មេដឹកនាំគណបក្សសង្គ្រោះជាតិ បាននិមន្តព្រះសង្ឃចំនួន ៩០អង្គ ដើម្បីសូត្រមន្តបង្សុកូលគោរពឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១ឆ្នាំនៃការសោយទិវង្គតរបស់ព្រះអង្គ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អុជធូបគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅក្នុងពិធីបង្សុកូលថ្ងៃទី១៤ តុលា ឆ្នាំ២០១៣។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានយកពិធីបង្សុកូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែតុលា ស្នើសុំដល់ថ្នាក់ដឹកនាំប្រទេស និងអ្នកនយោបាយខ្មែរគ្រប់ៗរូប គួរយកគំរូវិជ្ជមានដើម្បីដឹកនាំប្រទេសតាមអតីតព្រះមហាក្សត្រ។
បន្ទាប់ពីកោតសរសើរស្នាព្រះហស្ត និងភាពឆ្លាតវៃរបស់សម្តេចព្រះ នរោត្តម សីហនុ លោក កឹម សុខា ក៏បានអះអាងថា គណបក្សសង្គ្រោះជាតិ នឹងលើកយកចំណុចវិជ្ជមានដឹកនាំប្រទេសតាមលំនាំរបស់សម្ដេចព្រះ នរោត្តម សីហនុ យកមកអនុវត្ត។
លោក កឹម សុខា មានជំនឿថា បើសិនជាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គនៅមានព្រះជន្មនៅឡើយនោះ នោះនយោបាយជាប់គាំងរបស់រដ្ឋាភិបាលអាណត្តិទី៥នេះ ព្រះអង្គនឹងអាចផ្សះផ្សាជាតិរវាងអ្នកនយោបាយខ្មែរ និងអាចជួយស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតដោយសន្តិវិធី៖ «យើង ចង់ទទួលបាននូវការរៀនសូត្រពីព្រះអង្គដែលផ្ដើមចេញពីឯកភាពជាតិ ហើយយើងចង់បានអ្នកដឹកនាំដទៃទៀត រួមទាំងព្រះមហាក្សត្រដទៃទៀតដែរ ធ្វើយ៉ាងណាយកឱវាទតាមព្រះអង្គ គឺឯកភាពជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ»។
ក្រៅពីធ្វើពិធីបង្សុកូល នៅទីស្នាក់ការបង្សុកូលក្នុងខណ្ឌទួលគោក នៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែតុលា នៅម៉ោង ២រសៀលដដែល ទាំងលោក កឹម សុខា និងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្របក្សសង្គ្រោះជាតិ អាណត្តិទី៥ ផ្សេងទៀត ក៏មានគម្រោងទៅអុជធូបគោរពព្រះវិញ្ញាណក្ខន្ធដល់វិមានព្រះបរមរូប ព្រះបរមរតនកោដ្ឋ នាសួនច្បារខាងកើតវិមានឯករាជ្យថែមទៀត ប៉ុន្តែត្រូវខកខានដោយសារតែសមត្ថកិច្ចមិនអនុញ្ញាត។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ ទី១១ ខែតុលា បានសម្ពោធជាផ្លូវការនៃវិមានព្រះបរមរូប ព្រះបរមរតនកោដ្ឋ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ដោយចំណាយទឹកប្រាក់សាងសង់ចំនួនជាង ១.២លានដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងពិធីនោះ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ មិនបានចូលរួមឡើយ។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានឡើងថ្លែងជាសាធារណៈ នឹងបន្តរក្សាការពាររបបរាជានិយម ការពាររាជបល្ល័ង្គ និងការពារព្រះមហាក្សត្រ។ ជាងនេះ ប្រមុខដឹកនាំបានថ្លែងរម្លឹកពីព្រះរាជបណ្តាំចុងក្រោយរបស់សម្ដេច នរោត្តម សីហនុ ពីនយោបាយបង្រួបបង្រួម និងផ្សះផ្សាជាតិខ្មែរ ហើយក៏បានថ្លែងពីគុណូបការៈសម្ដេចឪក្នុងបុព្វហេតុជាតិមាតុភូមិ។
ក្ដៅពីនេះ លោក ហ៊ុន សែន ក៏បានផ្ដាំផ្ញើដល់អ្នកបន្តវេនដែលត្រូវដឹកនាំរាជរដ្ឋាភិបាល កម្ពុជា ជំនាន់ក្រោយៗ ឲ្យចងចាំនូវគុណូបការៈរបស់ព្រះរាជបិតាជាតិខ្មែរ និងបានប្រកាសឲ្យរក្សាទុកថ្ងៃទី១៥ ខែតុលា ជារៀងរាល់ឆ្នាំ ជាថ្ងៃសម្រាប់បង្កើតឱកាសដល់ប្រជាពលរដ្ឋខ្មែរគោរពព្រះ វិញ្ញាណក្ខន្ធព្រះអង្គ។
លោក ហ៊ុន សែន៖ «ព្រះបិតាជាតិរបស់យើងមិនមែនត្រឹមតែនៅក្នុង ដំណាក់កាលនេះទេ លោកថា ផឹកទឹកត្រូវនឹកដល់ប្រភពទឹក ទទួលផ្លែឈើត្រូវនឹកដល់អ្នកដាំដើម។ ព្រះបិតាជាតិរបស់យើង គឺជាព្រះបិតាជាតិជារៀងរហូត»។
ព្រះបរមរូបព្រះបរមរតនកោដ្ឋ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានកសាងពីស្ពាន់មួយជំហរ មានកម្ពស់ ៤.៥ម៉ែត្រ ក្នុងសម្លៀកបំពាក់ខោអាវធំ អោបដៃសំយុងមកមុខ បែរព្រះភ័ក្ត្រទៅទិសខាងកើត និងបានតម្កល់លើទម្រមានកម្ពស់ ២.៧ម៉ែត្រ។ វិមានព្រះបរមរូបនេះ បានសាងសង់លើខឿនរាងចតុកោណកែង មានបណ្តោយ ៥៤ម៉ែត្រ និងទទឹង ២៧ម៉ែត្រ និងមានទីតាំងនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។
ការស្ថាបនានេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរត្តម មុនីនាថ សីហនុ បានចេញព្រះរាជសារ ចុះថ្ងៃទី១១ ខែតុលា ថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលបានកសាងវិមានព្រះបរមរូប ព្រះករុណាព្រះបរមរតនកោដ្ឋ ដ៏ស្កឹមស្កៃ និងល្អប្រណិត៕
form:http://www.rfa.org
1 comments:
a4w66p9c77 m6g12v0n51 i1e95o8u70 r0k68j1y22 k7c95z9d79 d3p40x2b88
Post a Comment