ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​បារម្ភ​​អំពី​បញ្ហា​​ប្រែប្រួល​អាកាសធាតុ


ទឹក​ជំនន់​កំពុង​យាយី​ជីវភាព​ រស់​នៅ​របស់​ប្រជាពលរដ្ឋ​ នៅ​តាម​បណ្ដា​ ខេត្ត​ចំនួន ១៥ ទូទាំង​ប្រទេស​កម្ពុជា។ មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​បង្ហាញ​ថា ទឹក​ជំនន់​បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន​ជាង ១០០​នាក់​ស្លាប់ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​តុលា និង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ស្រូវ​របស់​កសិករ​ជាង ១​សែន​ហិកតារ។
ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​រង​ការ​លិចលង់​ដោយសារ​ទឹក​ជំនន់។ រូបថត​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៣

មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ​មាន​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ រួម​មាន​ខេត្ត​ប៉ៃលិន បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប។ ពលរដ្ឋ​មួយ​ចំនួន​ចាត់​ទុក​ថា ទឹក​ជន់​ឆ្នាំ​នេះ​ជា​បណ្ដាសា​ធម្មជាតិ ព្រមាន​ប្រទេស​កម្ពុជា ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ។
"ភូមិ​ខ្ញុំ​មិន​ដែល​មាន​ទឹក​ជន់​ធំ​បែប​នេះ​ឡើយ"៖ នេះ​ជា​សម្ដី​ស្ទើរ​គ្រប់​មាត់​របស់​អ្នក​ភូមិ​អូរតាគី ឃុំ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កាល​ពី​សប្ដាហ៍​មុន នៅ​ពេល​ដែល​កម្លាំង​ទឹក​អាង​កំពីងពួយ កំពុង​ជន់​លិច​ស្រែ​ចម្ការ​និង​ផ្ទះសំបែង​របស់​ពួក​គាត់។

លើ​ផ្លូវ​ជាតិ​លេខ​៥ ម្ដុំ​អូរតាគី ដែល​រដូវ​ប្រាំង​ធ្លាប់​តែ​ឃើញ​ឡាន​ដឹក​ទឹក​លក់ និង​ធម្មតា​ធ្លាប់​តែ​មាន​យានយន្ត​បើក​បើ​មួយៗ​លឿន តែ​ពេល​នេះ​មាន​ម៉ូតូ​ជា​ច្រើន​កំពុង​វារ​គើមៗ​ឆ្ពោះ​ទៅ​មុខ​ជម្នះ​នឹង​ កម្លាំង​ទឹក​ហូរ។ អ្នក​ដំណើរ​ខ្លះ​រុញ​ម៉ូតូ​ដែល​រលត់​ម៉ាស៊ីន​ឆ្លង​ទឹក អ្នក​ខ្លះ​ចង​ម៉ូតូ​លើ​ត្រាក់ទ័រ អ្នក​ខ្លះ​ទៀត​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​នៅ​ទី​ទួល​ខ្ពស់​មួយ​ ដែល​គេ​រៀបចំ​សម្រាប់​ទទួល​ផ្ញើ​ម៉ូតូ​ក្នុង​ពេល​ទឹក​ជន់។ ឡាន​ធំៗ មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​កំណាត់​ផ្លូវ​ពី​ក្រុង​ បាត់ដំបង ទៅ​ថ្មគោល​ទេ។ ក្មេងៗ​រត់​ដេញ​គ្នា​ប្រសាច ភាគ​ច្រើន​ដោះ​អាវ ស្លៀក​ខោ​ខ្លី ប្រលែង​លេង​នឹង​ទឹក​ហូរ​ត្រឹម​ជង្គង់​នៅ​លើ​ថ្នល់​ជាតិ ចំណែក​មនុស្ស​ធំ​ខ្លះ បង់​សំណាញ់​តាម​ទី​វាលៗ​មុខ​ផ្ទះ​អ្នក​ភូមិ។

អ្នក​ក្រុង​បាត់ដំបង ដែល​ទើប​រួច​ខ្លួន​ពី​ជំនន់​ស្ទឹងសង្កែ មិន​បាន​បី​ថ្ងៃ​ស្រួល​បួល​ផង​នោះ ខ្លះ​ជិះ​ឡាន ខ្លះ​ជិះ​ម៉ូតូ​ទៅ​មើល​ទឹក​ម្ដុំ​អូរតាគី។ បើ​មើល​ពី​សំបក​ក្រៅ ទឹក​ជន់​លិច​ភូមិ​អូរតាគី គ្រាន់តែ​ជា​ការ​បង្កើត​តំបន់​ទេសចរណ៍​លេង​ទឹក​សម្រាប់​អ្នក​ក្រុង​បាត់ដំបង និង​ក្មេងៗ​កូន​អ្នក​ភូមិ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​លើ​ផ្ទះ​កណ្តាល​ទឹក​ឯ​ណោះ​វិញ មាន​មនុស្ស​ចាស់​មិន​តិច​នាក់​ទេ​ដែល​កំពុង​ដក​ដង្ហើម​ធំ​និង​ព្រួយ​ចិត្ត។

កាប់​ឈើ ព្រៃ​ឡង់  ៦១០
១៣-ឧសភា-២០១៣៖ គំនរ​ឈើ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​វៀតណាម កាប់​រំលំ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ RFA/Tin Zakariya


ក្នុង​ចំណោម​ផ្ទះ​ដែល​លិច​ទឹក​នៅ​ភូមិ​អូរតាគី ផ្ទះ​របស់​ស្ត្រី​វ័យ​ជិត ៧០​ឆ្នាំ ឈ្មោះ ថាប់ ប៉ាច មាន​សភាព​ប្លែក​ពី​គេ។ ទឹក​បាន​ជន់​លិច​ដី​ភូមិ​របស់​លោកស្រី ថាប់ ប៉ាច ជាង ១​ម៉ែត្រ គឺ​ដល់​ត្រឹម​រនាប​ផ្ទះ ពេល​ដែល​ទឹក​លិច​ផ្ទះ​អ្នក​ភូមិ​ដទៃ​ជាង​កន្លះ​ម៉ែត្រ។ ដើម្បី​ងាយ​ស្រួល​ចូល​ផ្ទះ គ្រួសារ​កសិករ​មួយ​នេះ​បាន​ធ្វើ​ស្ពាន​ពី​ឫស្សី​តូច​មួយ មាន​ទទឹង​ជាង ១​តឹក និង​បណ្ដោយ​ជាង ២០​ម៉ែត្រ ហើយ​ដាក់​ពាង​ទឹក​ចង​បណ្ដែត​ខាង​ក្រោម។ ក្នុង​ផ្ទះ​ដែល​មើល​ធ្លុះ​ពី​មាត់​ទ្វារ​ដល់​ជញ្ជាំង​ខាង​ក្រោយ គេ​ឮ​សំឡេង​ក្មេង​លាន់​ទ្រហឹង ខ្លះ​យំ ខ្លះ​សើច កំពុង​ដណ្ដើម​ស្ករ​គ្រាប់ និង​នំ​បុ័ង​ដែល​អ្នក​ក្រុង​បាត់ដំបង ទើប​ចែក​ឲ្យ​កន្លះ​ម៉ោង​មុន។

លោកស្រី ថាប់ ប៉ាច ញញឹម​ដាក់​ភ្ញៀវ​ទាំង​មុខ​ជូរ ហើយ​ប្រាប់​ថា មួយ​ថ្ងៃ​ពេញ​នេះ​គាត់​មិន​បាន​សម្រាក​ទេ ព្រោះ​ជាប់​មើល​ចៅ​ខ្លាច​ពួក​គេ​ធ្លាក់​ទឹក ហើយ​កូនៗ​របស់​គាត់​ចេញ​ទៅ​មើល​ស្រែ​និង​រក​ម្ហូប។ លោកស្រី​រៀបរាប់​ថា ស្រូវ​សូម៉ាលី​ប្រាំង​ដែល​កំពុង​ផើម​ជាង ៣​ហិកតារ​របស់​គាត់ ត្រូវ​ទឹក​ជន់​លិច​បាត់​អស់ ហើយ​តាំង​ពី​លិច​ទឹក​មក ប្ដី​របស់​គាត់​នៅ​ឃ្លាំ​មើល​ស្រូវ​រហូត​មិន​ព្រម​ត្រឡប់​មក​ផ្ទះ​វិញ​ទេ។ លោកស្រី​បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​លើក​នេះ​កាច​សាហាវ​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់ វា​បាន​បំផ្លាញ​ឆ្នាំង​បាយ​គាត់​ទាំង​មូល និង​អាច​នាំ​ឲ្យ​ឈ្មួញ​លក់​ជី​រឹប​អូស​ដី​ស្រែ​របស់​ពួក​គាត់​ថែម​ទៀត។
លោកស្រី​បន្ត​ថា គ្រួសារ​គាត់​មិន​សប្បាយ​ចិត្ត​នឹង​អំណោយ​ដែល​អាជ្ញាធរ​យក​ចែក​ឲ្យ​តិចតួច​ នោះ​ទេ តែ​ពួក​គាត់​បែរ​ជា​កំពុង​តែ​បារម្ភ​ថា បើ​ទឹក​ជន់​រួច ហើយ​ជួប​គ្រោះ​រាំង​ស្ងួត​ដូច​ឆ្នាំ​មុន​ទៀត តើ​ពួក​គាត់​នឹង​រស់​បែប​ណា?

ទន្ទឹម​នឹង​នេះ អ្នក​ភូមិ​អូរតាគី ម្នាក់​ទៀត​ដែល​ជម្លៀស​គ្រួសារ​មក​រស់​នៅ​លើ​ចិញ្ចើម​ថ្នល់​ជាតិ លោក មួន រឿម ប្រាប់​ថា អ្នក​ស្រែ​ឆ្នាំ​នេះ​រង​កម្ម​ផ្ទួនៗ​ជាប់​គ្នា។ មុន​នេះ​មួយ​ខែ​អ្នកស្រែ​ខ្ចី​លុយ​គេ​ទិញ​ប្រេង​បូម​ទឹក និង​ទិញ​ជី​ដាក់​ស្រែ​ពេល​ស្រូវ​មូរ​ដើម ទឹក​លិច​បំផ្លាញ​ស្រូវ​អស់។ លោក​បន្ត​ថា លោក​មិន​បាន​ដឹង​ថា ទឹក​ភ្លៀង​នៅ​ខាង​លើ​ទំនប់​អាង​កំពីងពួយ ខ្លាំង​ឬ​ខ្សោយ​យ៉ាង​ណា​ទេ តែ​ទឹក​ជន់​ឡើង​លិច​ផ្ទះ​អ្នក​ភូមិ គឺ​កើត​ឡើង ១​ម៉ោង បន្ទាប់​ពី​មេ​ភូមិ​ដើរ​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រយ័ត្នប្រយែង​ប៉ុណ្ណោះ។ លោក​បន្ទោស​ថា អាជ្ញាធរ​ជំនាញ​គួរ​តែ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​កម្លាំង​ទឹក និង​លទ្ធភាព​ការពារ​របស់​ទំនប់។ ម្យ៉ាង​ទៀត​ទឹក​ជន់​ឆ្នាំ​នេះ ជា​សញ្ញា​មួយ​ប្រាប់​ថា ដល់​ពេល​ធម្មជាតិ​បំផ្លាញ​យើង​វិញ​ហើយ។

ទឹក​ជំនន់​រដូវ​វស្សា​ឆ្នាំ​នេះ​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​កញ្ញា។ ​​​​​​ខេត្ត​រតនគិរី ជា​ខេត្ត​ដែល​រង​គ្រោះ​មុន​គេ​ដោយ​ជំនន់​ទឹក​ភ្លៀង។ ទឹក​បាន​ហូរ​កាត់​ផ្ដាច់​ផ្លូវ​ជាតិ​លេខ ៧៨ ដែល​ទើប​សង់​ថ្មី វា​បាន​បំផ្លាញ​ផ្ទះសំបែង​របស់​ពលរដ្ឋ បំផ្លាញ​ដំណាំ​កសិកម្ម ​និង​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​ទៀត​ផង។ បន្ទាប់​មក​គឺ​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង ខេត្ត​កណ្ដាល និង​ខេត្ត​មួយ​ចំនួន​ទៀត។

ចូល​ដល់​ដើម​ខែ​តុលា ជំនន់​ទឹក​ភ្លៀង​បាន​វាយ​លុក​ខេត្ត​ប៉ៃលិន ហើយ​កម្លាំង​ទឹក​ហូរ​ខ្លាំង​មិន​ធ្លាប់​មាន វាយ​ប្រហារ​លើ​ផ្ទះ​និង​ដី​ចម្ការ​អ្នក​ភូមិ​នៅ​ស្រុក​ស្ទឹងកាច និង​មួយ​ផ្នែក​នៃ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ពលរដ្ឋ​ប្រាប់​ថា ទឹក​ហូរ​ខ្លាំង​នេះ​ជា​លទ្ធផល​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខេត្ត​ ប៉ៃលិន។ បន្ទាប់​មក​ទឹក​ជន់​ក៏​បាន​ជន់​លិច​ខេត្ត​បាត់ដំបង ទាំង​មូល និង​បាន​បង្ក​ឲ្យ​មនុស្ស​ជាង ១៤​នាក់​ស្លាប់ គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​តុលា។

ដើម្បី​ឆ្លើយ​តប មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​និង​មន្ត្រី​កាកបាទ​ ក្រហម បាន​ចាត់​ចែង​គ្នីគ្នា​ចុះ​ចែក​អំណោយ​គ្រប់​ខេត្ត​ក្រុង​ដែល​រង​ការ​លិច​ លង់។ ក្រុម​មន្ត្រី​ដាក់​អាវ​ក្នុង​ខោ​ចុះ​ចែក​ប្រាក់ ចែក​មី អង្ករ ត្រី​ខ​កំប៉ុង និង​សម្ភារៈ​មួយ​ចំនួន​ទៀត អម​ទៅ​ដោយ​សារ​នយោបាយ​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទឹក​លិច​របស់​មេ​ភូមិ។

គ្រប់​ស្ថានីយ​ទូរទស្សន៍​ថត​ផ្សាយ​ព័ត៌មាន​ពី​ការ​លិចលង់ និង​ផ្សាយ​ពី​រឿង​ចែក​ស្បៀង។ ចំណែក​ឯ​អាជ្ញាធរ​ជំនាញ​ឧតុនិយម ធនធាន​ទឹក និង​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក៏​នៅ​តែ​ប្រកាន់​យក​ទម្លាប់​មិន​សូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នក​កាសែត និង​ពិបាក​ក្នុង​ការ​សុំ​យោបល់​អប់រំ ដំបូន្មាន ចំណេះ​ដឹង​ពី​កិច្ចការ​គ្រោះ​មហន្តរាយ ដូច​ជា​វិធី​សង្គ្រោះ​មនុស្ស​លង់​ទឹក វិធី​សង្គ្រោះ​មនុស្ស​ពស់​ចឹក ឬ​ការ​ថែ​រក្សា​សុខភាព​អនាម័យ​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ជូន​ពលរដ្ឋ​ ណាស់។

នៅ​លើ​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​ជា​ស្ថាប័ន​ជំនាញ​ក្នុង​ការ​រៀបចំ​គោលនយោបាយ និង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ធម្មជាតិ បាន​ត្រឹម​តែ​បង្ហោះ​សេចក្ដី​ជូន​ដំណឹង​របស់​លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​មន្ត្រី​ជួយ​ពលរដ្ឋ​កាល​ពី​ទឹក​ជន់​ឆ្នាំ​២០១១ ប៉ុណ្ណោះ ហើយ​ទឹក​ជន់​ឆ្នាំ​នេះ​គ្រាន់​តែ​រូបភាព​មួយ​សន្លឹក​ក៏​មិន​ឃើញ​ដាក់​បង្ហោះ ​ដែរ។ ទឹក​ជំនន់​បាន​គំរាមកំហែង​ខ្លាំង​តាំង​ពី​ឆ្នាំ​២០០០។ ប៉ុន្តែ​គោលនយោបាយ​និង​នីតិវិធី​ក្នុង​ការ​ទប់​ស្កាត់​គ្រោះ​មហន្តរាយ មិន​សូវ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​របស់​អង្គការ​ទន្លេ​បី ដែល​ធ្វើ​ការងារ​ផ្នែក​កិច្ច​ការពារ​បរិស្ថាន លោក មៀច មាន យល់​ថា រាជរដ្ឋាភិបាល​បាន​បរាជ័យ​រួច​ទៅ​ហើយ ក្នុង​ការ​ការពារ​គម្រប​ព្រៃ​ឈើ ដើម្បី​រក្សា​លំនឹង​បរិស្ថាន។ លោក​បន្ត​ថា ទឹក​ជំនន់​ឆ្នាំ​នេះ​មិន​មែន​ជា​មូលហេតុ​ទាំង​ស្រុង​ដែល​បង្ក​មក​ពី​ការ​ បាត់បង់​ព្រៃ​ឈើ​នោះ​ទេ តែ​រាជរដ្ឋាភិបាល​ត្រូវ​ទទួល​ស្គាល់​ថា គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន និង​ការ​សាងសង់​ទំនប់​វារីអគ្គីសនី បាន​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ជា​អ្នក​រង​គ្រោះ​មុន​គេ ដោយសារ​បញ្ហា​ប្រែប្រួល​អាកាសធាតុ តែ​អ្នក​ដែល​បំផ្លាញ​ធម្មជាតិ​ជា​ក្រុម​ឈ្មួញ​ដែល​មាន​លុយ​និង​មន្ត្រី​ដែល​ មាន​អំណាច។

របាយការណ៍របស់ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ទឹក​ជំនន់​ឆ្នាំ ២០១១ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ រាជធានី ខេត្ត ចំនួន​ ១៨ និងប៉ះពាល់​លើ ប្រ​ជាជន​ជិត ២ លាននាក់​ស្មើនឹងជាង៣សែន គ្រួសារ​។ ក្នុងនោះពលរដ្ឋ ជាង២៥០ នាក់បានស្លាប់​ ដែល​ភាគ​ច្រើនជាកុមារ ។ ដំណាំ​កសិកម្ម​ មាន​ស្រូវ​ និង​ ដំណាំ​រួម​ផ្សំ​រាប់​ម៉ឺន​ហិកតា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ជាតិ​ ផ្លូវ ខេត្ត​ ផ្លូវ​លំ​ ប្រព័ន្ធ​ធារាសាស្រ្ត សាលា​រៀន​ មណ្ឌល​សុខភាព​​ វត្ត​អារាម ផ្ទះ​សំបែង​ប្រជាជន​ បាន​រង​ការ​ខូច​ខាត ដែល​ គិត​តម្លៃ​ជា​ទឹក​អស់​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក​។

មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​មួយ​ចំនួន​បន្ទោស​ថា ការ​កើន​ឡើង​នៃ​កម្ដៅ និង​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ បណ្ដាល​មក​ពី​ការ​វិនាស​ហិនហោច​នៃ​ព្រៃ​ឈើ។ សង្គម​ស៊ីវិល​បង្ហាញ​ថា រាជរដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​លើ​ផ្ទៃ​ដី​ ចំនួន​ជាង ២​លាន​ហិកតារ​ដែល​ដី​ភាគ​ច្រើន​ជា​ដី​គម្រប​ព្រៃ​ឈើ។ ឈ្មួញ​ឯកជន​ដែល​ទទួល​សិទ្ធិ​បាន​កាប់​ព្រៃ​លក់​យក​ដី​ដាំ​កៅស៊ូ ដំឡូង​មី និង​ដំណាំ​កសិឧស្សាហកម្ម​ដទៃ​ទៀត។ ក្នុង​នោះ​ដី​ព្រៃឡង់ ដែល​ព្រៃ​ត្រូពិក​នៅ​សេសសល់​ធំ​ជាង​គេ​ក្នុង​តំបន់​អាស៊ី ក៏​ត្រូវ​រាជរដ្ឋាភិបាល​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាង ១​សែន​ហិកតារ។ ដី​ព្រៃ​ឈើ​នៅ​តំបន់​ភូមិ​ភាគ​ឦសាន ឬ​តំបន់​ទន្លេបី គឺ​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ដី​ឲ្យ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចំនួន ៤៨​គម្រោង ដែល​ទំហំ​ព្រៃឈើ​ធម្មជាតិ​ស្មើ​នឹង​ជាង ១​លាន​ហិកតារ នឹង​ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ធ្វើ​អាង​ស្តុក​ទឹក​សម្រាប់​ទំនប់​ វារីអគ្គិសនី និង​ដំណាំ​កសិឧស្សាហកម្ម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កសិករ​នៅ​ភូមិ​អូរតាគី ខេត្ត​បាត់ដំបង លោកស្រី ថាប់ ប៉ាច ប្រាប់​ថា គាត់​មិន​សូវ​ខ្វល់​នឹង​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​តំបន់​ផ្សេងៗ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​លោកស្រី​គ្រាន់​តែ​ចង់​ឲ្យ​ផ្ទះ​ខ្ទម​តូច​មួយ​របស់​គាត់​មាន​ សេចក្ដី​សុខ​ប៉ុណ្ណោះ។ លោកស្រី​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក្ដៅ​ ខ្លាំង ឬ​ភ្លៀង​ខ្លាំង​ដើម្បី​សម្រួល​ការ​រស់​នៅ​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ គឺ​ជា​ក្រុម​មន្ត្រី​ដែល​ស៊ី​ប្រាក់​ខែ​រាស្ត្រ និង​ឡើង​កាន់​អំណាច​ដោយសារ​សន្លឹក​ឆ្នោត​រាស្ត្រ៕
Share this article :

0 comments:

 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger