ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​ជាង​១​ពាន់​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព


អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ បាន​ជម្លៀស​ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ ភ្លាមៗ កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៣។ អ្នក​ភូមិ​ទាំង​នោះ​បាន​នាំ​គ្នា​រុះរើ​សម្ភារៈ​ ចេញ​ពី​លំនៅឋាន​ បន្ទាប់​ពី​ទំនប់​នៃ​អាង​ត្រពាំងថ្ម មាន​ស្នាម​ប្រេះ​ស្រុត​ដី​ រក​កល​ចង់​បាក់​ធ្លាយ​ទឹក ដោយសារ​កម្ពស់​ទឹក​នៅ​ក្នុង​នោះ​មាន​​បរិមាណ​ច្រើន​ ​និង​មាន​ទឹក​រលក​បោកបក់​ធំៗ។

លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​រង​ការ​លិច​លង់​ដោយសារ​ទឹក​ជំនន់​មក​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៣។

ស្ថានភាព​គ្រោះ​ថ្នាក់​ដោយសារ​ទឹក​ជំនន់​នៅ​ក្នុង​អាង​ត្រពាំង​ថ្ម ​ឋិត​នៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​ ដែល​បាន​គំរាម​កំហែង​លំនៅឋាន​អ្នក​ស្រុក​ជា​ច្រើន​ពាន់​គ្រួសារ​ ឲ្យ​រុះរើ​ទ្រព្យ​សម្បត្តិ​ចាក​ចេញ​ពី​ផ្ទះ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​ បណ្ដោះអាសន្ន​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៣ នោះ ឥឡូវ​នេះ​មាន​ស្ថានភាព​ធូរ​ស្រាល​ឡើង​វិញ។

មេ​ឃុំ​ប៉ោយចារ លោក ប៉េង ប៊ុនថារ៉ា បញ្ជាក់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ថា ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ ឋិត​ក្នុង​ឃុំ​ប៉ោយចារ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ប្រកាស​អាសន្ន​ឲ្យ​ពួកគាត់​ជម្លៀស​ចេញ​ពី​ លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ទាំង​យប់​ បន្ទាប់​ពី​លំនៅឋាន​របស់​ពួកគេ​រង​ការ​គំរាមកំហែង​ដោយសារ​ទឹក​នៅ​ក្នុង​អាង​ ត្រពាំងថ្ម។

លោក ប៉េង ប៊ុនថារ៉ា៖ «ពេល​ចេញ​ហ្នឹង​មាន ៤​ភូមិ​ គឺ​ភូមិ​ប៉ោយតាអុង ភូមិ​ត្រពាំងថ្មជើង ភូមិ​ត្រពាំងថ្មកណ្ដាល និង​ភូមិ​ត្រពាំងថ្មត្បូង ទាំង​អស់​ជាង ១​ពាន់​គ្រួសារ​ ប៉ុន្តែ​ខ្លះ​នៅ​ឆ្ងាយ​ពី​ទឹក​គាត់​គិត​ថា មិន​ទាន់​ចេញ​ ដោយ​គិត​ថា លំនៅឋាន​របស់​គាត់​រឹង​ម៉ាំ​ គាត់​នៅ​ចាំ​មើល​អ្នក​នៅ​ចំ​មុខ​ទឹក​ កន្លែង​រក​បាក់​ហ្នឹង​ត្រូវ​ចេញ​មក​ទាំង​អស់»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ទំនប់​អាង​នៅ​ខាង​កើត​ និង​ឋិត​នៅ​ផ្នែក​ខាង​ជើង​ស្ពាន​ទី​១ ​នៃ​អាង​ត្រពាំងថ្ម មាន​ស្នាម​ប្រេះ និង​ស្រុត​ដី​រក​លក​ចង់​បាក់​ ទើប​បណ្ដាល​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ប្រកាស​អាសន្ន​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី ​លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន។ ទន្ទឹម​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ជំនាញ​ក្រសួង​ធនធាន​ទឹក​ និង​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​រយ​នាក់​ បាន​ចាត់​វិធាន​ការ​ទប់​ស្កាត់​ជា​បន្ទាន់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​តុលា​ ដើម្បី​ការពារ​ ទំនប់​អាង​ត្រពាំងថ្ម កុំ​ឲ្យ​បាក់​ធ្លាយ។

ក្រុម​ការងារ​ចម្រុះ​បាន​យក​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​ ជីក​ដី​ទប់​ទំនប់​ អ្នក​ខ្លះ​ទៀត​រួម​គ្នា​ចុះ​ដោត​ឈើ​នៅ​ក្រោម​ផ្នែក​ក្រោម​ជើង​ទំនប់​ និង​ខ្លះ​យក​ដី​ច្រក​បាវ លើក​យក​ទៅ​ទប់​ទំនប់​នៅ​កន្លែង​ដែល​មាន​ស្នាម​ប្រេះ​ស្រាំ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក ទ្រី ណារិន គូស​បញ្ជាក់​ថា ស្ថានភាព​គំរាម​កំហែង​រក​លក​ចង់​បាក់​ទំនប់​អាង​ត្រពាំងថ្ម នោះ​ ឥឡូវ​នេះ​មាន​ស្ថានភាព​ធូរ​ស្រាល​ឡើង​វិញ​ហើយ។ ក្រុម​ការងារ​ត្រូវ​បាន​បញ្ជូន​ទៅ​​ប្រចាំការ​នៅ​ទី​នោះ​ ហើយ​បាន​ចាត់​វិធានការ​ទប់​ស្កាត់​ទាន់​ពេល​វេលា។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ទំនប់​អាង​ត្រពាំងថ្ម មាន​ស្នាម​​ប្រេះ​និង​ស្រុត​ដី​នោះ​ គឺ​បណ្ដាល​មក​ពី​ទំនប់​នោះ​មាន​រន្ធ​នាគ ហើយ​មាន​ទឹក​ហូរ​ច្រោះ៖ «មាន​ ការ​ប្រេះ​មែន ដោយសារ​តែ​មាន​រន្ធ​នាគ​មួយ ប៉ុន្តែ​ឥឡូវ​នេះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លឹម គៀនហោ បាន​បញ្ជា​ឲ្យ​ធ្វើ​ហើយ​តាំង​ពី​ម្សិលមិញ ទល់​យប់ ឥឡូវ​នេះ​អត់​មាន​បញ្ហា​អ្វី​ទេ យើង​ទប់​បាន យើង​អត់​ធ្វើ​ឲ្យ​បងប្អូន​គាត់​ផ្អើល​ទេ បើ​ទប់​មិន​បាន​យើង​ធ្វើ ប៉ុន្តែ​កម្លាំង​យើង​ត្រៀម​អស់​ហើយ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ។ យប់​មិញ​នេះ​កម្លាំង​ត្រៀម​ទាំង​យប់​ មក​ដល់​ម៉ោង​នេះ​រន្ធ​នាគ​ត្រូវ​បាន​យើង​បិទ​ទាំង​ស្រុង​អត់​មាន​បញ្ហា​អី​ ទេ»

លោក​បន្ត​ថា កង​ទ័ព​ចំនួន ៤០០​នាក់​ បាន​ដាក់​ត្រៀម​ការពារ​សន្តិសុខ​នៅ​ផ្នែក​ខាង​លើ​ខ្នង​ទំនប់​អាង​ត្រពាំងថ្ម និង​បាន​យក​គ្រឿង​ចក្រ​ទំនើបៗ​ជា​ច្រើន​គ្រឿង​ទៅ​ធ្វើ​សកម្មភាព​កាយ​ដី​ទប់​ ទំនប់​ពេញ​មួយ​យប់​ទល់​ភ្លឺ។

អាងត្រពាំងថ្ម មាន​ប្រវែង​បណ្ដោយ ១៥​គីឡូម៉ែត្រ និង​ទទឹង ១១​គីឡូម៉ែត្រ​ ដែល​អាច​ផ្ទុក​ទឹក​បាន​ចំនួន ២០០​លាន​ម៉ែត្រ​គូប ប៉ុន្តែ​ជំនន់​ទឹក​ភ្លៀង​ដែល​ហូរ​មក​ពី​ខេត្ត​ឧត្តរមានជ័យ និង​ប្រទេស​ថៃ បណ្ដាល​ឲ្យ​មាន​កម្ពស់​​កើត​ឡើង​ជា​បន្តបន្ទាប់។

មេឃុំ​ប៉ោយចារ លោក ប៉េង ប៊ុនថារ៉ា បញ្ជាក់​ថា វិសាលភាព​ទឹក​នៅ​ក្នុង​អាង​ត្រពាំងថ្ម មាន​បរិមាណ​ច្រើន​និង​មាន​កម្រិត​ខ្ពស់។ លោក​ថា បើ​មាន​ការ​បាក់​ធ្លាយ​ទំនប់​​អាង​មែន​នោះ​ លំនៅឋាន​ ប្រជាពលរដ្ឋ​នឹង​ត្រូវ​ដួល​រលំ​ខូច​ខាង​ទាំង​ស្រុង៖ «បើ​សិន​ជា​បាក់​ចំ​ ចំណុច​យើង​នេះ ផ្ទះ​ប្រជាពលរដ្ឋ​មិន​អាច​គ្រប់គ្រង​បាន​ទេ វា​អាច​ដួល​រលំ ១០០% ព្រោះ​ទំហំ​ទឹក​អាង​វា​ខ្ពស់​ ចំណុះ​ទឹក ​២០០​លាន​ម៉ែត្រ​គូប ប៉ុន្តែ​ឥឡូវ​នេះ​វា​មាន​ហួស​ពី​ការ​កំណត់​របស់​យើង​ទៀត​ បើ​សិន​យើង​មិន​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទេ អាច​មាន​គ្រោះ​ថ្នាក់ យើង​គួរ​ឲ្យ​គាត់​ចេញ​បណ្ដោះអាសន្ន​ទៅ​ការ​ទប់​ស្កាត់​​យើង​នាំ​គ្នា​ទប់»

នៅ​ខេត្ត​បន្ទាយមានជ័យ​ បាន​ទទួល​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​លិច​គ្រប់​ស្រុក​ក្រុង​ទាំងអស់​នៅ​ ទូទាំង​ខេត្ត។ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ លំនៅឋាន​ សាលារៀន វត្ត​អារាម​ ផល​ដំណាំ​ស្រូវ ត្រូវ​បាន​ទឹក​ជន់​លិច។ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក ទ្រី ណារិន បញ្ជាក់​ថា បច្ចុប្បន្ន​ ថ្វី​ត្បិត​ស្ថានភាព​ជំនន់​ដោយសារ​ទឹក​ភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ស្រក​ចុះ​ទៅ​វិញ​ ជា​បណ្ដើរ​ក៏ដោយ ប៉ុន្តែ​ខាង​ អាជ្ញាធរ​ខេត្ត​នៅ​ពុំ​ទាន់​អាច​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ និង​ការ​ខូច​ខាត​ដោយសារ​ទឹក​ជំនន់​​នោះ​បាន​ឡើយ។

លោក ទ្រី ណារិន៖ «ផល​ប៉ះពាល់​យើង​គិត​ពី​ចំនួន​បាន ប៉ុន្តែ​ការ​ខូច​ខាត​ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ប្រជុំ​ជាមួយ​ជំនាញ​ទាំង​អស់ ព្រោះ​នៅ​ថ្ងៃ​ទី​១៧ បាន​ទឹក​ស្រក​ទៅ។ ពាក់ព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ហើយ​និង​ដំណាំ ជា​ពិសេស​ដំណាំ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ ផ្ទៃ​ដី​ស្រែ​សាប​បាន ២០​ម៉ឺន​ហិកតារ​ គឺ​លិច​ទាំង​ស្រុង​ ប៉ះពាល់​ប៉ុណ្ណឹង ប៉ុន្តែ​ការ​ប៉ាន់​ស្មាន​ប្រហែល ៥​ពាន់​ហិកតារ​ ប៉ុន្តែ​អត់​ទាន់​ច្បាស់​ទេ»
ក្រៅ​ពី​ការ​ជន់​លិច​ដំណាំ​ស្រូវ​ ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ​នេះ បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់។ មូល​ហេតុ​នៃ​ការ​ស្លាប់​នោះ​ គឺ​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស ​និង​ករណី​ប្រជាពលរដ្ឋ​​​ចុះ​ទៅ​រាយ​មង​ជា​ដើម។

លោក ទ្រី​ ណារិន បញ្ជាក់​ថា បញ្ហា​ចំពោះ​មុខ​នៅ​ពេល​ទឹក​កំពុង​ស្រក​ចុះ​ទៅ​វិញ​នេះ អាជ្ញាធរ​ខេត្ត​ ត្រូវ​គិត​ពី​បញ្ហា​ស្រូវ​ពូជ​ផ្ដល់​ឲ្យ​កសិករ ​និង​ការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ទាំង​អស់​នៅ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​រង​ការ​ខូច​ខាត​ដោយសារ​ទឹក​ជំនន់៕


Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger