យុវជន​១​ក្រុម​គ្រោង​ហែ​ក្បួន​ដាក់​ញត្តិ​ទាមទារ​យុត្តិធម៌​ជូន​អ្នក​ស្លាប់​នៅ​ក្បាល​ថ្នល់

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ មក​ពី​សាកលវិទ្យាល័យ​នានា បាន​ជួបជុំ​គ្នា​បង្ហាញ​ គោល​ជំហរ​របស់​ខ្លួន​ ថា នឹង​ទាមទារ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ រក​យុត្តិធម៌​ដល់​ពល រដ្ឋ​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ ព្រឹត្តិការណ៍​ហិង្សា​ នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជា​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​មក​ពី​សាកលវិទ្យាល័យ​មួយ​ចំនួន ធ្វើ​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៣ នា​រាជធានី​ភ្នំពេញ។

យុវជន​ខ្មែរ​មួយ​ក្រុម គ្រោង​ហែ​ក្បួន​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០​នាក់​ពី​រមណីយដ្ឋាន​វត្ត​ភ្នំ យក​ញត្តិ​ស្នាម​មេដៃ​ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​ពលរដ្ឋ​ម្នាក់ និង​អ្នក​របួស ១​ចំនួន​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ច្បារអំពៅ នៅ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម។

នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​ទី​ ១៤ ខែ​តុលា យុវជន ហេង សំណាង បាន​ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ពួកគេ​បាន​ដាក់​លិខិត​ជូន​ដំណឹង​រៀបចំ​ពិធី​សម្ដែង​មតិ​នៅ​រមណីយដ្ឋាន​វត្ត​ ភ្នំ ហើយ​ហែ​ញត្តិ​ទៅ​សាលា​ដំបូង ប៉ុន្តែ​មន្ត្រី​ពី​សាលា​រាជធានី​អះអាង​ថា ពួកគេ​មាន​កំហុស​ផ្នែក​រដ្ឋបាល មិន​អាច​ទទួល​យក​លិខិត​ទាំង​នោះ​បាន។

យុវជន​ដដែល​បាន​បន្ត​ថា ទោះ​ជា​យ៉ាង​ណា​ពួកគាត់​នៅ​តែ​ធ្វើ​ពិធី​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ម្នាក់​ដែល​បាន​ស្លាប់ និង​ជាង ២០​នាក់​ទៀត​រង​របួស ក្នុង​ព្រឹត្តិការណ៍​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ច្បារអំពៅ នៅ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

នាយក​ទីចាត់ការ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​បដិសេធ​ថា សាលា​រាជធានី​នៅ​ពុំ​ទាន់​បាន​ឃើញ​ការ​ស្នើសុំ​ហែ​ក្បួន​របស់​ក្រុម​យុវជន​ នោះ​ទេ។ លោក​ថា បើ​មាន​ការ​ស្នើ​សុំ​លោក​នឹង​ពិនិត្យ​សុំ​គោលការណ៍​ពី​ថ្នាក់​ដឹកនាំ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមិន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​បន្ទាន់​មួយ​និង​ដោយ​ឥត​លំអៀង​ចំពោះ​ករណី​បាញ់​សម្លាប់ ​ប្រជាពលរដ្ឋ​ឈ្មោះ ម៉ៅ សុខចន្ទ និង​ករណី​បាញ់​ឲ្យ​របួស​ប្រជាពលរដ្ឋ​ប្រមាណ ២៤​នាក់​ទៀត ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ក្នុង​អំពើ​ហិង្សា​រវាង​អ្នក​តវ៉ា​បក្ស​ប្រឆាំង និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស និង​សមត្ថកិច្ច​ដែល​ដាក់​រនាំង​លួស​បន្លា​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ ថ្នល់​ច្បារអំពៅ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បាន​កោត​សរសើរ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​យុវជន​នេះ។ លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​បន្ត​ធ្វើ​សកម្មភាព​ដើម្បី​សង្គម​របៀប​នេះ ​បន្ត​ទៀត ដើម្បី​ដាស់​សតិ​អារម្មណ៍​ដល់​យុវជន​និង​បញ្ញវន្ត​ទូទាំង​ប្រទេស។ លោក​ថា​នេះ​ជា​ការ​សម្ដែង​សុឆន្ទៈ​របស់​យុវជន។

នៅ​ថ្ងៃ​ប៉ះទង្គិច​រវាង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស​ជាមួយ​ សមត្ថកិច្ច​ដែល​ដាក់​រនាំង​លួស​បន្លា​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ប្រជាពលរដ្ឋ ៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា។

នៅ​ថ្ងៃ​ទី​១១ ខែ​តុលា តុលាការ​បាន​ប្រកាស​ដោះលែង ៤​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​នៅ​សល់​មនុស្ស ២​នាក់​ទៀត​ដែល​មិន​ទាន់​ដោះលែង។ ទាក់ទង​ការ​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​នៅ​សល់​ពីរ​នាក់​ក្នុង​ពន្ធនាគារ​នេះ នៅ​ថ្ងៃ​ទី​១៤ តុលា មេធាវី​ការពារ​ក្ដី​របស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​ប្ដឹង​ទៅ​ឧទ្ធរណ៍​​ដើម្បី​ជំទាស់​ទៅ​នឹង​ការសម្រេច​របស់​សាលាដំបូង​ រាជធានី​នេះ៕

Share this article :

0 comments:

 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger