គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផល បណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៣។ មន្ត្រីឃ្លាំមើល ការបោះឆ្នោត រិះគន់ចំពោះប្រព័ន្ធចុះឈ្មោះ បោះឆ្នោតដែលរៀប ចំឡើងដោយ គ.ជ.ប និងស្នើសុំឲ្យមានការកែប្រែ ទើបអាចធានា ចំពោះការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត មានភាពត្រឹមត្រូវ។
ពលរដ្ឋអាយុ ១៨ឆ្នាំឡើងទៅចំនួនជាង ៦ម៉ឺន ៨ពាន់នាក់ (៦៨.៦៨២នាក់) បានទៅចុះឈ្មោះបោះឆ្នោតថ្មី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា។
លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ ចេញដោយ គ.ជ.ប នៅថ្ងៃទី១២ ខែតុលា បង្ហាញថា នៅរាជធានីខេត្តទាំង២៤ គ.ជ.ប បានកែតម្រូវឈ្មោះក្នុងបញ្ជីឆ្នោតចំនួនជាង ៦ពាន់នាក់ (៦.៣៩៤នាក់) និងបានលុបឈ្មោះក្នុងបញ្ជីឆ្នោតចំនួនជាង ២ម៉ឺន ២ពាន់នាក់ (២២.២៧៨នាក់)។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់ថា ការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ការលុបឈ្មោះ និងការកែតម្រូវឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតដែលត្រូវធ្វើឡើងជារៀង រាល់ឆ្នាំ៖ «យើងត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីនេះ គឺទី១ ដកឈ្មោះដែលត្រូវបាត់បង់សិទ្ធិក្នុងបញ្ជីឈ្មោះនៅតាមឃុំសង្កាត់ ហើយទី២ គឺកែតម្រូវ គឺដោយសារតែការកាត់ឈ្មោះ ដោយឃុំសង្កាត់សរសេរដោយដៃ អ៊ីចឹងទេ មកបញ្ចូលទិន្នន័យនេះធ្វើជាបញ្ជីឲ្យគាត់ពិនិត្យមើល ឲ្យគាត់កែតម្រូវ គាត់អត់បានកែតម្រូវរហូតដល់ពេលបោះឆ្នោត ឬពេលណាមួយដែលមកមើលបញ្ជីគាត់ដឹងឈ្មោះគាត់មិនត្រឹមត្រូវ សរសេរអក្ខរាវិរុទ្ធខុស គាត់សុំកែ គាត់កែតម្រូវរហូតមកដល់ថ្ងៃនេះ គឺបានជាង ៦ពាន់នាក់»។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប នឹងមានមនុស្សជាង ៣សែន ៣ម៉ឺននាក់ (៣៣៧.០៦៩នាក់) ត្រូវចុះឈ្មោះបោះឆ្នោតថ្មី។ ប៉ុន្តែ លោក ទេព នីថា បញ្ជាក់ថា អាចនឹងមិនមានមនុស្សគ្រប់ចំនួនមកចុះឈ្មោះដូចការរំពឹងទុកទេ ដោយសារទី១ ការចាប់អារម្មណ៍របស់ពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតនៅមាន កម្រិត និងទី២ ខេត្តមួយចំនួនត្រូវរងគ្រោះដោយសារទឹកជំនន់ ដែលធ្វើឲ្យកន្លែងចុះឈ្មោះខ្លះត្រូវបានផ្អាកដំណើរការ។
កាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៣ មានរយៈពេល ២០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា។
យ៉ាងណា លោក ទេព នីថា បញ្ជាក់ថា បញ្ហាទឹកជំនន់កំពុងធ្វើឲ្យរាំងស្ទះដល់ដំណើរការពិនិត្យ និងចុះបញ្ជីបោះឆ្នោត។ លោកបន្តថា មានឃុំសង្កាត់ប្រមាណ ២០០ ក្នុងខេត្តចំនួន១០ ត្រូវរងផលប៉ះពាល់ ហើយ គ.ជ.ប នឹងសម្រេចលើកពេលពិនិត្យ និងចុះឈ្មោះបោះឆ្នោតបន្ថែមយ៉ាងច្រើន ៣ថ្ងៃ ក្នុងមួយឃុំសង្កាត់ដែលប៉ះពាល់នោះ។ លោកក៏បានអំពាវនាវឲ្យពលរដ្ឋ ពិសេសយុវជនទាំងអស់ដែលគ្រប់អាយុបោះឆ្នោត និងអ្នកដែលមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលា ដើម្បីមានសិទ្ធិបោះឆ្នោតនៅអាណត្តិក្រោយ។
នាយកគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា យល់ឃើញថា ប្រព័ន្ធនៃការចុះឈ្មោះបោះឆ្នោត ត្រូវមានការផ្លាស់ប្ដូរ ដោយសារតែមានបញ្ហាមិនបានធានាដល់សិទ្ធិ និងភាពត្រឹមត្រូវនៃឈ្មោះអ្នកចុះឈ្មោះបោះឆ្នោត។ លោកបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត គឺសំខាន់បំផុតនៅឆ្នាំបោះឆ្នោត ដែលត្រូវយកចិត្តទុកដាក់ ហើយថា ករណីដែលចុះឈ្មោះបោះឆ្នោតឥឡូវ ហាក់មិនមានន័យអ្វីទេ ដោយសារតែដល់ឆ្នាំបោះឆ្នោត ស្រាប់តែឈ្មោះអ្នកបោះឆ្នោតប្រែជាខុស មិនអាចឲ្យពួកគាត់បោះឆ្នោតបានដដែល៖ «ប្រព័ន្ធចុះឈ្មោះបោះ ឆ្នោតបច្ចុប្បន្ន មិនអាចធានាសិទ្ធិអ្នកបោះឆ្នោតបានខុសឈ្មោះ មានការខុសទិន្នន័យ ឬការលុបឈ្មោះគេចេញអ៊ីចឹង ការប្រព័ន្ធនឹងមានបញ្ហា អ៊ីចឹងយើងកំពុងគិតថា ត្រូវឲ្យយោបល់ម៉េចធ្វើការផ្លាស់ប្ដូរប្រព័ន្ធហ្នឹងចេញ»។
បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ មានអ្នកចុះឈ្មោះជាង ៩លាន ៦សែននាក់ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។ បញ្ជីឈ្មោះនេះ បានរងការរិះគន់ពីមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង ដោយចោទថាមានភាពមិនប្រក្រតី និងបាត់ឈ្មោះប្រជាពលរដ្ឋ មានឈ្មោះស្ទួន ឬមានឈ្មោះជាតិសាសន៍ដទៃអាចមានសិទ្ធិ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាដើម៕
0 comments:
Post a Comment