អង្គការ​សង្គម​ស៊ីវិល​ និស្សិត​ និង​ព្រះសង្ឃ​ លើក​អនុសាសន៍​សុំ​​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង



អង្គការ​សង្គម​ស៊ីវិល​ និស្សិត​ និង​ព្រះសង្ឃ​ ចូលរួមក្នុងវេទិកា​នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា​ ឆ្នាំ២០១៣ ដើម្បី​សុំ​ឲ្យ​ព្រឹទ្ធ​សភា​ រដ្ឋ​សភា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​ជា​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​។

គ្រឿង​ស្រវឹង​កំពុង​ក្លាយ​ទៅ​ជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ សំរាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សមាគម​យុវជន​ ជួប​ប្រជុំ​ប្រមូល​យក​អនុសាសន៍​ ពី​វេទិកា​នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា​ ដើម្បី​សុំ​ឲ្យ​ព្រឹទ្ធ​សភា​ រដ្ឋ​សភា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​ជា​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​។
មនុស្ស​ប្រមាណ​១០០​នាក់​ ភាគ​ច្រើន​ជា​និស្សិត​ ព្រះសង្ឃ​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ និង​មន្រ្តី​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ ប្រជុំ​គ្នា​ក្នុង​វេទិកា​ ផ្តល់​យោបល់​ ស្តី​ពី​វិធានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដើម្បី​ប្រមូល​អនុសាសន៍​ បញ្ជូន​ទៅ​រដ្ឋសភា​ ព្រឹទ្ធសភា​ សុំ​បង្កើត​ច្បាប់​គ្រប់គ្រង​ គ្រឿង​ស្រវឹង​។​

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា​ វេជ្ជ​បណ្ឌិត​ មុំ គង់​ ថ្លែង​ថា​ អនុសាសន៍​ប្រមូល​បាន​ពី​វេទិកា​ផ្តល់​អនុសាសន៍​ ស្តី​ពី​វិធានការ​កាត់បន្ថយ​គ្រឿង​ស្រវឹង​ នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា​នេះ​ នឹង​បញ្ជូន​ទៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ព្រឹទ្ធសភា​ រដ្ឋសភា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ នៅ​ល្ងាច​ថ្ងៃ​ដដែល​ ដើម្បី​ឈាន​ទៅ​បង្កើត​គោល​នយោបាយ​កាត់បន្ថយ​ ការប្រើប្រាស់​គ្រឿង​ស្រវឹង​ នៅ​កម្ពុជា​៖ «ល្ងាច​នេះ​ មាន​ការ​ចូលរួម​ប្រជុំ ​ពី​សភា​ ព្រឹទ្ធសភា​ ហើយ​និង​ក្រសួង​ដែល​ពាក់ព័ន្ធ​នឹង​ គឺ​មាន​គោលបំណង​ ពិភាក្សា​គ្នា​ថា​ តើ​ប្រទេស​កម្ពុជា​យើង​ គួរ​ធ្វើ​គោលនយោបាយ​អ្វី​មុន​គេ​ ដើម្បី​កាត់បន្ថយ​ ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​ ពី​ព្រោះ​តាម​រយៈ​វិធានការ​ សកល​ របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​លើក​ឡើង​នូវ​វិធានការ​៤​ ដែល​មាន​ប្រសិទ្ធិភាព​ ដើម្បី​កាត់​បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​៖ ទី១​ គឺ​ការ​តម្លើង​ពន្ធ​ លើ​ផលិតផល​គ្រឿងស្រវឹង​ ទី២​ គឺ​វិធានការ​ទៅ​លើ​ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ ទី៣​ គឺ​កំណត់​នូវ​កន្លែង​លក់​គ្រឿងស្រវឹង​ និង​ទី៤ ​ពាក់ព័ន្ធ​នឹង​អាយុ​នៃ​អ្នក​អាច​ទិញ​គ្រឿង​ស្រវឹង​បាន​»

មន្រ្តី​បច្ចេកទេស​នៃ​អង្គការ​សុខភាពពិភពលោក​ ទទួល​បន្ទុក​ការងារ​ថ្នាំ​ជក់​ និង​គ្រឿងស្រវឹង​ វេជ្ជបណ្ឌិត​ យឹល​ ដារ៉ាវុធ​ ថ្លែង​ថា​ អនុសាសន៍​កាត់បន្ថយ​ ការប្រើប្រាស់​គ្រឿងស្រវឹង​ ត្រូវ​តម្លើង​ពន្ធ​ ផលិតផល​គ្រឿងស្រវឹង​ ហាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ កំណត់​កន្លែង​
លក់​គ្រឿងស្រវឹង​ និង​កំណត់​អាយុ​អ្នក​ប្រើប្រាស់​គ្រឿងស្រវឹង​។ អនុសាសន៍​ទាំង​៤​នេះ​ ត្រូវ​បញ្ជូន​ភ្លាមៗ​ ឲ្យ​តំណាង​រាស្រ្ត​អាណត្តិ​ទី​៥​ ពិចារណា​ ដើម្បី​ឈាន​ទៅ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​៖​​ «​ គួរ​តម្លើង​ពន្ធ​ទៅ​លើ​គ្រឿង​ស្រវឹង​។ ​ពន្ធ​ឥឡូវ​នេះ​ទាប​ណាស់​ មាន​តែ​២៥%​ នៃ ​តម្លៃ​លក់​រាយ​ ដែល​ទាប​នៅ​ក្នុង​បណ្តា​ប្រទេស​ នៅ​តំបន់​អាស៊ាន​យើង​។​ អីចឹង​ពន្ធ​ទាប​នេះ​ហើយ​ ជា​ហេតុផល​ធ្វើ​ឲ្យ​យុវតី​ និង​យុវ​បុរស​យើង​ គឺ​អាច​មាន​លទ្ធភាព​ទិញ​គ្រឿង​ស្រវឹង​បាន​ ហើយ​ខ្មែរ​យើង​និយាយ​ឲ្យ​ចំ​ទៅ​ គឺ​ផឹក​គ្រឿង​ស្រវឹង​ខុស​ប្លែក​ពី​គេ​ គឺ​ថា​គាត់​ផឹក​ៗ​យក​តែ​ម៉ា​ឈ្នះ​តែ​ម្តង​ ម្នាក់​កន្លះ​កែស​អីចឹង​ អា​នេះ​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ​អីចឹង​បញ្ហា​ថ្លើម​ ដូច​គេ​មាន​ជំនឿ​ថា​ ផឹក​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ជួយ​បេះដូង​តិចតួច​ ប៉ុន្តែ​គេ​ភ្លេច​គិត​ថា​ គ្រឿង​ស្រវឹង​ប្រឈម​មុខ​ទៅ​នឹង​ថ្លើម​ខ្លាំងក្លា​ ហើយ​មហារីក​ដទៃ​ទៀត​។​ ស្រ្តី​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ប្រឈម​មុខ​នឹង​មហារីក​ដោះ​មហារីក​មាត់​ ស្បូន​ អីចឹង​ជា​បញ្ហា​សំខាន់​។ ​អីចឹង​ទី១ គឺ​ការ​តម្លើង​ពន្ធ​ឲ្យ​ខ្ពស់​ ទៅ​លើ​ផលិផល​គ្រឿង​ស្រវឹង​ ដែល​រដ្ឋ​ក៏​បាន​ប្រមូល​លុយ​ច្រើន​ អាច​ធ្វើ​ឲ្យ​អត្រា​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​អាច​ថយ​ចុះ​ ព្រោះ​ថា​លទ្ធភាព​ទិញ​ស្រា​ គឺ​ថា​មិនអាច​ទិញ​បាន​ច្រើន​ទេ​ ព្រោះ​ថា​តម្លៃ​ថ្លៃ​។»

ប្រធាន​មជ្ឈមណ្ឌល​ភីឌីភី​ លោក​ យ៉ង់ ​គឹមអេង ​ថ្លែង​ថា​ របាយការណ៍​ របស់​ក្រសួង​សុខាភិបាល​ កាល​ពី​ឆ្នាំ​២០១១​ បង្ហាញ​ថា​ គ្រោះថ្នាក់​ ចរាចរណ៍​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​មនុស្ស​ជាង​ ២​ពាន់​នាក់​ ស្លាប់​ របួស​ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ គិត​ជា​ថវិកា​ ប្រមាណ​៤៤​លាន​ដុល្លារ​។​ លោក​ថា​ បច្ចុប្បន្ន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​លក់​គ្រឿង​ស្រវឹង​កំពុង​បង្ហាញ​តាម​ទូរទស្សន៍​ អំពី​រង្វាន់​ ដែល​ផ្តល់​ទៅ​អ្នក​ផឹក​។​ ការ​ឃោសនា​នោះ​ ទាក់​ទាញ​កុមារ​ និង​យុវជន​ជំទង់​ ចង់​ផឹក​សាក​ ដើម្បី​ឈ្នះ​
រង្វាន់​។​ បញ្ហា​ទាំង​នេះ​ ទើប​យុវជន​ សិស្ស​ និស្សិត​ ព្រះសង្ឃ​ នាំ​គ្នា​ប្រមូល​អនុសាសន៍​ចំនួន​៤​ សំខាន់​ គឺ​ការ​តម្លើង​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង​ ដែល​អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ចំណូល​ខ្ពស់​ ហើយ​អ្នក​ខ្លះ​ ដែល​ចង់​ផឹក​គ្រឿង​ស្រវឹង​ មិនអាច​រក​ទិញ​គ្រឿង​ស្រវឹង​មក​ផឹក​បាន​ងាយ​។​ មួយ​វិញ​
ទៀត ​កំណត់​កន្លែង​លក់​គ្រឿង​ស្រវឹង​ និង​អាយុ​អ្នក​ផឹក​គ្រឿង​ស្រវឹង​ និង​បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជាដើម ​ទើប​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​។ 

គ្រឿង​ស្រវឹង​នេះ​ទៀត​ គឺ​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ លើ​ពិភពលោក​ប្រមាណ​២,៥​លាន​នាក់​ ក្នុង​មួយ​ឆ្នាំ​ៗ​ និង​
បង្ក​ឲ្យ​មាន​ជំងឺ​ ជាង​២០០​មុខ​ ដូចជា​ មហារីក​បំពង់​អាហារ​ មហារីក​ថ្លើម​ ជំងឺ​ស្ទះ​សរសៃ​ឈាម​ ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​ ដាច់​សរសៃ​ខួរក្បាល​ ជំងឺ​ក្រិនថ្លើម​ រលាក​លំពែង​ និងវិកល​វិបល្លាស​ជាដើម។ លោក​ថា​សង្គម​ស៊ីវិល​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ចាំបាច់​ត្រូវ​បង្កើត​ច្បាប់​
គ្រប់គ្រង​គ្រឿង​ស្រវឹង​៖ «ខាង​សភា​ ខាង​ព្រឹទ្ធសភា​ មាន​ជំហរ​មួយ​ឯកភាព​គ្នា​ គឺ​ថា​ជម្រុញ​ឲ្យ​មាន​គោល​នយោបាយ​គ្រឿង​ស្រវឹង​នឹង​ ឲ្យ​បាន​ឆាប់​ នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ​ ក៏​ប៉ុន្តែ​សង្គម​ស៊ីវិល​ក៏​ខំ​ប្រឹង​ដែរ​ គឺ​ប្រឹង​រុញ​។​ ប៉ុន្តែ​ក្នុង​នោះ​ដែរ​ យើង​នឹង​រៀបចំ​ឲ្យ​មាន​ក្រុម​ពិសេស​មួយ​ ដើម្បី​ធ្វើការ​ជាមួយ​ គាត់​(​សភា​ ព្រឹទ្ធសភា​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​) ដើម្បី ​ពន្លឿន​នូវ​គោល​នយោបាយ​គ្រឿង​ស្រវឹង​នឹង​។​ 

ប៉ុន្តែ​យើង​ឃើញ​ថា​ អ្វី​ដែល​សំខាន់​នឹង​ គឺ​ក្រសួង​សុខាភិបាល​ យើង​ឃើញ​ថា​ នៅ​មាន​ការ​យឺតយ៉ាវ​ ចំពោះ​ការ​រុញ​បញ្ហា​គ្រឿង​ស្រវឹង​នឹង​​ឲ្យ​ចេញ​ឆាប់​។​ យើង​ឃើញ​ថា​ មក​ដល់​ពេល​នេះ​ ទើប​នឹង​មាន​ផែនការ​យុទ្ធសាស្រ្ត​៥​ឆ្នាំ​ អីចឹង​យើង​អត់ទាន់​បាន​ឈាន​ទៅ​ដល់​ការ​ធ្វើ​សេចក្តី​ព្រាង​គោល​នយោបាយ​ទេ​ នេះ​ជា​បញ្ហា​។»

ព្រះសង្ឃ​មួយ​អង្គ​និមន្ត​ពី​វត្ត​នន្ទមុន្នី​ សង្កាត់​ស្ទឹងមានជ័យ​ មក​ចូលរួម​ក្នុង​វេទិកា​នោះ​ មាន​ថេរដីកា​បន្ថែម​ថា​ ដើម្បី​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង​ រដ្ឋាភិបាល​គួរ​បង្កើត​ផលិតផល​ជំនួស​គ្រឿង​ស្រវឹង​វិញ​៖ «ពេលណា​មាន​ អ្នក​ទៅ​ទិញ​ ឧបមា​ថា​ទិញ​ផ្លែប៉ោម​ ពេលណា​គ្មាន​ផ្លែប៉ោម​ គេ​នឹង​ប្តូរ​ចិត្ត​ ទៅ​ទិញ​ផ្លែ​សារី​វិញ​ម្តង​ ដើម្បី​ទទួល​ទាន​។​ នេះ​គឺ​ជា​លទ្ធផល​ជំនួស​។ ទាក់ទង​គ្រឿង​ស្រវឹង​ ក៏​អីចឹង​ដែរ​។»​

យុវនារី​មួយ​រូប​ផ្តល់​យោបល់​ថា​ បាវចនា​របស់​ប្រទេស​កម្ពុជា​ មាន​ជាតិ​ សាសនា​ និង​ព្រះ​មហាក្សត្រ​។​ ក្នុង​៣​នោះ​ គឺ​បាវចនា​ជាតិ​ កំពុង​ត្រូវ​បាន​អ្នក​ឃោសនា​គ្រឿង​ស្រវឹង​យក​ទៅ​ផ្សព្វផ្សាយ​ ហើយ​អ្នក​ទិញ​ គ្រឿង​ស្រវឹង​ផឹក​ កំពុង​តែ​យក​ពាក្យ​បាវចនា​ជាតិ​នោះ​ ទៅ​លេង​សើច​៖ «ហេតុ​អី​បាន​ជា​ជាតិ​របស់​យើង​ នៅ​លើ​កំប៉ុង​ប៊ីយែ​ នៅ​លើ​អីចឹង​? ​ បេះដូង​ខ្ញុំ​មិនមែន​លើ​កំប៉ុង​ប៊ីយែ​ទេ​ បេះដូង​ខ្ញុំ​នៅ​កន្លែង​ផ្សេង​ទេ​ ហើយ​មោទនភាព​ខ្ញុំ​ក៏​មិនមែន​នៅ​លើ​ធុងប៊ីយែ​ដែរ​។ ​អីចឹង​ខ្ញុំ​មិន​ដឹង​ ថា​តើ​នៅ​ក្នុង​គោល​នយោបាយ​ ឬ​ក៏​វិធានការ​ អនុសាសន៍​អី​នឹង​យើង​អាច​ដាក់​បញ្ចូល​តែ​មួយ​ឃ្លា​ ហើយ​តើ​យើង​គួរ​មាន​បទ​ប្បញ្ញត្តិ​ ក្នុង​ការ​កំរិត​ការ​ដាក់​ឈ្មោះ​ និង​ពាក្យ​ស្លោក​ទាក់ទង​ទៅ​នឹង​ជាតិ​និយម​នឹង​ដែរ​ ឬ​អត់​!។»

របាយការណ៍​វេទិកា​ផ្តល់​យោបល់​ស្តី​ពី​វិធានការ​ កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ បង្ហាញ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ តែងតែ​លើក​ឡើង​ថា​ ការ​វិនិយោគទុន​គ្រឿង​ស្រវឹង​ផ្តល់​ដល់​រដ្ឋាភិបាល​ នូវ​ប្រាក់​ចំណូល​ពន្ធ​ច្រើន​។​ ប៉ុន្តែ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ សុទ្ធ​តែ​បាន​ អះអាង​ថា​ ចំណូល​ពន្ធ​ពី​គ្រឿង​ស្រវឹង​ គឺ​មាន​ចំនួន​តិច​ជាង​ការខាតបង់​ទ្រព្យ​សម្បត្តិ​ ដែល​បង្ក​ដោយ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​។​ ជាក់ស្តែង​នៅ​ប្រទេស​ថៃ​ ការ​ប្រមូល​ពន្ធ​ពី​គ្រឿង​ស្រវឹង​ បាន​៧០​ពាន់​ លាន​បាត​នៅ​ឆ្នាំ​២០០៦​។​ ប៉ុន្តែ​ប្រទេស​នោះ​ ត្រូវ​ចំណាយ​ទៅ​លើ​ការ​ដោះស្រាយ​ បញ្ហា​ដែល​បង្ក​ដោយ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដល់​ទៅ​១៥០​ពាន់​លាន​បាត​ គឺ​ក្នុង​១​ឆ្នាំ​ ប្រទេស​ថៃ​ខាត​ថវិកា​៨០​ពាន់​លាន​បាត​ ដោយសារ​បញ្ហា​គ្រឿង​ស្រវឹង​។​

ចំណែក​នៅ​ប្រទេស​កម្ពុជា​ ការ​ចំណូល​ពន្ធ​ពី​ផលិតផល​គ្រឿង​ស្រវឹង​ មិន​បាន​ប្រកាស​ជា​សាធារណៈ​ ហើយ​អ្នក​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ មិន​បាន​ត្រួត​ពិនិត្យ​ អ្នក​បញ្ជា​យានយន្ត​ មាន​ជាតិ​ស្រវឹង​ ឬ​អត់​ ទើប​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ ក្នុង​១​ថ្ងៃៗ​ ច្រើន​ជាង​៥​នាក់ ​និង​អ្នក​របួស​ច្រើន​នាក់​ផ្សេង​ទៀត​៕

Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger