ពលរដ្ឋ​២៥​គ្រួសារ​នៅ​ស្រុក​អង្គរជ័យ​ខ្វះ​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ

១០-តុលា-២០១៣៖ ផ្ទះ​ស្ត្រី សង មិត្ត និង លោក សុង ពិការ​ទាំង ២​នាក់ ក្នុង​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត។


នៅ​គ្រា​ដែល​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង និង​ទន្លេ​នានា កំពុង​ដង្ហោយ​រក​ស្បៀង​ជួយ​បន្ទាន់ ប្រជាពលរដ្ឋ​ចំនួន ២៥​គ្រួសារ រស់​នៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត ដែល​ពុំ​បាន​ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់ ក៏​កំពុង​ត្រូវ​ការ​ស្បៀង​សង្គ្រោះ​បន្ទាន់​ដែរ។ តើ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ទាំង​នោះ​ខ្វះ​ស្បៀង?

នៅ។ ពួក​គេ​ជា​គ្រួសារ​ពិការ​ទាំង ២​នាក់​ប្ដី​ប្រពន្ធ និង​មាន​កូន​ស្រី​ម្នាក់ ដែល​ទំនង​ខ្វះ​អាហារូបត្ថម្ភ។
ស្ត្រី​ពិការ​ដៃ​ស្តាំ ប្រើ​ដៃ​ឆ្វេង​ព​កូន​ស្រី ឲ្យ​ដឹង​ថា គាត់​ឈ្មោះ សង មិត្ត អាយុ ២៨​ឆ្នាំ។ គាត់​គ្មាន​ដី​កសិកម្ម​សម្រាប់​ដាំ​ដំណាំ និង​ធ្វើ​ស្រែ​ទេ។ ចំណែក​ប្ដី​ក៏​មិន​សូវ​មាន​សតិ​ល្អ​ដែរ ប៉ុន្តែ​មាន​កម្លាំង​រែក​ដី​យក​កម្រៃ​ឈ្នួល​ចិញ្ចឹម​គ្រួសារ។ ក្រុម​គ្រួសារ​គាត់​គ្មាន​លទ្ធភាព​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ភូមិ​បាន​ ទេ ទើប​គាត់​គ្មាន​ចំណូល​ក្រៅ​ពី​ដើរ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​ឲ្យ​គេ​នៅ​រដូវ​ វស្សា។ ឥឡូវ របរ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​ចប់​ហើយ គាត់​គ្មាន​ចំណូល​ឡើយ។ សព្វថ្ងៃ គាត់​ពឹង​អាស្រ័យ​លើ​អាហារ​ដែល​អ្នក​ភូមិ​ផ្តល់​អោយ៖ «គឺ​ប្ដី​ខ្ញុំ​ដើរ​រែក​ដី​តឹកៗ ដល់​រក​បាន យក​មក​អារ​ដើម​ដូង​ហ្នឹង អារ​យក​មក​ធ្វើ​ផ្ទះ​នៅ»

ស្ត្រី​ដដែល​បន្ត​ថា កូន​ស្រី​គាត់​អាយុ​ជាង ១​ឆ្នាំ ប៉ុន្តែ​បាក់​ទឹក​ដោះ​ដោយសារ​គាត់​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់។ បច្ចុប្បន្ន អ្នក​ភូមិ​ជួយ​ផ្តល់​ទឹក​ដោះ​គោ​ឲ្យ​កូន​ស្រី​នោះ​បៅ និង​ជួយ​ឲ្យ​អង្ករ​មក​ឲ្យ​ក្រុម​គ្រួសារ​គាត់​បាន​ហូប​ខ្លះ។ ស្ត្រី​នោះ​បន្ត​ថា កន្លង​មក​គាត់​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។ គាត់​សុំ​តំណាង​រាស្ត្រ​ដែល​ជាប់​ឆ្នោត ដែល​គាត់​ទាំង ២​នាក់​ប្ដី​ប្រពន្ធ​បាន​បោះ​ឆ្នោត​ឲ្យ​រាល់​ដង​នោះ ជួយ​ដោះស្រាយ​ការ​លំបាក​របស់​គ្រួសារ​ពិការ​នេះ​ផង។ សព្វថ្ងៃ ក្រុម​គ្រួសារ​គាត់​មាន​តែ​អាជ្ញាធរ​ភូមិ និង​ញាតិ​ជិត​ខាង ជួយ​ឲ្យ​គាត់​បាន​រស់​នៅ និង​ឲ្យ​ខ្ចី​ប្រាក់​ពេល​មាន​អាសន្ន​ម្តង​ម្កាល៖ «ដាំ​វា​មិន​បាន​ហូប ហើយ​អត់​បាន​ដាំ​ផង មក​ដៃ​ខ្ញុំ​វា​ពិការ ដៃ​នោះ​ធ្វើ​អី​វា​មិន​កើត»

បុរស​ពិការ​ទំនង​សរសៃ​ទាញ​ក្បាល និង​មាត់​បាន​ប្រាប់​ថា គាត់​ឈ្មោះ សុង អាយុ ៣៤​ឆ្នាំ ជា​ស្វាមី និង​ជា​ឪពុក​ទារិកា។ លោក​ថា គាត់​គ្មាន​ផ្ទះ​នៅ​សមរម្យ​ទេ ព្រោះ​គ្មាន​មុខ​របរ។ ក្នុង​រដូវ​ប្រាំង គាត់​ដើរ​ស៊ី​ឈ្នួល​រែក​ដី រដូវ​ស្ទូង​ស៊ី​ឈ្នួល​ដក​ស្ទូង។ ក្រោយ​ពី​សល់​ប្រាក់​ខ្លះ​ពី​ដើរ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ គាត់​បាន​ជួល​គេ​ឲ្យ​អារ​ដើម​ដូង​បម្រុង​ធ្វើ​រនូត​ផ្ទះ ឯ​ស្លឹក​ដូង​យក​ធ្វើ​ជញ្ជាំង ហើយ​ញាតិ​ជិត​ខាង​ឲ្យ​ស័ង្កសី​ប្រក់​ដំបូល។ ចំណែក​ដី​គាត់​សង់​រោង គឺ​ម្តាយ​ក្មេក​ចែក​ឲ្យ​នៅ​បណ្ដោះ​អាសន្ន៖ «ខ្ញុំ ​ថា​ឲ្យ​គាត់​ឈ្នះ​ឆ្នោត​ទៅ ឲ្យ​គាត់​មក​មើល​ពី​ខ្ញុំ​សិន តើ​ជីវភាព​ខ្ញុំ​យ៉ាង​ម៉េច​វិញ? កុំ​ឲ្យ​ពិបាក​វេទនា​អី។ ផ្ទះ​ខ្ញុំ​អត់​មាន​អី​ទេ ដើរ​សុំ​គេ​អារ​ដើម​ដូង​ប៉ុណ្ណឹង ដើរ​សុំ​តែ​ពី​គេ សុំ​លុយ​គេ​បាន​មក​អារ​បន្តិច។ ឥឡូវ​អត់​មាន​រនាប អត់​មាន​អី​គ្រប់​មុខ»

ចេញ​ពី​ផ្ទះ​នេះ ចូល​ទៅ​ជ្រៅ​បន្តិច ក្នុង​ភូមិ​ចំប៉ី បុរស​ម្នាក់​ពិការ​ជើង​ឆ្វេង កំពុង​លើក​ភរិយា​ដែល​ទន់​ដៃ​ជើង ឲ្យ​អង្គុយ​នៅ​ក្រោម​សំយាប​ស្លឹក​ត្នោត ដែល​ត​ពី​ផ្ទះ​ស្លឹក។ លោក​ប្រាប់​ថា ឈ្មោះ ខៀវ រឿន អាយុ ៥៩​ឆ្នាំ ឯ​ភរិយា​ឈ្មោះ អៀង ភាព អាយុ ៤៨​ឆ្នាំ។ គាត់​ជា​អតីត​យោធា​នៅ​កង​ពល​លេខ​៨៨១។ គាត់​ពិការ​ជើង​ម្ខាង ព្រោះ​ដើរ​ជាន់​មីន​ក្នុង​ពេល អ៊ុនតាក់ (UNTAC) មក​រៀប​ចំ​ការ​បោះ​ឆ្នោត​ដំបូង​នៅ​កម្ពុជា។

គាត់​មាន​កូន​ម្នាក់ បែក​មាន​គ្រួសារ ហើយ​បាត់​ដំណឹង​នៅ​គ្រា​ដែល​ភរិយា​គាត់​ពិការ​ទន់​ដៃ​ជើង (ជំងឺស្ត្រូក)។ លោក​បន្ត​ថា ម៉ោង​ជិត ៣​រសៀល​ទៅ​ហើយ គាត់​មិន​ទាន់​ដាំ​បាយ​ឲ្យ​ភរិយា​ទទួល​ទាន​ទេ។ លោក​ថា ពី​មុន​ភរិយា​គាត់​មាន​កាយ​សម្បទា​មាំទាំ។ ក្រោយ​កើត​ជំងឺ​ទន់​ដៃ​ជើង គ្រួសារ​គាត់​កាន់​តែ​មាន​ជីវភាព​ដុនដាប។ នៅ​រដូវ​វស្សា គាត់​ដើរ​ដាក់​ទ្រូ​ក្បែរ​ផ្ទះ​យក​ត្រី​លក់​ទិញ​អង្ករ។ រដូវ​ប្រាំង​វិញ គាត់​មិន​អាច​ចេញ​រក​ស៊ី​ក្រៅ​ផ្ទះ​បាន​ទេ ព្រោះ​គ្មាន​អ្នក​ថែ​ទាំ​ភរិយា ដែល​បត់​ដៃ​ជើង​មិន​ដឹង​ខ្លួន៖ «៤​ឆ្នាំ​ហើយ តាំង​ពី​ស្រែ​ភ្លឺ​អី ដើរ​ធ្វើ​ការ​ធ្ងន់ៗ​អី ធ្វើ​អត់​បាន​សោះ បើ​ធ្វើ​គឺ​ថា​ចេះ​តែ​ឈឺ​ហត់​អ៊ីចឹង។ 

សព្វថ្ងៃ រស់​នៅ​ដោយសារ​បង​ប្អូន​គេ​មើល​ឃើញ ជិត​ខាង​គេ​អាណិត​អាសូរ គេ​ចេះ​តែ​ឲ្យ​ហូប។ ក្រៅ​ពី​អ្នក​ភូមិ​ជួយ​ឧបត្ថម្ភ អត់​មាន​រក​អី​សោះ ព្រោះ​ឈឺ​ទាំង​២​នាក់ គឺ​ពឹង​តែ​លើ​បង​ប្អូន​គេ​ឲ្យ​ខ្លះ ហើយ​ធ្វើ​បាន​តិចៗ ដូច​ជា​ការងារ​នៅ​ផ្ទះ ធ្វើ​ទ្រូ បើ​មាន​ឈើ​ធ្វើ​គ្រែ​អី​ទៅ បើ​ក្រៅ​ពី​នោះ រក​ស៊ី​ឡើង​ខ្ពស់​ទាប​អី ធ្វើ​ផ្ទះ​ធ្វើ​សម្បែង​ធ្វើ​សំណង់​អី ទៅ​អត់​រួច​ដូច​ពី​មុន​ទេ ព្រោះ​ពី​មុន​ខ្ញុំ​ជាង​ផ្ទះ​ដែរ តែ​ដល់​ធ្លាក់​ខ្លួន​ឈឺ​ទៅ​វា ធ្វើ​ការ​ធ្ងន់​មិន​បាន ហើយ​គោ​ពពែ​អី​ពី​មុន​មាន​ដែរ ប៉ុន្តែ​ដល់​ឈឺ​ទាំងអស់​គ្នា​ទៅ លក់​ស៊ី​លក់​ចាយ​អស់​ទៅ»

អាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត អះអាង​ថា កង្វះ​ដី​កសិកម្ម និង​កង្វះ​កម្លាំង​ពលកម្ម បាន​ជំរុញ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ភូមិ​នេះ ២៥​គ្រួសារ ទីទ័លក្រ​ខ្លាំង គ្មាន​អាហារ​ហូប​ប្រចាំ​ថ្ងៃ និង ៤៦​គ្រួសារ​ផ្សេង​ទៀត អាច​រក​បាន ១​ថ្ងៃ សម្រាប់​រស់ ១​ថ្ងៃ។

មេ​ភូមិ​ចំប៉ី លោក កុល ចន្ថា ឲ្យ​ដឹង​ថា ក្នុង​ភូមិ​នោះ​មាន​ពលរដ្ឋ​រស់​នៅ ២៦៨​គ្រួសារ។ ឯ​ដី​កសិកម្ម​មាន ១៩៩៣​ហិកតារ។ គ្រួសារ​ទីទ័លក្រ​ខ្លាំង ភាគ​ច្រើន​អ្នក​មិន​មាន​កម្លាំង​ពលកម្ម​អាច​ចេញ​ទៅ​ធ្វើ​ការ​ក្រៅ​ភូមិ​បាន។ ចំណែក​អ្នក​ចំណាក​ស្រុក គឺ​មាន​ច្រើន ព្រោះ​ក្នុង​ភូមិ​នេះ បើ​គិត​ពី​ដី​កសិកម្ម​ជា​ដី​ទួល គ្មាន​ជីជាតិ និង​គ្មាន​ប្រភព​ទឹក​ក្នុង​ការ​ដាំ​ដំណាំ​រួម​ផ្សំ​បន្ថែម​ទៅ​លើ​ការ​ធ្វើ​ ស្រែ៖ «បញ្ហា​ការងារ​នេះ​ដែល​ថា​ដី​មាន​តែ ២០​អារ មាន​តែ​ម៉ែ​ហើយ​និង​ឪ ដល់​មាន​កូន ៥ ទៅ ៦​នាក់​ទៅ គ្មាន​អី​ស៊ី ឬ​មាន​បញ្ហា​អី​មួយ​ទៅ​វា​អាច​លក់​ដី​ហ្នឹង​ខ្លះ ហើយ​ពឹង​លើ​តែ​ដី​ហ្នឹង វា​ហូប​អត់​គ្រប់​ទេ»

មេ​ភូមិ​ចំប៉ី បាន​នាំ​អ្នក​យក​ព័ត៌មាន បង្ហាញ​ពី​ស្ថានភាព​អ្នក​រស់​នៅ​ផ្សេង​ទៀត។
ស្ត្រី​មេម៉ាយ​នៅ​ក្នុង​ផ្ទះ​ធ្លុះធ្លាយ ប្រាប់​ថា ឈ្មោះ ផាន់ មុំ អាយុ ៤៨​ឆ្នាំ។ ប្ដី​គាត់​ទើប​ស្លាប់ បន្សល់​កូន​ប្រុស​ម្នាក់​អាយុ ១៣​ឆ្នាំ កំពុង​តែ​រៀន​ថ្នាក់​ទី​៥។ ស្ត្រី​ដដែល​បន្ត​ថា គាត់​មាន​ដី​ភូមិ និង​ដី​ស្រែ​តូច​មួយ។ គាត់​ក៏​បាន​ចិញ្ចឹម​សត្វ​មាន់​ទា តែ​គាត់​ចិញ្ចឹម​សត្វ​មិន​កប ព្រោះ​សត្វ​ចេះ​តែ​ងាប់។
បច្ចុប្បន្ន គាត់​បាន​ចំណូល​ពី​លក់​ផ្លែ​ដូង និង​ដើរ​ស៊ី​ឈ្នួល​លាង​ចាន និង​បោកគក់​ខោអាវ​ឲ្យ​គេ។ 

ចំណូល​ពី​ការ​ដើរ​ស៊ី​ឈ្នួល​នោះ គាត់​ឲ្យ​កូន​ទៅ​រៀន និង​ទិញ​អាហារ​ហូប។ គាត់​ធ្លាប់​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ម្តង​នៅ​ពេល​ខ្យល់​ព្យុះ​បោក​ផ្ទះ​ គាត់​ឲ្យ​រលំ៖ «គក់​ខោអាវ​គក់​ម្តង​អា​ណា​តិច​អ៊ីចឹង គេ​ឲ្យ ៥​ពាន់ ៦​ពាន់ បើ​ច្រើន​គេ​ឲ្យ ១​ម៉ឺន​អ៊ីចឹង​ទៅ ចេះ​តែ​ដើរ​គក់​តាម​ផ្ទះ​គេ​តែ​អ៊ីចឹង​ដែល​គេ​ហៅ»
នៅ​មិន​ឆ្ងាយ​ពី​នោះ ផ្ទះ​ស្ត្រី កែវ ជន ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​សង់​ខ្ពស់​ពី​ដី។ ស្ត្រី​រូប​នោះ ឲ្យ​ដឹង​ថា គាត់​មាន​ប្ដី​ក៏​ដូច​ជា​អត់​ប្ដី ព្រោះ​ប្ដី​គាត់​ដើរ​តែ​ផឹក​ស្រវឹង​រាល់​ថ្ងៃ។ អ្នក​រក​ចំណូល​ចិញ្ចឹម​គ្រួសារ គឺ​រូប​គាត់​ម្នាក់​ឯង។ គាត់​បាន​បញ្ជូន​កូនៗ​ចូល​រៀន​គ្រប់​គ្នា ខ្លះ​ចប់​ទី​១២ ខ្លះ​កំពុង​រៀន។ ស្ត្រី​រូប​នោះ​បន្ត​ថា ដើម្បី​ឲ្យ​កូន​រៀន​ដល់​មហាវិទ្យាល័យ គាត់​បាន​លក់​ដី​កសិកម្ម​ស្ទើរ​អស់ ព្រោះ​តែ​ប្រាក់​ចំណូល​ពី​ការ​លក់​ស្រូវ​លក់​គោ មិន​អាច​សមាមាត្រ​នឹង​តម្លៃ​ទំនិញ ម្ហូប​អាហារ​នៅ​ក្នុង​ទីផ្សារ។

គាត់​សុំ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ជួយ​កូន​ស្រី​គាត់​ទទួល​បាន​ អាហារូបករណ៍ ចូល​រៀន​មហាវិទ្យាល័យ មិន​បង់​ប្រាក់ និង​សូម​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​តម្លៃ​ទំនិញ​ឲ្យ​មាន​តុល្យភាព​នឹង​ជីវភាព ​ប្រជាពលរដ្ឋ នៅ​តាម​ជនបទ​ដែល​រក​ចំណូល​ស្ទើរ​មិន​បាន​ប្រចាំ​ថ្ងៃ៖ «កាល ​មុន​មាន​ជីវភាព​គ្រាន់​បើ​ដែរ មាន​គ្រប់​មុខ​របស់​ខ្ញុំ​ដែរ​ហ្នឹង។ ដល់​ពេល​កូន​ខ្ញុំ​រៀន​យូរៗ ហើយ​ប្ដី​មិន​សូវ​ជួយ​រក​លុយ​រក​អី ចេះ​តែ​ផឹក​ចេះ​តែ​អ៊ីចឹង​អស់​រលីង​ទៅ។ លក់​ខ្ញុំ​ចេះ​តែ​លក់​ឲ្យ​កូន​ចាយ​រៀន​អ៊ីចឹង​ទៅ។ ឥឡូវ កូន​ខ្ញុំ​រៀន​ដល់ ស្រី​ប្រឡង​បាក់​ឌុប​ជាប់​ហើយ ហើយ​ស្រី​មួយ​ទៀត​ទើប​ទៅ​រៀន​ថ្នាក់​ទី​៩ ហើយ​មួយ​បង​នោះ រៀន​តែង​ការ​អ៊ីចឹង​ទៅ។ ខ្ញុំ​ឲ្យ​រៀន​ទាំងអស់​អ៊ីចឹង ខ្ញុំ​ក្រ​គ្មាន​អី​ទេ គ្មាន​បង​ប្អូន​ណា​ជួយ​ខ្ញុំ​ទេ គឺ​អត់​ទេ»

នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​ខ្វះ​ដី​ដាំ​ដុះ រដ្ឋាភិបាល​អាណត្តិ​មុនៗ​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន ​ច្រើន​រយ​ក្រុមហ៊ុន។ ក្នុង​១​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​តិច​ជិត ១​ម៉ឺន​ហិកតារ៕
1. h101113ob.mp3 
_________________________
ប្រភពព័ត៌មានពី៖ RFA


Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger