ស្ថាន​ភាព​រស់នៅ​របស់​ពលរដ្ឋ​​រងគ្រោះ​ដោយ​ទឹក​ជំនន់​​នៅ​ខេត្ត​កំពង់ចាម


ទោះ​បីជា​ស្ថាន​ភាព​ទឹក​ជំនន់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ មាន​ការ​ស្រកថយ​ចុះ​​ជា​បណ្តើរៗក្ដី ​​ប៉ុន្តែ​ប្រជាជន​មួយ​ចំនួន​​មិន​ទាន់​អាច​វិលត្រឡប់​ចូល​ផ្ទះ​របស់​ខ្លួន​ បាន​នោះ​ទេ។ ពួក​គាត់​ត្រូវបន្ត​រស់នៅ​លើ​ទី​ទួលសុវត្ថិភាព​ជាបណ្តោះ​អាសន្ន​ដដែល​។ ប្រជាពលរដ្ឋ​ជា​ច្រើ​ន​បាន​រៀប​រាប់​ពីស្ថាន​ភាព​លំបាក​ក្នុង​ការ​រស់នៅ​ ដោយ​ពួកគាត់​ត្រូវ​ជួប​ប្រទះ​នឹងកា​រ​ខ្វះ​ខាត​ស្បៀង​អាហារ​ និង​មាន​ជំងឺ​ជាច្រើន​។ ​
ស្ថាន​ភាព​រស់នៅ​របស់​ពលរដ្ឋ​​រងគ្រោះ​ដោយ​ទឹក​ជំនន់​ នៅភូមិ​ព្រែក​តូច ឃុំ​ទន្លេបិទ ស្រុក​ត្បួងឃ្មុំ ​ខេត្ត​កំពង់ចាម ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៣។

ទឹក​នៅតាម​ដង​ទន្លេ​មេគង្គកាន់​តែ​ស្រក​ ប្រជាពលរដ្ឋ​​មួយចំនួន​ធំ​បាន​វិល​​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគាត់​ជាបណ្តើរៗ។ ប្រជាពលរដ្ឋ​ផ្សេងទៀត​នៅខេត្ត​កំពង់ចាម បន្ត​រស់នៅលើ​ទីទួល​សុវត្ថិភាព ​ដោយ​ផ្ទះ​របស់​ពួកគាត់​ទឹក​មិន​ទាន់​ស្រក​ផុត។

ប្រជាពលរដ្ឋ​រស់នៅភូមិ​ព្រែក​តូច ឃុំ​ទន្លេបិទ ស្រុក​ត្បួងឃ្មុំ អ្នក​ស្រី ស្លេះ​ អាយសះ ជាជន​ជាតិ​ខ្មែរ-​ឥស្លាម​ ​មាន​ប្រសាសន៍​ថា អ្នក​ស្រី​មិនទាន់​អាច​រើ​ឥវ៉ាន់​ពី​ទួល​សុវត្ថិភាព​ទៅនៅ​ផ្ទះ​របស់​ខ្លួន​ បាន​នោះទេ ពីព្រោះ​ទឹក​មិន​ទាន់​ស្រក​ផុត ដូចនេះ​អ្នក​ស្រី និងក្រុម​គ្រួសារ​​ត្រូវ​បន្ត​នៅ​លើ​ទីទួល​បន្តទៀត។ អ្នក​ស្រី​បន្តថា តាំ​ង​ពីមក​រស់នៅ​លើ​ទីទួល​មក​ អ្នក​ស្រីមិន​អាច​ទៅ​រក​ស៊ី ឬទៅស៊ីឈ្នួល​គេ​បាន​នោះទេ។

អ្នក​ស្រី​បន្ថែម​ថា គាត់​ជួបការ​​លំបាកជាច្រើន​ ហើយ​ថែម​ទាំង​មាន​ជំងឺ​ទៀត​ផង​ ពីព្រោះ​អាកាស​ធាតុ​មិន​សូវ​ល្អ ដោយ​សារ​ចំហាយ​កម្ដៅ​​ពីតង់ខាងលើ​៖​ «ខ្ញុំអត់​ដឹង​ដែរ​មូល​ហេតុ​ ប៉ុន្តែ​ពេល​វាក្តៅ​ៗមក​តែម្ដង។​ នៅ​អ៊ីចឹង​វាក្តៅ ទាំងចាស់​ទាំង​ក្មេង​ ឈឺទាំងអស់​។ ...អត់ទេ! អត់មាន​រក​អីទេហ្នឹង​»។
អ្នក​ស្រី ស្លេះ​ អាយសះ ​ឱ្យដឹង​ដែរ​ថា កន្លង​មក​មាន​ខាង​អាជ្ញាធរខេត្ត និងអង្គការ​​បាន​ចុះ​មក​ចែក​ជូន​នូវ​អំណោច​មួយចំនួន​ដល់ពួកគាត់ ដើម្បីបំពេញ​សេចក្តីខ្វះ​ខាត​បាន​មួយចំណែក​។

ចំណែក​ឯប្រជាពលរដ្ឋ​រស់នៅភូមិ​ដដែលនោះ លោក ទិន អីទ្រេស ក៏បាន​បង្ហាញ​ពីការ​លំបាក​ក្នុង​ការ​រស់នៅ​ ពីព្រោះ​លោក​កំពុង​តែ​មាន​ជំងឺ​ផ្តាយសាយ​ធំ​ ហើយ​ពិបាក​មួយទៀត​ ដោយ​សារ​លោក​មាន​​ចិញ្ចឹម​សត្វ​ ដូចនេះ​ពិបាក​រក​ចំណីឱ្យ​ពួកវាស៊ី៖  «ពិបាក ​នឹងកន្លែង ​ពិបាក​នឹង​ការ​ហូប​ចុក​ហ្នឹង​ហើយ។  រឿង​អ្វីផ្សេងទៀត​ដូច​មិន​មាន​ការ​លំបាក​ ប៉ុន្តែ​ពិបាក​នឹង​ការ​ហូបចុក ថ្នាំពេទ្យអីហ្នឹង»។

ចំណែក​ឯ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទន្លេបិទ​លើ​ អ្នក​ស្រី ហួន ចន្ថា ដែល​ទើ​ប​តែ​រើ​ពីទីទួល​សុវត្ថិភាព​ទៅស្នាក់​នៅ​ផ្ទះរបស់​ខ្លួន​វិញ​​បាន​ ចំនួន ២​ថ្ងៃ បាន​ឱ្យដឹង​ថា​ ស្ថាន​ភាព​រស់នៅ​របស់​អ្នក​ស្រី​និង​គ្រួសារ​នៅ​តែជួបការ​លំបាក ដោយ​សារ​ផ្លូវ និង​បរិវេណ​ផ្ទះរបស់​អ្នក​ស្រី​ ទឹក​មិន​ទាន់​ស្រ​ក​ផុត​ ហើយ​កូន​អ្នក​ស្រី​ចំនួន បីនាក់​សុទ្ធតែ​ឈឺទាំងអស់៖ «មក​​ថ្នល់​វាគោកហើយ​​ លែងពិបាក​ជញ្ជូន​មក​ពូអើយ! ឥឡូវមក​នៅនឹង​ផ្ទះ​ពិបាក​រស់នៅ នៅនឹង​ភក់​ ឥឡូវពិបាក​មែន​ទែន។  ឥឡូវ ផ្តាស់សាយ​ផង​ ឈឺភ្នែក​ហ្នឹង​ផង​​»។

ឆ្លើយតប​នឹង​ការ​ត្អូញ​ត្អែ​របស់​ប្រជាពលរដ្ឋ​ខាងលើ ​អភិបាល​រង​ស្រុក​ត្បូង​ឃ្មុំ លោក រ៉ាន សុភា ​មាន​ប្រសាសន៍​ថា​ ស្ថាន​ភាព​របស់​ប្រជាពលរដ្ឋ​​ដែល​បាន​ជម្លៀស​ដោយ​ទឹក​ជំនន់​នា​ពេល​កន្លងទៅ​ អាជ្ញាធរស្រុក​តែ​ងតែ​យក​ចិត្តទុក​ដាក់​ជានិច្ច  ពិសេស​ពាក់ព័​ន្ធ​អនាម័យ  និងសុខ​ភាព​។ លោក​បន្ត​ថា​ ពេលនេះ​មាន​ប្រជាពលរដ្ឋ​​មួយចំនួន​ធំ​បាន​វិល​ត្រឡប់ទៅ​លំនៅ​ឋាន​របស់​ពួក​ គាត់​វិញហើយ។

ចំពោះ​បញ្ហា​អនាម័យ​ និង​សុខភាព​នេះដែរ ​ប្រធាន​មន្ទីរសុខាភិបាល​ស្រុក​ត្បូងឃ្មុំ លោក សាយ ហេង ​មាន​ប្រសាសន៍ថា ​​ខាង​មន្ទីរសុខាភិបាល​តែង​តែ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់អាច​វិល​ត្រឡប់​ទៅលំនៅឋាន​ទាំង​នោះ​ជាប្រចាំ៖  «នៅខាង​ស្រុក​របស់ខ្ញុំ​នៅខាង​ទីទួលសុវត្ថិភាព ​ប្រជាពលរដ្ឋ​គាត់​ត្រឡប់​ទៅផ្ទះវិញ​ភាគ​ច្រើន​ហើយ​ នៅសល់​តិ​ច​តួច​ទេ​ហ្នឹង​ហើយ! សល់​តិចតួច​ទេ ហើយ​បុគ្គលិក​យើង​បាន​ទៅជួប​គាត់​មើល​មួយថ្ងៃ​ ២​​ដង​កន្លែង​ទួល​ហ្នឹង​។ ​មាន​បញ្ហា​អី​ គាត់​រាយការណ៍​មក ​យើង​នឹង​ចុះ​ធ្វើ​អន្តរាគមន៍​»។

លោក​បន្តថា ចំពោះ​ប្រជាពលរដ្ឋ​ ដែល​បាន​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ ​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទាក់ទង​នឹង​អនាម័យ ហើយ​ត្រូវ​ពិសារទឹក​ឆ្អិន​ជាប្រចាំ ពិសេស​ត្រូវ​មាន​ការ​ការ​ពារ​ពីមូស​ផ្សេងៗ ព្រោះ​ទឹក​ស្រក​មិន​ទាន់​ដាច់​អាច​មាន​មូស​ច្រើន​។

ការយកចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​នាពេល​ទឹក​ស្រក​នេះ អភិបាល​ខេត្ត​កំពង់ចាម​ លោក លន់ លឹមថៃ ក៏​ធ្លាប់មាន​ប្រសាសន៍​ដែរថា​ អាជ្ញាធរ​ខេត្ត​នឹង​តាម​ដាន​មើល​ពីស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បន្តទៀត ​ ដើម្បី​បង្ក​​ភាព​ងាយ​ស្រួល​ដល់​ពួកគាត់​ក្នុង​ការ​រស់​នៅ​៕

ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
Share this article :

0 comments:

 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger