លោក កឹម សុខា ស្នើ​ឲ្យ​មេដឹកនាំ​ខ្មែរ​ យក​គំរូ​តា ម​ព្រះ​មហា​វីរក្សត្រ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និមន្ត​ព្រះសង្ឃ​ចំនួន ៩០​អង្គ ដើម្បី​សូត្រ​មន្ត​បង្សុកូល​គោរព​ឧទ្ទិស​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ គម្រប់​ខួប ១​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​​​ព្រះអង្គ។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អុជ​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតនកោដ្ឋ នៅ​ក្នុង​ពិធី​បង្សុកូល​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៣។

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ពិធី​បង្សុកូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​តុលា ស្នើ​សុំ​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស និង​អ្នក​នយោបាយ​ខ្មែរ​គ្រប់ៗ​រូប គួរ​យក​គំរូ​វិជ្ជមាន​ដើម្បី​ដឹកនាំ​ប្រទេស​តាម​អតីត​ព្រះមហាក្សត្រ។

បន្ទាប់​ពី​កោត​សរសើរ​​ស្នាព្រះហស្ត និង​ភាព​ឆ្លាតវៃ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ លោក កឹម សុខា ក៏​បាន​អះ​អាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​យក​ចំណុច​វិជ្ជមាន​ដឹក​នាំ​​​ប្រទេស​តាម​លំនាំ​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ យក​មក​អនុវត្ត។

លោក កឹម សុខា មាន​ជំនឿ​ថា បើ​សិន​ជា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ​​នោះ នោះ​នយោបាយ​ជាប់​គាំង​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ ព្រះអង្គ​នឹង​អាច​ផ្សះផ្សា​ជាតិ​រវាង​អ្នក​នយោបាយ​ខ្មែរ និង​អាច​ជួយ​ស្វែង​រក​យុត្តិធម៌​​ជូន​ម្ចាស់​ឆ្នោត​ដោយ​សន្តិវិធី៖ «យើង​ ចង់​ទទួល​បាន​នូវ​ការ​រៀន​សូត្រ​ពី​ព្រះអង្គ​ដែល​ផ្ដើម​ចេញ​ពី​ឯកភាព​ជាតិ ហើយ​យើង​ចង់​បាន​អ្នក​ដឹកនាំ​ដទៃ​ទៀត រួម​ទាំង​ព្រះមហាក្សត្រ​ដទៃ​ទៀត​ដែរ ធ្វើ​យ៉ាង​ណា​យក​ឱវាទ​តាម​ព្រះអង្គ គឺ​ឯកភាព​ជាតិ ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ»

​ក្រៅ​ពី​ធ្វើ​ពិធី​បង្សុកូល នៅ​ទីស្នាក់ការ​បង្សុកូល​ក្នុង​ខណ្ឌ​ទួលគោក នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​តុលា នៅ​ម៉ោង ២​រសៀល​ដដែល ទាំង​លោក កឹម សុខា និង​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ អាណត្តិ​ទី​៥ ផ្សេង​ទៀត ក៏​មាន​គម្រោង​ទៅ​អុជ​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ដល់​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​​​​កោដ្ឋ ​នា​សួន​ច្បារ​​ខាង​កើត​វិមាន​​ឯករាជ្យ​ថែម​ទៀត ប៉ុន្តែ​ត្រូវ​ខក​ខាន​ដោយសារ​តែ​សមត្ថកិច្ច​មិន​អនុញ្ញាត។

រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា បាន​​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ដោយ​ចំណាយ​ទឹក​ប្រាក់​សាងសង់​ចំនួន​ជាង ១.២​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ពិធី​នោះ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូល​រួម​ឡើយ។

នៅ​ក្នុង​ឱកាស​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើង​​ថ្លែង​ជា​សាធារណៈ នឹង​បន្ត​​រក្សា​ការពារ​របប​រាជានិយម ការពារ​រាជបល្ល័ង្គ និង​ការពារ​ព្រះមហាក្សត្រ។ ជាង​នេះ ប្រមុខ​ដឹកនាំ​បាន​ថ្លែង​រម្លឹក​ពី​ព្រះរាជ​បណ្តាំ​ចុង​ក្រោយ​របស់​សម្ដេច នរោត្តម សីហនុ ​ពី​នយោ​បាយ​​បង្រួប​បង្រួម​ និង​ផ្សះផ្សា​ជាតិ​ខ្មែរ​ ហើយ​ក៏​បាន​​ថ្លែង​ពី​គុណូបការៈ​​សម្ដេច​ឪ​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ។

​ក្ដៅ​ពី​នេះ លោក ហ៊ុន សែន ​ក៏​បាន​​ផ្ដាំ​ផ្ញើ​ដល់​អ្នក​បន្ត​វេន​ដែល​ត្រូវ​ដឹក​នាំ​រាជ​រដ្ឋាភិបាល​​ កម្ពុជា ជំនាន់​ក្រោយៗ ឲ្យ​ចង​ចាំ​នូវ​គុណូបការៈ​របស់​ព្រះ​រាជបិតា​ជាតិ​ខ្មែរ និង​បាន​ប្រកាស​ឲ្យ​រក្សា​ទុក​ថ្ងៃ​ទី​១៥ ខែ​តុលា ជា​រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​សម្រាប់​បង្កើត​​ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ព្រះ​ វិញ្ញាណក្ខន្ធ​ព្រះអង្គ។

លោក ហ៊ុន សែន៖ «ព្រះបិតា​ជាតិ​របស់​យើង​មិន​មែន​ត្រឹម​តែ​នៅ​ក្នុង​ ដំណាក់កាល​នេះ​ទេ លោក​ថា ផឹក​ទឹក​ត្រូវ​នឹក​ដល់​ប្រភព​ទឹក ទទួល​ផ្លែ​ឈើ​ត្រូវ​នឹក​ដល់​អ្នក​ដាំ​ដើម។ ព្រះបិតា​ជាតិ​របស់​យើង គឺ​ជា​ព្រះបិតា​ជាតិ​ជា​រៀង​រហូត»

​​ព្រះ​បរម​រូប​ព្រះ​បរម​រតនកោដ្ឋ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​កសាង​​ពី​ស្ពាន់​មួយ​ជំហរ មាន​កម្ពស់ ៤.៥​ម៉ែត្រ ​ក្នុង​​សម្លៀក​បំពាក់​ខោ​អាវ​ធំ អោប​ដៃ​សំយុង​មក​មុខ បែរ​ព្រះភ័ក្ត្រ​ទៅ​ទិស​ខាង​កើត និង​បាន​តម្កល់​​លើ​ទម្រ​មាន​កម្ពស់ ២.៧​ម៉ែត្រ។ វិមាន​ព្រះ​បរម​រូប​នេះ បាន​សាងសង់​​​លើ​ខឿន​រាង​ចតុកោណ​កែង មាន​​បណ្តោយ ៥៤​ម៉ែត្រ និង​​ទទឹង ២៧​ម៉ែត្រ​​ និង​មាន​ទីតាំង​​​នៅ​លើ​សួន​ច្បារ​ខាង​កើត​វិមាន​ឯករាជ្យ ក្នុង​រាជ​ធានី​ភ្នំពេញ។

​​ការ​ស្ថាបនា​នេះ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី ព្រះវររាជមាតា នរត្តម មុនីនាថ សីហនុ បាន​ចេញ​ព្រះរាជសារ ចុះ​ថ្ងៃ​ទី​១១ ខែ​តុលា ថ្លែង​អំណរគុណ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​កសាង​​វិមាន​ព្រះ​បរម​រូប ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ដ៏​ស្កឹមស្កៃ និង​ល្អ​ប្រណិត៕

Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger