ ដែល​កំពុង​ខ្វះ​ស្បៀង​អាហារ​ដោយសារ​ទឹកជំនន់​៖ «អាត្មា​បាន​ អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់​ ប្រទេស​កាណាដា​ បាន​ពន្យល់​ទៅ​ឃើញ​គេ​ចូល​បច្ច័យ​ចាប់​កុសល​ ដើម្បី​ជួយសង្គ្រោះ​ជា​បន្ទាន់​ដល់​ខ្មែរ​យើង​ ដែល​កំពុង​រង​ទុក្ខ​វេទនា​ គ្មាន​ទី​ជម្រក​ ខ្វះ​ស្បៀង​អាហារ​ ធ្វើម៉េច​ឲ្យ​តែ​រស់​បាន​មួយ​ពេល​ហ្នឹង​ បាន​ជាង​មួយ​ម៉ឺន​ដុល្លារ​»។​

​រហូត​មក​ទល់​ពេល​នេះ ​មាន​មនុស្ស​ជាង​ ១០០​នាក់​ បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​កុមារ​ ៥៥​នាក់​។  ចំណែក​វត្តអារាម​ជាង ​៣០០​​កន្លែង​ និង​ស្រែស្រូវ​របស់​ពលរដ្ឋ​ចំនួន​ ២​សែន​ ៥​ម៉ឺន​ ហិកតារ​ក្នុង​ខេត្ត​ក្រុង​ចំនួន​ ២០​ បាន​ជន់លិច​ដោយសារ​គ្រោះ​ទឹកជំនន់​។

ភិក្ខុ ហុក សាវណ្ណ-៣០៥
ព្រះ​តេជ​ព្រះគុណ​ ហុក​ សាវណ្ណ​ ​​ចៅ​អធិការ​វត្ត​ខ្មែរ​កាណាដា ទីក្រុង​ម៉ុងរ៉េអាល់។ Provided Photo

ព្រះតេជព្រះគុណ​ ហុក សាវណ្ណ​ មាន​ថេរ​ដីកា​បន្ត​ថា​ ថវិកា​ជាង ​១ម៉ឺន​ដុល្លារ​ ដែល​ព្រះអង្គ​ប្រមូល​បាន​នឹង​ចាត់ចែង​ប្រគេន​ដល់​ព្រះសង្ឃ​ខ្មែរ​មួយចំនួន​ គង់​នៅ​វត្ត​ឧណ្ណា​លោម​ និង​វត្ត​ស្ទឹង​មានជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​និមន្ត​ចុះ​ជួយ​សត្វ​លោក​ដែល​កំពុង​លង់​ទឹក​ដោយ​គ្មាន​រើសអើង​​ និន្នាការ​នយោបាយ​អ្វី​ឡើយ​៖ «​ជំនួយ​សង្គ្រោះ​​ហ្នឹង​គួរ​ខ្មែរ​ទាំងអស់ ​​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ ជាពិសេស​អ្នកមាន​ធនធាន​គ្រាន់បើ​ នៅ​ក្នុង​ស្រុក​ក្តី ​នៅ​ក្រៅ​ស្រុកក្តី​​ គួរ​បញ្ចេញ​ជួយ​មួយ​ពេល​។ ហើយ​បើ​តាម​សង្គហទាន​ព្រះពុទ្ធលោក​ មិន​ឲ្យ​គិត​ថា​ អ្នកហ្នឹង​ជា​បែប​ម៉េច​ គឺ​អត់ទេ​ គឺ​គិត​តែ​សង្គ្រោះ​ឲ្យ​រស់​។​ សង្គហធម៌​គេ​អត់​គិត​ថា​ អ្នកហ្នឹង​មាន​សីលធម៌​ ឬ ​អត់សីលធម៌​ គណបក្ស​ណា​ ឬ​ សាសនា​ណា​ទេ​ គេ​អត់​ទេ​ គឺ​គិត​ថា​ធ្វើ​ម៉េច​ឲ្យ​តែ​មនុស្ស​រស់​ប៉ុណ្ណឹង​។​ អាហ្នឹង​គេ​ហៅ​ថា​ជំនួយ​សង្គ្រោះ​»។

ព្រះតេជគុណ​បាន​អំពាវនាវ​ដល់​ពលរដ្ឋខ្មែរ​ទាំងអស់​មេត្តា​បង្កើន​ការជួយ​ ឧត្ថម្ភ​ជា​សម្ភារៈ ថវិកា​ និង​ថ្នាំ​សង្កូវ​ផ្សេងៗ​ ដល់​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​។  លើស​ពី​នេះ​ទៅ​ទៀត​ ព្រះតេជព្រះគុណ​ ហុក សាវណ្ណ​ ក៏​បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​សត្វ​​មាន​ពិស​ និង​ភ្លើង​អគ្គិសនី​ ដែល​អាច​បំពារបំពាន​ដល់​អាយុ​ជីវិត​មនុស្ស​ ក្នុង​ពេល​មាន​គ្រោះ​ទឹកជំនន់​នេះ៕
Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger