យាយ​ក្រពើ សុំ​អង្វរ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌


ភ្នំពេញៈ អ្នកស្រី​ឧកញ៉ា ឈិន សុគន្ធារី​ហៅ​យាយ​ក្រពើប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ឡាយីម៉ិច ហូល​ឌីង​គ្រុប (LAYIMEX HOLDINGS GROUP) មាន​ទី​ស្នាក់​ការ​ស្ថិត​នៅ​លើ​ដី លេខ ០៤៦លប ផ្លូវ​លេខ ១៩២៨ ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ តុលា​២០១៣​នេះ បាន​ធ្វើ​ការ​សំណូម​ពរ តាម​រយៈសារព័ត៌មាន ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​បាន​អង្វរ​សើ្ន​សុំ​លោក​នាយក​រដ្ឋ​មន្រ្តី មេត្តា​កែ​សម្រួល​អនុក្រឹត្យ​លេខ ១០១ អនក្រ.បក ចុះ​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ​២០១២ ដែល​បាន​ចេញ ​ដោយ​រដ្ឋាភិបាល​អណត្តិទី​៤ ដែល​បាន​រំលោភ​ច្បាប់​ភូមិ​បាល​និង​រដ្ឋធម្មនុញ្ញ​​នៃ​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ជា​ទី​បំផុត និង បាន​ធ្វើ​ឲ្យ​រូប​លោកស្រី បាន​បាត់​បង់ដី​កម្ម​សិទ្ធិ​ចំនួន​ជាង ៣៤ ហិកតា​ដែល​មាន​តម្លៃ​ជាង ១០០ លាន​ដុល្លាអាមេរិក រហូត​ទល់​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​ក្លាយ​ខ្លួន ជា​អ្នក​ទោស ហើយ​ត្រូវ​គេ​តាម​ដេញ​ចាប់​ម្ចាស់ដាក់​គុក​ព្រាត់​ប្រាស​កូន​ចៅ​យ៉ាង​ខ្លោច​ ផ្សារ។

នៅ​ក្នុង​លិខិត​ផ្ញើរ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី​របស់​លោក​ស្រី​ឈិន សុគន្ធារី ដែល​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​ស្រីឈិន សុគន្ធារី បាន​ជម្រាប​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ថា៖ «នាង​ខ្ញុំ​ត្រូវ​រាជ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​រំលោភ​ច្បាប់​ភូមិ​បាល​និង ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​រឹប​អូស​យក​ដី​ដែល​នាង​ខ្ញុំ​ បាន​កាន់​កាប់​ដោយ​ស្រប​ច្បាប់ ព្រម​ទាំង​បាន​បង់ពន្ធ​ជូន​រដ្ឋ​រួច​ទៅហើយ យក​ទៅ​ឲ្យ​ក្រុម​ហ៊ុន​មួយ​ទៀត។ នាង​ខ្ញុំ​ធ្លាប់​បាន​ដាក់​ពាក្យ​ទៅ​អាជ្ញាធរ​ដោះ​ស្រាយ​វិវាទ​ដីធ្លី ក៏​ប៉ុន្តែ​មន្ត្រី​នៃ​អាជ្ញាធរ​​ដោះ​ស្រាយ​វិវាទ​ដីធ្លី​បាន​បដិសេធ​មិន​ ទទួល​ពាក្យ​បណ្ដឹង​របស់​នាង​ខ្ញុំ ដោយ​លើក​ហេតុ​ផល​​ថា​ដី​នេះ​រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​រួច​ហើយ។ 

ឥឡូវ​នេះ ​នាង​ខ្ញុំ​បាន​ដាក់​ពាក្យ​មក​ជូន សម្ដេច ដើម្បី សម្ដេចមេត្តា​ពិចារណា​អនុក្រឹត្យ​នេះ​ឡើង​វិញ ​ក៏​ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​មិន​ទទួល​ពាក្យ​បណ្ដឹង ហើយ​រុញ​ឲ្យ​ទៅ​អាជ្ញាធរ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​វិញ។ ការ​រុញ​ទៅ​រុញ​មក​របស់​មន្ត្រី​ទាំង​ពីរ​ស្ថាប័ន​នេះ បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​<ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ ស្ថាប័ន​រដ្ឋ ព្រម​ទាំង​រំលោភ​យ៉ាង​កំរោល​នៃ​រដ្ឋ​ធម្មនុញ្ញ​មាត្រា ៣៥៖ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​និង​ដោះ​​ស្រាយ​​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​ រដ្ឋ។ សេចក្ដី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម សម្ដេច មេត្តា​អធ្យាស្រ័យ​ដល់​នាង​ខ្ញុំ​ដែល​បាន​ជូន​លិខិត​សំណូមពរ​ខាង​ក្រោម​នេះ​ ដល់​សម្ដេច​តាម​រយៈសារពត៌មាន។ នាង​ខ្ញុំ​សង្ឃឹម​ថា សម្ដេច និង​ពិនិត្យ​ដោះ​ស្រាយ​សំណូមពរ​នេះ​ដោយ​យុត្តិធម៌ជា​ពុំ​ខាន»៕

គួរ​រម្លឹក​ថា អ្នក​ស្រី​ឧកញ៉ា ឈិន សុគុន្ឋារី អាយុ ៥៨ឆ្នាំ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​កំបាំង​​មុខ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៤ឆ្នាំ ៦ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣០ លាន​រៀលទៀត ​ពីបទ« ធ្វើ​ឲ្យ​ប៉ះ​ពាល់​​លើ​កម្មសិទ្ធិ​សាធារណៈ» នៅ​លើដី​ស្រប​ច្បាប់​របស់​គាត់​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ព្រម​ទាំង​ចេញ​ដីកា​បង្គាប់​ឲ្យ​តាមចាប់​ខ្លួន​ទៀត​ផង​កាល​ពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១២៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍

Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger