ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​បារម្ភ​​អំពី​បញ្ហា​​ប្រែប្រួល​អាកាសធាតុ


ទឹក​ជំនន់​កំពុង​យាយី​ជីវភាព​ រស់​នៅ​របស់​ប្រជាពលរដ្ឋ​ នៅ​តាម​បណ្ដា​ ខេត្ត​ចំនួន ១៥ ទូទាំង​ប្រទេស​កម្ពុជា។ មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​បង្ហាញ​ថា ទឹក​ជំនន់​បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន​ជាង ១០០​នាក់​ស្លាប់ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​តុលា និង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ស្រូវ​របស់​កសិករ​ជាង ១​សែន​ហិកតារ។
ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​រង​ការ​លិចលង់​ដោយសារ​ទឹក​ជំនន់។ រូបថត​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៣

មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ​មាន​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ រួម​មាន​ខេត្ត​ប៉ៃលិន បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប។ ពលរដ្ឋ​មួយ​ចំនួន​ចាត់​ទុក​ថា ទឹក​ជន់​ឆ្នាំ​នេះ​ជា​បណ្ដាសា​ធម្មជាតិ ព្រមាន​ប្រទេស​កម្ពុជា ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ។
"ភូមិ​ខ្ញុំ​មិន​ដែល​មាន​ទឹក​ជន់​ធំ​បែប​នេះ​ឡើយ"៖ នេះ​ជា​សម្ដី​ស្ទើរ​គ្រប់​មាត់​របស់​អ្នក​ភូមិ​អូរតាគី ឃុំ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កាល​ពី​សប្ដាហ៍​មុន នៅ​ពេល​ដែល​កម្លាំង​ទឹក​អាង​កំពីងពួយ កំពុង​ជន់​លិច​ស្រែ​ចម្ការ​និង​ផ្ទះសំបែង​របស់​ពួក​គាត់។

លើ​ផ្លូវ​ជាតិ​លេខ​៥ ម្ដុំ​អូរតាគី ដែល​រដូវ​ប្រាំង​ធ្លាប់​តែ​ឃើញ​ឡាន​ដឹក​ទឹក​លក់ និង​ធម្មតា​ធ្លាប់​តែ​មាន​យានយន្ត​បើក​បើ​មួយៗ​លឿន តែ​ពេល​នេះ​មាន​ម៉ូតូ​ជា​ច្រើន​កំពុង​វារ​គើមៗ​ឆ្ពោះ​ទៅ​មុខ​ជម្នះ​នឹង​ កម្លាំង​ទឹក​ហូរ។ អ្នក​ដំណើរ​ខ្លះ​រុញ​ម៉ូតូ​ដែល​រលត់​ម៉ាស៊ីន​ឆ្លង​ទឹក អ្នក​ខ្លះ​ចង​ម៉ូតូ​លើ​ត្រាក់ទ័រ អ្នក​ខ្លះ​ទៀត​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​នៅ​ទី​ទួល​ខ្ពស់​មួយ​ ដែល​គេ​រៀបចំ​សម្រាប់​ទទួល​ផ្ញើ​ម៉ូតូ​ក្នុង​ពេល​ទឹក​ជន់។ ឡាន​ធំៗ មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​កំណាត់​ផ្លូវ​ពី​ក្រុង​ បាត់ដំបង ទៅ​ថ្មគោល​ទេ។ ក្មេងៗ​រត់​ដេញ​គ្នា​ប្រសាច ភាគ​ច្រើន​ដោះ​អាវ ស្លៀក​ខោ​ខ្លី ប្រលែង​លេង​នឹង​ទឹក​ហូរ​ត្រឹម​ជង្គង់​នៅ​លើ​ថ្នល់​ជាតិ ចំណែក​មនុស្ស​ធំ​ខ្លះ បង់​សំណាញ់​តាម​ទី​វាលៗ​មុខ​ផ្ទះ​អ្នក​ភូមិ។

អ្នក​ក្រុង​បាត់ដំបង ដែល​ទើប​រួច​ខ្លួន​ពី​ជំនន់​ស្ទឹងសង្កែ មិន​បាន​បី​ថ្ងៃ​ស្រួល​បួល​ផង​នោះ ខ្លះ​ជិះ​ឡាន ខ្លះ​ជិះ​ម៉ូតូ​ទៅ​មើល​ទឹក​ម្ដុំ​អូរតាគី។ បើ​មើល​ពី​សំបក​ក្រៅ ទឹក​ជន់​លិច​ភូមិ​អូរតាគី គ្រាន់តែ​ជា​ការ​បង្កើត​តំបន់​ទេសចរណ៍​លេង​ទឹក​សម្រាប់​អ្នក​ក្រុង​បាត់ដំបង និង​ក្មេងៗ​កូន​អ្នក​ភូមិ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​លើ​ផ្ទះ​កណ្តាល​ទឹក​ឯ​ណោះ​វិញ មាន​មនុស្ស​ចាស់​មិន​តិច​នាក់​ទេ​ដែល​កំពុង​ដក​ដង្ហើម​ធំ​និង​ព្រួយ​ចិត្ត។

កាប់​ឈើ ព្រៃ​ឡង់  ៦១០
១៣-ឧសភា-២០១៣៖ គំនរ​ឈើ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​វៀតណាម កាប់​រំលំ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ RFA/Tin Zakariya


ក្នុង​ចំណោម​ផ្ទះ​ដែល​លិច​ទឹក​នៅ​ភូមិ​អូរតាគី ផ្ទះ​របស់​ស្ត្រី​វ័យ​ជិត ៧០​ឆ្នាំ ឈ្មោះ ថាប់ ប៉ាច មាន​សភាព​ប្លែក​ពី​គេ។ ទឹក​បាន​ជន់​លិច​ដី​ភូមិ​របស់​លោកស្រី ថាប់ ប៉ាច ជាង ១​ម៉ែត្រ គឺ​ដល់​ត្រឹម​រនាប​ផ្ទះ ពេល​ដែល​ទឹក​លិច​ផ្ទះ​អ្នក​ភូមិ​ដទៃ​ជាង​កន្លះ​ម៉ែត្រ។ ដើម្បី​ងាយ​ស្រួល​ចូល​ផ្ទះ គ្រួសារ​កសិករ​មួយ​នេះ​បាន​ធ្វើ​ស្ពាន​ពី​ឫស្សី​តូច​មួយ មាន​ទទឹង​ជាង ១​តឹក និង​បណ្ដោយ​ជាង ២០​ម៉ែត្រ ហើយ​ដាក់​ពាង​ទឹក​ចង​បណ្ដែត​ខាង​ក្រោម។ ក្នុង​ផ្ទះ​ដែល​មើល​ធ្លុះ​ពី​មាត់​ទ្វារ​ដល់​ជញ្ជាំង​ខាង​ក្រោយ គេ​ឮ​សំឡេង​ក្មេង​លាន់​ទ្រហឹង ខ្លះ​យំ ខ្លះ​សើច កំពុង​ដណ្ដើម​ស្ករ​គ្រាប់ និង​នំ​បុ័ង​ដែល​អ្នក​ក្រុង​បាត់ដំបង ទើប​ចែក​ឲ្យ​កន្លះ​ម៉ោង​មុន។

លោកស្រី ថាប់ ប៉ាច ញញឹម​ដាក់​ភ្ញៀវ​ទាំង​មុខ​ជូរ ហើយ​ប្រាប់​ថា មួយ​ថ្ងៃ​ពេញ​នេះ​គាត់​មិន​បាន​សម្រាក​ទេ ព្រោះ​ជាប់​មើល​ចៅ​ខ្លាច​ពួក​គេ​ធ្លាក់​ទឹក ហើយ​កូនៗ​របស់​គាត់​ចេញ​ទៅ​មើល​ស្រែ​និង​រក​ម្ហូប។ លោកស្រី​រៀបរាប់​ថា ស្រូវ​សូម៉ាលី​ប្រាំង​ដែល​កំពុង​ផើម​ជាង ៣​ហិកតារ​របស់​គាត់ ត្រូវ​ទឹក​ជន់​លិច​បាត់​អស់ ហើយ​តាំង​ពី​លិច​ទឹក​មក ប្ដី​របស់​គាត់​នៅ​ឃ្លាំ​មើល​ស្រូវ​រហូត​មិន​ព្រម​ត្រឡប់​មក​ផ្ទះ​វិញ​ទេ។ លោកស្រី​បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​លើក​នេះ​កាច​សាហាវ​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់ វា​បាន​បំផ្លាញ​ឆ្នាំង​បាយ​គាត់​ទាំង​មូល និង​អាច​នាំ​ឲ្យ​ឈ្មួញ​លក់​ជី​រឹប​អូស​ដី​ស្រែ​របស់​ពួក​គាត់​ថែម​ទៀត។
លោកស្រី​បន្ត​ថា គ្រួសារ​គាត់​មិន​សប្បាយ​ចិត្ត​នឹង​អំណោយ​ដែល​អាជ្ញាធរ​យក​ចែក​ឲ្យ​តិចតួច​ នោះ​ទេ តែ​ពួក​គាត់​បែរ​ជា​កំពុង​តែ​បារម្ភ​ថា បើ​ទឹក​ជន់​រួច ហើយ​ជួប​គ្រោះ​រាំង​ស្ងួត​ដូច​ឆ្នាំ​មុន​ទៀត តើ​ពួក​គាត់​នឹង​រស់​បែប​ណា?

ទន្ទឹម​នឹង​នេះ អ្នក​ភូមិ​អូរតាគី ម្នាក់​ទៀត​ដែល​ជម្លៀស​គ្រួសារ​មក​រស់​នៅ​លើ​ចិញ្ចើម​ថ្នល់​ជាតិ លោក មួន រឿម ប្រាប់​ថា អ្នក​ស្រែ​ឆ្នាំ​នេះ​រង​កម្ម​ផ្ទួនៗ​ជាប់​គ្នា។ មុន​នេះ​មួយ​ខែ​អ្នកស្រែ​ខ្ចី​លុយ​គេ​ទិញ​ប្រេង​បូម​ទឹក និង​ទិញ​ជី​ដាក់​ស្រែ​ពេល​ស្រូវ​មូរ​ដើម ទឹក​លិច​បំផ្លាញ​ស្រូវ​អស់។ លោក​បន្ត​ថា លោក​មិន​បាន​ដឹង​ថា ទឹក​ភ្លៀង​នៅ​ខាង​លើ​ទំនប់​អាង​កំពីងពួយ ខ្លាំង​ឬ​ខ្សោយ​យ៉ាង​ណា​ទេ តែ​ទឹក​ជន់​ឡើង​លិច​ផ្ទះ​អ្នក​ភូមិ គឺ​កើត​ឡើង ១​ម៉ោង បន្ទាប់​ពី​មេ​ភូមិ​ដើរ​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រយ័ត្នប្រយែង​ប៉ុណ្ណោះ។ លោក​បន្ទោស​ថា អាជ្ញាធរ​ជំនាញ​គួរ​តែ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​កម្លាំង​ទឹក និង​លទ្ធភាព​ការពារ​របស់​ទំនប់។ ម្យ៉ាង​ទៀត​ទឹក​ជន់​ឆ្នាំ​នេះ ជា​សញ្ញា​មួយ​ប្រាប់​ថា ដល់​ពេល​ធម្មជាតិ​បំផ្លាញ​យើង​វិញ​ហើយ។

ទឹក​ជំនន់​រដូវ​វស្សា​ឆ្នាំ​នេះ​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​កញ្ញា។ ​​​​​​ខេត្ត​រតនគិរី ជា​ខេត្ត​ដែល​រង​គ្រោះ​មុន​គេ​ដោយ​ជំនន់​ទឹក​ភ្លៀង។ ទឹក​បាន​ហូរ​កាត់​ផ្ដាច់​ផ្លូវ​ជាតិ​លេខ ៧៨ ដែល​ទើប​សង់​ថ្មី វា​បាន​បំផ្លាញ​ផ្ទះសំបែង​របស់​ពលរដ្ឋ បំផ្លាញ​ដំណាំ​កសិកម្ម ​និង​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​ទៀត​ផង។ បន្ទាប់​មក​គឺ​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង ខេត្ត​កណ្ដាល និង​ខេត្ត​មួយ​ចំនួន​ទៀត។

ចូល​ដល់​ដើម​ខែ​តុលា ជំនន់​ទឹក​ភ្លៀង​បាន​វាយ​លុក​ខេត្ត​ប៉ៃលិន ហើយ​កម្លាំង​ទឹក​ហូរ​ខ្លាំង​មិន​ធ្លាប់​មាន វាយ​ប្រហារ​លើ​ផ្ទះ​និង​ដី​ចម្ការ​អ្នក​ភូមិ​នៅ​ស្រុក​ស្ទឹងកាច និង​មួយ​ផ្នែក​នៃ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ពលរដ្ឋ​ប្រាប់​ថា ទឹក​ហូរ​ខ្លាំង​នេះ​ជា​លទ្ធផល​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខេត្ត​ ប៉ៃលិន។ បន្ទាប់​មក​ទឹក​ជន់​ក៏​បាន​ជន់​លិច​ខេត្ត​បាត់ដំបង ទាំង​មូល និង​បាន​បង្ក​ឲ្យ​មនុស្ស​ជាង ១៤​នាក់​ស្លាប់ គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​តុលា។

ដើម្បី​ឆ្លើយ​តប មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​និង​មន្ត្រី​កាកបាទ​ ក្រហម បាន​ចាត់​ចែង​គ្នីគ្នា​ចុះ​ចែក​អំណោយ​គ្រប់​ខេត្ត​ក្រុង​ដែល​រង​ការ​លិច​ លង់។ ក្រុម​មន្ត្រី​ដាក់​អាវ​ក្នុង​ខោ​ចុះ​ចែក​ប្រាក់ ចែក​មី អង្ករ ត្រី​ខ​កំប៉ុង និង​សម្ភារៈ​មួយ​ចំនួន​ទៀត អម​ទៅ​ដោយ​សារ​នយោបាយ​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទឹក​លិច​របស់​មេ​ភូមិ។

គ្រប់​ស្ថានីយ​ទូរទស្សន៍​ថត​ផ្សាយ​ព័ត៌មាន​ពី​ការ​លិចលង់ និង​ផ្សាយ​ពី​រឿង​ចែក​ស្បៀង។ ចំណែក​ឯ​អាជ្ញាធរ​ជំនាញ​ឧតុនិយម ធនធាន​ទឹក និង​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក៏​នៅ​តែ​ប្រកាន់​យក​ទម្លាប់​មិន​សូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នក​កាសែត និង​ពិបាក​ក្នុង​ការ​សុំ​យោបល់​អប់រំ ដំបូន្មាន ចំណេះ​ដឹង​ពី​កិច្ចការ​គ្រោះ​មហន្តរាយ ដូច​ជា​វិធី​សង្គ្រោះ​មនុស្ស​លង់​ទឹក វិធី​សង្គ្រោះ​មនុស្ស​ពស់​ចឹក ឬ​ការ​ថែ​រក្សា​សុខភាព​អនាម័យ​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ជូន​ពលរដ្ឋ​ ណាស់។

នៅ​លើ​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​ជា​ស្ថាប័ន​ជំនាញ​ក្នុង​ការ​រៀបចំ​គោលនយោបាយ និង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ធម្មជាតិ បាន​ត្រឹម​តែ​បង្ហោះ​សេចក្ដី​ជូន​ដំណឹង​របស់​លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​មន្ត្រី​ជួយ​ពលរដ្ឋ​កាល​ពី​ទឹក​ជន់​ឆ្នាំ​២០១១ ប៉ុណ្ណោះ ហើយ​ទឹក​ជន់​ឆ្នាំ​នេះ​គ្រាន់​តែ​រូបភាព​មួយ​សន្លឹក​ក៏​មិន​ឃើញ​ដាក់​បង្ហោះ ​ដែរ។ ទឹក​ជំនន់​បាន​គំរាមកំហែង​ខ្លាំង​តាំង​ពី​ឆ្នាំ​២០០០។ ប៉ុន្តែ​គោលនយោបាយ​និង​នីតិវិធី​ក្នុង​ការ​ទប់​ស្កាត់​គ្រោះ​មហន្តរាយ មិន​សូវ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​របស់​អង្គការ​ទន្លេ​បី ដែល​ធ្វើ​ការងារ​ផ្នែក​កិច្ច​ការពារ​បរិស្ថាន លោក មៀច មាន យល់​ថា រាជរដ្ឋាភិបាល​បាន​បរាជ័យ​រួច​ទៅ​ហើយ ក្នុង​ការ​ការពារ​គម្រប​ព្រៃ​ឈើ ដើម្បី​រក្សា​លំនឹង​បរិស្ថាន។ លោក​បន្ត​ថា ទឹក​ជំនន់​ឆ្នាំ​នេះ​មិន​មែន​ជា​មូលហេតុ​ទាំង​ស្រុង​ដែល​បង្ក​មក​ពី​ការ​ បាត់បង់​ព្រៃ​ឈើ​នោះ​ទេ តែ​រាជរដ្ឋាភិបាល​ត្រូវ​ទទួល​ស្គាល់​ថា គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន និង​ការ​សាងសង់​ទំនប់​វារីអគ្គីសនី បាន​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ជា​អ្នក​រង​គ្រោះ​មុន​គេ ដោយសារ​បញ្ហា​ប្រែប្រួល​អាកាសធាតុ តែ​អ្នក​ដែល​បំផ្លាញ​ធម្មជាតិ​ជា​ក្រុម​ឈ្មួញ​ដែល​មាន​លុយ​និង​មន្ត្រី​ដែល​ មាន​អំណាច។

របាយការណ៍របស់ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ទឹក​ជំនន់​ឆ្នាំ ២០១១ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ រាជធានី ខេត្ត ចំនួន​ ១៨ និងប៉ះពាល់​លើ ប្រ​ជាជន​ជិត ២ លាននាក់​ស្មើនឹងជាង៣សែន គ្រួសារ​។ ក្នុងនោះពលរដ្ឋ ជាង២៥០ នាក់បានស្លាប់​ ដែល​ភាគ​ច្រើនជាកុមារ ។ ដំណាំ​កសិកម្ម​ មាន​ស្រូវ​ និង​ ដំណាំ​រួម​ផ្សំ​រាប់​ម៉ឺន​ហិកតា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ជាតិ​ ផ្លូវ ខេត្ត​ ផ្លូវ​លំ​ ប្រព័ន្ធ​ធារាសាស្រ្ត សាលា​រៀន​ មណ្ឌល​សុខភាព​​ វត្ត​អារាម ផ្ទះ​សំបែង​ប្រជាជន​ បាន​រង​ការ​ខូច​ខាត ដែល​ គិត​តម្លៃ​ជា​ទឹក​អស់​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក​។

មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​មួយ​ចំនួន​បន្ទោស​ថា ការ​កើន​ឡើង​នៃ​កម្ដៅ និង​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ បណ្ដាល​មក​ពី​ការ​វិនាស​ហិនហោច​នៃ​ព្រៃ​ឈើ។ សង្គម​ស៊ីវិល​បង្ហាញ​ថា រាជរដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​លើ​ផ្ទៃ​ដី​ ចំនួន​ជាង ២​លាន​ហិកតារ​ដែល​ដី​ភាគ​ច្រើន​ជា​ដី​គម្រប​ព្រៃ​ឈើ។ ឈ្មួញ​ឯកជន​ដែល​ទទួល​សិទ្ធិ​បាន​កាប់​ព្រៃ​លក់​យក​ដី​ដាំ​កៅស៊ូ ដំឡូង​មី និង​ដំណាំ​កសិឧស្សាហកម្ម​ដទៃ​ទៀត។ ក្នុង​នោះ​ដី​ព្រៃឡង់ ដែល​ព្រៃ​ត្រូពិក​នៅ​សេសសល់​ធំ​ជាង​គេ​ក្នុង​តំបន់​អាស៊ី ក៏​ត្រូវ​រាជរដ្ឋាភិបាល​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាង ១​សែន​ហិកតារ។ ដី​ព្រៃ​ឈើ​នៅ​តំបន់​ភូមិ​ភាគ​ឦសាន ឬ​តំបន់​ទន្លេបី គឺ​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ដី​ឲ្យ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចំនួន ៤៨​គម្រោង ដែល​ទំហំ​ព្រៃឈើ​ធម្មជាតិ​ស្មើ​នឹង​ជាង ១​លាន​ហិកតារ នឹង​ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ធ្វើ​អាង​ស្តុក​ទឹក​សម្រាប់​ទំនប់​ វារីអគ្គិសនី និង​ដំណាំ​កសិឧស្សាហកម្ម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កសិករ​នៅ​ភូមិ​អូរតាគី ខេត្ត​បាត់ដំបង លោកស្រី ថាប់ ប៉ាច ប្រាប់​ថា គាត់​មិន​សូវ​ខ្វល់​នឹង​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​តំបន់​ផ្សេងៗ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​លោកស្រី​គ្រាន់​តែ​ចង់​ឲ្យ​ផ្ទះ​ខ្ទម​តូច​មួយ​របស់​គាត់​មាន​ សេចក្ដី​សុខ​ប៉ុណ្ណោះ។ លោកស្រី​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក្ដៅ​ ខ្លាំង ឬ​ភ្លៀង​ខ្លាំង​ដើម្បី​សម្រួល​ការ​រស់​នៅ​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ គឺ​ជា​ក្រុម​មន្ត្រី​ដែល​ស៊ី​ប្រាក់​ខែ​រាស្ត្រ និង​ឡើង​កាន់​អំណាច​ដោយសារ​សន្លឹក​ឆ្នោត​រាស្ត្រ៕
More

ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​ជាង​១​ពាន់​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព


អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ បាន​ជម្លៀស​ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ ភ្លាមៗ កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៣។ អ្នក​ភូមិ​ទាំង​នោះ​បាន​នាំ​គ្នា​រុះរើ​សម្ភារៈ​ ចេញ​ពី​លំនៅឋាន​ បន្ទាប់​ពី​ទំនប់​នៃ​អាង​ត្រពាំងថ្ម មាន​ស្នាម​ប្រេះ​ស្រុត​ដី​ រក​កល​ចង់​បាក់​ធ្លាយ​ទឹក ដោយសារ​កម្ពស់​ទឹក​នៅ​ក្នុង​នោះ​មាន​​បរិមាណ​ច្រើន​ ​និង​មាន​ទឹក​រលក​បោកបក់​ធំៗ។

លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​រង​ការ​លិច​លង់​ដោយសារ​ទឹក​ជំនន់​មក​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៣។

ស្ថានភាព​គ្រោះ​ថ្នាក់​ដោយសារ​ទឹក​ជំនន់​នៅ​ក្នុង​អាង​ត្រពាំង​ថ្ម ​ឋិត​នៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​ ដែល​បាន​គំរាម​កំហែង​លំនៅឋាន​អ្នក​ស្រុក​ជា​ច្រើន​ពាន់​គ្រួសារ​ ឲ្យ​រុះរើ​ទ្រព្យ​សម្បត្តិ​ចាក​ចេញ​ពី​ផ្ទះ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​ បណ្ដោះអាសន្ន​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៣ នោះ ឥឡូវ​នេះ​មាន​ស្ថានភាព​ធូរ​ស្រាល​ឡើង​វិញ។

មេ​ឃុំ​ប៉ោយចារ លោក ប៉េង ប៊ុនថារ៉ា បញ្ជាក់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ថា ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ ឋិត​ក្នុង​ឃុំ​ប៉ោយចារ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ប្រកាស​អាសន្ន​ឲ្យ​ពួកគាត់​ជម្លៀស​ចេញ​ពី​ លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ទាំង​យប់​ បន្ទាប់​ពី​លំនៅឋាន​របស់​ពួកគេ​រង​ការ​គំរាមកំហែង​ដោយសារ​ទឹក​នៅ​ក្នុង​អាង​ ត្រពាំងថ្ម។

លោក ប៉េង ប៊ុនថារ៉ា៖ «ពេល​ចេញ​ហ្នឹង​មាន ៤​ភូមិ​ គឺ​ភូមិ​ប៉ោយតាអុង ភូមិ​ត្រពាំងថ្មជើង ភូមិ​ត្រពាំងថ្មកណ្ដាល និង​ភូមិ​ត្រពាំងថ្មត្បូង ទាំង​អស់​ជាង ១​ពាន់​គ្រួសារ​ ប៉ុន្តែ​ខ្លះ​នៅ​ឆ្ងាយ​ពី​ទឹក​គាត់​គិត​ថា មិន​ទាន់​ចេញ​ ដោយ​គិត​ថា លំនៅឋាន​របស់​គាត់​រឹង​ម៉ាំ​ គាត់​នៅ​ចាំ​មើល​អ្នក​នៅ​ចំ​មុខ​ទឹក​ កន្លែង​រក​បាក់​ហ្នឹង​ត្រូវ​ចេញ​មក​ទាំង​អស់»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ទំនប់​អាង​នៅ​ខាង​កើត​ និង​ឋិត​នៅ​ផ្នែក​ខាង​ជើង​ស្ពាន​ទី​១ ​នៃ​អាង​ត្រពាំងថ្ម មាន​ស្នាម​ប្រេះ និង​ស្រុត​ដី​រក​លក​ចង់​បាក់​ ទើប​បណ្ដាល​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ប្រកាស​អាសន្ន​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី ​លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន។ ទន្ទឹម​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ជំនាញ​ក្រសួង​ធនធាន​ទឹក​ និង​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​រយ​នាក់​ បាន​ចាត់​វិធាន​ការ​ទប់​ស្កាត់​ជា​បន្ទាន់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​តុលា​ ដើម្បី​ការពារ​ ទំនប់​អាង​ត្រពាំងថ្ម កុំ​ឲ្យ​បាក់​ធ្លាយ។

ក្រុម​ការងារ​ចម្រុះ​បាន​យក​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​ ជីក​ដី​ទប់​ទំនប់​ អ្នក​ខ្លះ​ទៀត​រួម​គ្នា​ចុះ​ដោត​ឈើ​នៅ​ក្រោម​ផ្នែក​ក្រោម​ជើង​ទំនប់​ និង​ខ្លះ​យក​ដី​ច្រក​បាវ លើក​យក​ទៅ​ទប់​ទំនប់​នៅ​កន្លែង​ដែល​មាន​ស្នាម​ប្រេះ​ស្រាំ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក ទ្រី ណារិន គូស​បញ្ជាក់​ថា ស្ថានភាព​គំរាម​កំហែង​រក​លក​ចង់​បាក់​ទំនប់​អាង​ត្រពាំងថ្ម នោះ​ ឥឡូវ​នេះ​មាន​ស្ថានភាព​ធូរ​ស្រាល​ឡើង​វិញ​ហើយ។ ក្រុម​ការងារ​ត្រូវ​បាន​បញ្ជូន​ទៅ​​ប្រចាំការ​នៅ​ទី​នោះ​ ហើយ​បាន​ចាត់​វិធានការ​ទប់​ស្កាត់​ទាន់​ពេល​វេលា។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ទំនប់​អាង​ត្រពាំងថ្ម មាន​ស្នាម​​ប្រេះ​និង​ស្រុត​ដី​នោះ​ គឺ​បណ្ដាល​មក​ពី​ទំនប់​នោះ​មាន​រន្ធ​នាគ ហើយ​មាន​ទឹក​ហូរ​ច្រោះ៖ «មាន​ ការ​ប្រេះ​មែន ដោយសារ​តែ​មាន​រន្ធ​នាគ​មួយ ប៉ុន្តែ​ឥឡូវ​នេះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លឹម គៀនហោ បាន​បញ្ជា​ឲ្យ​ធ្វើ​ហើយ​តាំង​ពី​ម្សិលមិញ ទល់​យប់ ឥឡូវ​នេះ​អត់​មាន​បញ្ហា​អ្វី​ទេ យើង​ទប់​បាន យើង​អត់​ធ្វើ​ឲ្យ​បងប្អូន​គាត់​ផ្អើល​ទេ បើ​ទប់​មិន​បាន​យើង​ធ្វើ ប៉ុន្តែ​កម្លាំង​យើង​ត្រៀម​អស់​ហើយ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ។ យប់​មិញ​នេះ​កម្លាំង​ត្រៀម​ទាំង​យប់​ មក​ដល់​ម៉ោង​នេះ​រន្ធ​នាគ​ត្រូវ​បាន​យើង​បិទ​ទាំង​ស្រុង​អត់​មាន​បញ្ហា​អី​ ទេ»

លោក​បន្ត​ថា កង​ទ័ព​ចំនួន ៤០០​នាក់​ បាន​ដាក់​ត្រៀម​ការពារ​សន្តិសុខ​នៅ​ផ្នែក​ខាង​លើ​ខ្នង​ទំនប់​អាង​ត្រពាំងថ្ម និង​បាន​យក​គ្រឿង​ចក្រ​ទំនើបៗ​ជា​ច្រើន​គ្រឿង​ទៅ​ធ្វើ​សកម្មភាព​កាយ​ដី​ទប់​ ទំនប់​ពេញ​មួយ​យប់​ទល់​ភ្លឺ។

អាងត្រពាំងថ្ម មាន​ប្រវែង​បណ្ដោយ ១៥​គីឡូម៉ែត្រ និង​ទទឹង ១១​គីឡូម៉ែត្រ​ ដែល​អាច​ផ្ទុក​ទឹក​បាន​ចំនួន ២០០​លាន​ម៉ែត្រ​គូប ប៉ុន្តែ​ជំនន់​ទឹក​ភ្លៀង​ដែល​ហូរ​មក​ពី​ខេត្ត​ឧត្តរមានជ័យ និង​ប្រទេស​ថៃ បណ្ដាល​ឲ្យ​មាន​កម្ពស់​​កើត​ឡើង​ជា​បន្តបន្ទាប់។

មេឃុំ​ប៉ោយចារ លោក ប៉េង ប៊ុនថារ៉ា បញ្ជាក់​ថា វិសាលភាព​ទឹក​នៅ​ក្នុង​អាង​ត្រពាំងថ្ម មាន​បរិមាណ​ច្រើន​និង​មាន​កម្រិត​ខ្ពស់។ លោក​ថា បើ​មាន​ការ​បាក់​ធ្លាយ​ទំនប់​​អាង​មែន​នោះ​ លំនៅឋាន​ ប្រជាពលរដ្ឋ​នឹង​ត្រូវ​ដួល​រលំ​ខូច​ខាង​ទាំង​ស្រុង៖ «បើ​សិន​ជា​បាក់​ចំ​ ចំណុច​យើង​នេះ ផ្ទះ​ប្រជាពលរដ្ឋ​មិន​អាច​គ្រប់គ្រង​បាន​ទេ វា​អាច​ដួល​រលំ ១០០% ព្រោះ​ទំហំ​ទឹក​អាង​វា​ខ្ពស់​ ចំណុះ​ទឹក ​២០០​លាន​ម៉ែត្រ​គូប ប៉ុន្តែ​ឥឡូវ​នេះ​វា​មាន​ហួស​ពី​ការ​កំណត់​របស់​យើង​ទៀត​ បើ​សិន​យើង​មិន​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទេ អាច​មាន​គ្រោះ​ថ្នាក់ យើង​គួរ​ឲ្យ​គាត់​ចេញ​បណ្ដោះអាសន្ន​ទៅ​ការ​ទប់​ស្កាត់​​យើង​នាំ​គ្នា​ទប់»

នៅ​ខេត្ត​បន្ទាយមានជ័យ​ បាន​ទទួល​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​លិច​គ្រប់​ស្រុក​ក្រុង​ទាំងអស់​នៅ​ ទូទាំង​ខេត្ត។ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ លំនៅឋាន​ សាលារៀន វត្ត​អារាម​ ផល​ដំណាំ​ស្រូវ ត្រូវ​បាន​ទឹក​ជន់​លិច។ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក ទ្រី ណារិន បញ្ជាក់​ថា បច្ចុប្បន្ន​ ថ្វី​ត្បិត​ស្ថានភាព​ជំនន់​ដោយសារ​ទឹក​ភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ស្រក​ចុះ​ទៅ​វិញ​ ជា​បណ្ដើរ​ក៏ដោយ ប៉ុន្តែ​ខាង​ អាជ្ញាធរ​ខេត្ត​នៅ​ពុំ​ទាន់​អាច​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ និង​ការ​ខូច​ខាត​ដោយសារ​ទឹក​ជំនន់​​នោះ​បាន​ឡើយ។

លោក ទ្រី ណារិន៖ «ផល​ប៉ះពាល់​យើង​គិត​ពី​ចំនួន​បាន ប៉ុន្តែ​ការ​ខូច​ខាត​ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ប្រជុំ​ជាមួយ​ជំនាញ​ទាំង​អស់ ព្រោះ​នៅ​ថ្ងៃ​ទី​១៧ បាន​ទឹក​ស្រក​ទៅ។ ពាក់ព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ហើយ​និង​ដំណាំ ជា​ពិសេស​ដំណាំ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ ផ្ទៃ​ដី​ស្រែ​សាប​បាន ២០​ម៉ឺន​ហិកតារ​ គឺ​លិច​ទាំង​ស្រុង​ ប៉ះពាល់​ប៉ុណ្ណឹង ប៉ុន្តែ​ការ​ប៉ាន់​ស្មាន​ប្រហែល ៥​ពាន់​ហិកតារ​ ប៉ុន្តែ​អត់​ទាន់​ច្បាស់​ទេ»
ក្រៅ​ពី​ការ​ជន់​លិច​ដំណាំ​ស្រូវ​ ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ​នេះ បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់។ មូល​ហេតុ​នៃ​ការ​ស្លាប់​នោះ​ គឺ​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស ​និង​ករណី​ប្រជាពលរដ្ឋ​​​ចុះ​ទៅ​រាយ​មង​ជា​ដើម។

លោក ទ្រី​ ណារិន បញ្ជាក់​ថា បញ្ហា​ចំពោះ​មុខ​នៅ​ពេល​ទឹក​កំពុង​ស្រក​ចុះ​ទៅ​វិញ​នេះ អាជ្ញាធរ​ខេត្ត​ ត្រូវ​គិត​ពី​បញ្ហា​ស្រូវ​ពូជ​ផ្ដល់​ឲ្យ​កសិករ ​និង​ការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ទាំង​អស់​នៅ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​រង​ការ​ខូច​ខាត​ដោយសារ​ទឹក​ជំនន់៕


More

វត្ត​ខ្មែរ​កាណាដាប្រមូល​បច្ច័យ​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​កម្ពុជា​


វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា​ បាន​ធ្វើ​បុណ្យ​ប្រមូល​បច្ច័យ​ពី​ពុទ្ធបរិស័ទ​ខ្មែរ​ ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់​ (Montreal) បាន​ចំនួន​ជាង​មួយ​ម៉ឺន​ដុល្លារ​ ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​​ក្នុង​ប្រទេស​កម្ពុជា​។
២២-កញ្ញា-២០១៣៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ធ្វើ​ដំណើរ​តាម​ទូក​ចូល​គេហដ្ឋាន​វិញ បន្ទាប់​ពី​ទឹក​ជំនន់​ជន់​លិច​ផ្លូវ។

ព្រះ​តេជព្រះ​គុណ​ ហុក​ សាវណ្ណ​ ដែល​ជា​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ខ្មែរ​កាណាដា​ មាន​ថេរ​ដីកា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៣ តុលា ថា​ ថវិកា​ដែល​ពុទ្ធបរិស័ទ​ខ្មែរ​បាន​បរិច្ចាគ​នោះ​ នឹង​ជួយ​ទៅ​ដល់​វត្ត​អារាម​មួយ​កន្លែង​ ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ ហើយ​ជា​ពិសេស​ទៅ​ទៀត​នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ ដែល​កំពុង​ខ្វះ​ស្បៀង​អាហារ​ដោយសារ​ទឹកជំនន់​៖ «អាត្មា​បាន​ អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់​ ប្រទេស​កាណាដា​ បាន​ពន្យល់​ទៅ​ឃើញ​គេ​ចូល​បច្ច័យ​ចាប់​កុសល​ ដើម្បី​ជួយសង្គ្រោះ​ជា​បន្ទាន់​ដល់​ខ្មែរ​យើង​ ដែល​កំពុង​រង​ទុក្ខ​វេទនា​ គ្មាន​ទី​ជម្រក​ ខ្វះ​ស្បៀង​អាហារ​ ធ្វើម៉េច​ឲ្យ​តែ​រស់​បាន​មួយ​ពេល​ហ្នឹង​ បាន​ជាង​មួយ​ម៉ឺន​ដុល្លារ​»។​

​រហូត​មក​ទល់​ពេល​នេះ ​មាន​មនុស្ស​ជាង​ ១០០​នាក់​ បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​កុមារ​ ៥៥​នាក់​។  ចំណែក​វត្តអារាម​ជាង ​៣០០​​កន្លែង​ និង​ស្រែស្រូវ​របស់​ពលរដ្ឋ​ចំនួន​ ២​សែន​ ៥​ម៉ឺន​ ហិកតារ​ក្នុង​ខេត្ត​ក្រុង​ចំនួន​ ២០​ បាន​ជន់លិច​ដោយសារ​គ្រោះ​ទឹកជំនន់​។

ភិក្ខុ ហុក សាវណ្ណ-៣០៥
ព្រះ​តេជ​ព្រះគុណ​ ហុក​ សាវណ្ណ​ ​​ចៅ​អធិការ​វត្ត​ខ្មែរ​កាណាដា ទីក្រុង​ម៉ុងរ៉េអាល់។ Provided Photo

ព្រះតេជព្រះគុណ​ ហុក សាវណ្ណ​ មាន​ថេរ​ដីកា​បន្ត​ថា​ ថវិកា​ជាង ​១ម៉ឺន​ដុល្លារ​ ដែល​ព្រះអង្គ​ប្រមូល​បាន​នឹង​ចាត់ចែង​ប្រគេន​ដល់​ព្រះសង្ឃ​ខ្មែរ​មួយចំនួន​ គង់​នៅ​វត្ត​ឧណ្ណា​លោម​ និង​វត្ត​ស្ទឹង​មានជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​និមន្ត​ចុះ​ជួយ​សត្វ​លោក​ដែល​កំពុង​លង់​ទឹក​ដោយ​គ្មាន​រើសអើង​​ និន្នាការ​នយោបាយ​អ្វី​ឡើយ​៖ «​ជំនួយ​សង្គ្រោះ​​ហ្នឹង​គួរ​ខ្មែរ​ទាំងអស់ ​​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ ជាពិសេស​អ្នកមាន​ធនធាន​គ្រាន់បើ​ នៅ​ក្នុង​ស្រុក​ក្តី ​នៅ​ក្រៅ​ស្រុកក្តី​​ គួរ​បញ្ចេញ​ជួយ​មួយ​ពេល​។ ហើយ​បើ​តាម​សង្គហទាន​ព្រះពុទ្ធលោក​ មិន​ឲ្យ​គិត​ថា​ អ្នកហ្នឹង​ជា​បែប​ម៉េច​ គឺ​អត់ទេ​ គឺ​គិត​តែ​សង្គ្រោះ​ឲ្យ​រស់​។​ សង្គហធម៌​គេ​អត់​គិត​ថា​ អ្នកហ្នឹង​មាន​សីលធម៌​ ឬ ​អត់សីលធម៌​ គណបក្ស​ណា​ ឬ​ សាសនា​ណា​ទេ​ គេ​អត់​ទេ​ គឺ​គិត​ថា​ធ្វើ​ម៉េច​ឲ្យ​តែ​មនុស្ស​រស់​ប៉ុណ្ណឹង​។​ អាហ្នឹង​គេ​ហៅ​ថា​ជំនួយ​សង្គ្រោះ​»។

ព្រះតេជគុណ​បាន​អំពាវនាវ​ដល់​ពលរដ្ឋខ្មែរ​ទាំងអស់​មេត្តា​បង្កើន​ការជួយ​ ឧត្ថម្ភ​ជា​សម្ភារៈ ថវិកា​ និង​ថ្នាំ​សង្កូវ​ផ្សេងៗ​ ដល់​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​។  លើស​ពី​នេះ​ទៅ​ទៀត​ ព្រះតេជព្រះគុណ​ ហុក សាវណ្ណ​ ក៏​បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​សត្វ​​មាន​ពិស​ និង​ភ្លើង​អគ្គិសនី​ ដែល​អាច​បំពារបំពាន​ដល់​អាយុ​ជីវិត​មនុស្ស​ ក្នុង​ពេល​មាន​គ្រោះ​ទឹកជំនន់​នេះ៕
More

ស្ថាន​ភាព​រស់នៅ​របស់​ពលរដ្ឋ​​រងគ្រោះ​ដោយ​ទឹក​ជំនន់​​នៅ​ខេត្ត​កំពង់ចាម


ទោះ​បីជា​ស្ថាន​ភាព​ទឹក​ជំនន់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ មាន​ការ​ស្រកថយ​ចុះ​​ជា​បណ្តើរៗក្ដី ​​ប៉ុន្តែ​ប្រជាជន​មួយ​ចំនួន​​មិន​ទាន់​អាច​វិលត្រឡប់​ចូល​ផ្ទះ​របស់​ខ្លួន​ បាន​នោះ​ទេ។ ពួក​គាត់​ត្រូវបន្ត​រស់នៅ​លើ​ទី​ទួលសុវត្ថិភាព​ជាបណ្តោះ​អាសន្ន​ដដែល​។ ប្រជាពលរដ្ឋ​ជា​ច្រើ​ន​បាន​រៀប​រាប់​ពីស្ថាន​ភាព​លំបាក​ក្នុង​ការ​រស់នៅ​ ដោយ​ពួកគាត់​ត្រូវ​ជួប​ប្រទះ​នឹងកា​រ​ខ្វះ​ខាត​ស្បៀង​អាហារ​ និង​មាន​ជំងឺ​ជាច្រើន​។ ​
ស្ថាន​ភាព​រស់នៅ​របស់​ពលរដ្ឋ​​រងគ្រោះ​ដោយ​ទឹក​ជំនន់​ នៅភូមិ​ព្រែក​តូច ឃុំ​ទន្លេបិទ ស្រុក​ត្បួងឃ្មុំ ​ខេត្ត​កំពង់ចាម ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៣។

ទឹក​នៅតាម​ដង​ទន្លេ​មេគង្គកាន់​តែ​ស្រក​ ប្រជាពលរដ្ឋ​​មួយចំនួន​ធំ​បាន​វិល​​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគាត់​ជាបណ្តើរៗ។ ប្រជាពលរដ្ឋ​ផ្សេងទៀត​នៅខេត្ត​កំពង់ចាម បន្ត​រស់នៅលើ​ទីទួល​សុវត្ថិភាព ​ដោយ​ផ្ទះ​របស់​ពួកគាត់​ទឹក​មិន​ទាន់​ស្រក​ផុត។

ប្រជាពលរដ្ឋ​រស់នៅភូមិ​ព្រែក​តូច ឃុំ​ទន្លេបិទ ស្រុក​ត្បួងឃ្មុំ អ្នក​ស្រី ស្លេះ​ អាយសះ ជាជន​ជាតិ​ខ្មែរ-​ឥស្លាម​ ​មាន​ប្រសាសន៍​ថា អ្នក​ស្រី​មិនទាន់​អាច​រើ​ឥវ៉ាន់​ពី​ទួល​សុវត្ថិភាព​ទៅនៅ​ផ្ទះ​របស់​ខ្លួន​ បាន​នោះទេ ពីព្រោះ​ទឹក​មិន​ទាន់​ស្រក​ផុត ដូចនេះ​អ្នក​ស្រី និងក្រុម​គ្រួសារ​​ត្រូវ​បន្ត​នៅ​លើ​ទីទួល​បន្តទៀត។ អ្នក​ស្រី​បន្តថា តាំ​ង​ពីមក​រស់នៅ​លើ​ទីទួល​មក​ អ្នក​ស្រីមិន​អាច​ទៅ​រក​ស៊ី ឬទៅស៊ីឈ្នួល​គេ​បាន​នោះទេ។

អ្នក​ស្រី​បន្ថែម​ថា គាត់​ជួបការ​​លំបាកជាច្រើន​ ហើយ​ថែម​ទាំង​មាន​ជំងឺ​ទៀត​ផង​ ពីព្រោះ​អាកាស​ធាតុ​មិន​សូវ​ល្អ ដោយ​សារ​ចំហាយ​កម្ដៅ​​ពីតង់ខាងលើ​៖​ «ខ្ញុំអត់​ដឹង​ដែរ​មូល​ហេតុ​ ប៉ុន្តែ​ពេល​វាក្តៅ​ៗមក​តែម្ដង។​ នៅ​អ៊ីចឹង​វាក្តៅ ទាំងចាស់​ទាំង​ក្មេង​ ឈឺទាំងអស់​។ ...អត់ទេ! អត់មាន​រក​អីទេហ្នឹង​»។
អ្នក​ស្រី ស្លេះ​ អាយសះ ​ឱ្យដឹង​ដែរ​ថា កន្លង​មក​មាន​ខាង​អាជ្ញាធរខេត្ត និងអង្គការ​​បាន​ចុះ​មក​ចែក​ជូន​នូវ​អំណោច​មួយចំនួន​ដល់ពួកគាត់ ដើម្បីបំពេញ​សេចក្តីខ្វះ​ខាត​បាន​មួយចំណែក​។

ចំណែក​ឯប្រជាពលរដ្ឋ​រស់នៅភូមិ​ដដែលនោះ លោក ទិន អីទ្រេស ក៏បាន​បង្ហាញ​ពីការ​លំបាក​ក្នុង​ការ​រស់នៅ​ ពីព្រោះ​លោក​កំពុង​តែ​មាន​ជំងឺ​ផ្តាយសាយ​ធំ​ ហើយ​ពិបាក​មួយទៀត​ ដោយ​សារ​លោក​មាន​​ចិញ្ចឹម​សត្វ​ ដូចនេះ​ពិបាក​រក​ចំណីឱ្យ​ពួកវាស៊ី៖  «ពិបាក ​នឹងកន្លែង ​ពិបាក​នឹង​ការ​ហូប​ចុក​ហ្នឹង​ហើយ។  រឿង​អ្វីផ្សេងទៀត​ដូច​មិន​មាន​ការ​លំបាក​ ប៉ុន្តែ​ពិបាក​នឹង​ការ​ហូបចុក ថ្នាំពេទ្យអីហ្នឹង»។

ចំណែក​ឯ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទន្លេបិទ​លើ​ អ្នក​ស្រី ហួន ចន្ថា ដែល​ទើ​ប​តែ​រើ​ពីទីទួល​សុវត្ថិភាព​ទៅស្នាក់​នៅ​ផ្ទះរបស់​ខ្លួន​វិញ​​បាន​ ចំនួន ២​ថ្ងៃ បាន​ឱ្យដឹង​ថា​ ស្ថាន​ភាព​រស់នៅ​របស់​អ្នក​ស្រី​និង​គ្រួសារ​នៅ​តែជួបការ​លំបាក ដោយ​សារ​ផ្លូវ និង​បរិវេណ​ផ្ទះរបស់​អ្នក​ស្រី​ ទឹក​មិន​ទាន់​ស្រ​ក​ផុត​ ហើយ​កូន​អ្នក​ស្រី​ចំនួន បីនាក់​សុទ្ធតែ​ឈឺទាំងអស់៖ «មក​​ថ្នល់​វាគោកហើយ​​ លែងពិបាក​ជញ្ជូន​មក​ពូអើយ! ឥឡូវមក​នៅនឹង​ផ្ទះ​ពិបាក​រស់នៅ នៅនឹង​ភក់​ ឥឡូវពិបាក​មែន​ទែន។  ឥឡូវ ផ្តាស់សាយ​ផង​ ឈឺភ្នែក​ហ្នឹង​ផង​​»។

ឆ្លើយតប​នឹង​ការ​ត្អូញ​ត្អែ​របស់​ប្រជាពលរដ្ឋ​ខាងលើ ​អភិបាល​រង​ស្រុក​ត្បូង​ឃ្មុំ លោក រ៉ាន សុភា ​មាន​ប្រសាសន៍​ថា​ ស្ថាន​ភាព​របស់​ប្រជាពលរដ្ឋ​​ដែល​បាន​ជម្លៀស​ដោយ​ទឹក​ជំនន់​នា​ពេល​កន្លងទៅ​ អាជ្ញាធរស្រុក​តែ​ងតែ​យក​ចិត្តទុក​ដាក់​ជានិច្ច  ពិសេស​ពាក់ព័​ន្ធ​អនាម័យ  និងសុខ​ភាព​។ លោក​បន្ត​ថា​ ពេលនេះ​មាន​ប្រជាពលរដ្ឋ​​មួយចំនួន​ធំ​បាន​វិល​ត្រឡប់ទៅ​លំនៅ​ឋាន​របស់​ពួក​ គាត់​វិញហើយ។

ចំពោះ​បញ្ហា​អនាម័យ​ និង​សុខភាព​នេះដែរ ​ប្រធាន​មន្ទីរសុខាភិបាល​ស្រុក​ត្បូងឃ្មុំ លោក សាយ ហេង ​មាន​ប្រសាសន៍ថា ​​ខាង​មន្ទីរសុខាភិបាល​តែង​តែ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់អាច​វិល​ត្រឡប់​ទៅលំនៅឋាន​ទាំង​នោះ​ជាប្រចាំ៖  «នៅខាង​ស្រុក​របស់ខ្ញុំ​នៅខាង​ទីទួលសុវត្ថិភាព ​ប្រជាពលរដ្ឋ​គាត់​ត្រឡប់​ទៅផ្ទះវិញ​ភាគ​ច្រើន​ហើយ​ នៅសល់​តិ​ច​តួច​ទេ​ហ្នឹង​ហើយ! សល់​តិចតួច​ទេ ហើយ​បុគ្គលិក​យើង​បាន​ទៅជួប​គាត់​មើល​មួយថ្ងៃ​ ២​​ដង​កន្លែង​ទួល​ហ្នឹង​។ ​មាន​បញ្ហា​អី​ គាត់​រាយការណ៍​មក ​យើង​នឹង​ចុះ​ធ្វើ​អន្តរាគមន៍​»។

លោក​បន្តថា ចំពោះ​ប្រជាពលរដ្ឋ​ ដែល​បាន​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ ​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទាក់ទង​នឹង​អនាម័យ ហើយ​ត្រូវ​ពិសារទឹក​ឆ្អិន​ជាប្រចាំ ពិសេស​ត្រូវ​មាន​ការ​ការ​ពារ​ពីមូស​ផ្សេងៗ ព្រោះ​ទឹក​ស្រក​មិន​ទាន់​ដាច់​អាច​មាន​មូស​ច្រើន​។

ការយកចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​នាពេល​ទឹក​ស្រក​នេះ អភិបាល​ខេត្ត​កំពង់ចាម​ លោក លន់ លឹមថៃ ក៏​ធ្លាប់មាន​ប្រសាសន៍​ដែរថា​ អាជ្ញាធរ​ខេត្ត​នឹង​តាម​ដាន​មើល​ពីស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បន្តទៀត ​ ដើម្បី​បង្ក​​ភាព​ងាយ​ស្រួល​ដល់​ពួកគាត់​ក្នុង​ការ​រស់​នៅ​៕

ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង ថតសំឡេង
More

ព្រះមហាក្សត្រ​យាង​ចែក​អំណោយ​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់


ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​យាង​ចុះ​ចែក​ព្រះរាជ​អំណោយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ ជំនន់​ប្រមាណ​ជា ៥០០​គ្រួសារ មក​ពី​ឃុំ​ចំនួន​២ គឺ​ឃុំ​កំពង់ត្រឡាច និង​​ឃុំ​អំពិលទឹក នៃ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។
ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ប្រទាន​ព្រះរាជ​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ នៅ​ឃុំ​កំពង់​ត្រឡាច ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៣។

អាជ្ញាធរ​ភូមិ​មួយ​ចំនួន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​បាន​ មក​ទទួល​ព្រះរាជ​អំណោយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា មាន​ទឹក​ចិត្ត​សប្បាយ​រីក​រាយ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​រងគ្រោះ​មួយ​ចំនួន​ទៀត ដែល​មិន​បាន​មក​ទទួល​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ នឹង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ហើយ​បាន​ស្ដី​បន្ទោស​អាជ្ញាធរ​ភូមិ។

មេ​ភូមិ​ឪម៉ាល់ ឃុំ​អំពិលទឹក លោក ឈឹម សំអឿន មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា ថា លោក​បាន​បើក​ទូក​ដឹក​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ក្នុង​ភូមិ​ ចំនួន ១៥​គ្រួសារ ក្នុង​ចំណោម​ជាង ២០​គ្រួសារ មក​បើក​អំណោយ​ពី​ព្រះ​មហាក្សត្រ។
លោក ឈឹម សំអឿន៖ «ក្រៅ​ពី​ហ្នឹង​វា​លិច​ដែរ ប៉ុន្តែ​គេ​ឲ្យ​តែ​១៥ អ៊ីចឹង​យើង​បាន​តែ ១៥ ឲ្យ​គាត់​ខ្វះ ១០​ទៀត។ បើ​តាម​ពិត​មិន​មែន​ខ្វះ​ ១០​ទេ វា​ខ្វះ​ដែរ​ បន្ត​គ្នា ប៉ុន្តែ​ក្នុង​ហ្នឹង​យើង​មើល​អាណា​ដែល​ពិបាក​ជាង​គេ​យើង​ឲ្យ​ទៅ​គាត់»

ចំណែក​មេ​ភូមិខ្លាគ្រហឹម លោក ជា ហុំ បញ្ជាក់​ថា នៅ​ក្នុង​ភូមិ​របស់​លោក​មាន​ប្រជាពលរដ្ឋ​សរុប ៣២៧​គ្រួសារ ក្នុង​នោះ​មាន ៣០​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹក​ជំនន់ ក៏​ប៉ុន្តែ​គ្រួសារ​ដែល​បាន​មក​ទទួល​ព្រះរាជ​អំណោយ​នៅ​ថ្ងៃ​នេះ​មាន​ចំនួន ១៧​គ្រួសារ។
លោក​បន្ត​ថា ក្រោយ​ពី​ការ​ចែក​អំណោយ​ម្ដងៗ ប្រជាពលរដ្ឋ​តែងតែ​រិះគន់ ឬ​ស្ដី​បន្ទោស​ដាក់​អាជ្ញាធរ៖ «អ្នក ​ដែល​លិច​ទឹក​នេះ លិច​មុន​រាយការណ៍​មក​មុន អា​នេះ​លើក​ទី​មួយ​ហើយ តាំង​ពី​លិច​មក។ មាន​ការ​ត្រេក​អរ​ចំពោះ​បង​ប្អូន​យើង​ដែល​មាន​បញ្ហា​ការ​លំបាក​បាន​សម្ដេច​ យក​អំណោយ​មក​ឲ្យ​នេះ ត្រេក​អរ​ពិសេស​ហើយ»

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល ចាន់ថូ ថ្លែង​ថា នៅ​ស្រុក​កំពង់ត្រឡាច មាន​ឃុំ​ចំនួន​២ ដែល​មាន​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹក​ជំនន់ ហើយ​ចំនួន​គ្រួសារ​ដែល​បាន​មក​ទទួល​ព្រះរាជ​អំណោយ​របស់​ព្រះ​មហាក្សត្រ គឺ​អាជ្ញាធរ​កំណត់​យក​តែ​គ្រួសារ​ណា​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ៖ «ការ​ ចែក​នេះ​ភាគ​ច្រើន​គឺ​ខាង​រដ្ឋ​អំណាច អាជ្ញាធរ លោក​មើល​ទៅ​លើ​អ្នក​ដែល​ជាក់​ស្ដែង និយាយ​រួម​ទៅ​គឺ​ថា អ្នក​ដែល​គាត់​អត់ គាត់​ក្រីក្រ ព្រោះ​នៅ​ក្នុង​ចំណោម​លិច​ទឹក​ទាំង​អស់​វា​លិច​ដូច​គ្នា ប៉ុន្តែ​គ្រាន់​ថា ប្រជាពលរដ្ឋ​មាន​អ្នក​មាន​អ្នក​ក្រ»

សីហមុនី ចែកអំណោយ-៦១០
ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងអង្គុយ ក្បែរព្រះរាជអំណោយ រង់ចាំការយាងមកដល់របស់ព្រះមហាក្សត្រ នៅថ្ងៃទី១៣ ខែតុលា។ RFA/Chin Chetha


ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​បាន​យាង​តាម​ព្រះទីន័ងនាវា មក​ដល់​ភូមិ​សំរឹទ្ធិជ័យ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​វេលា​ម៉ោង ៨ និង ៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា ដើម្បី​ចែក​ព្រះ​រាជ​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ ​ទឹក​ជំនន់ ហើយ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ព្រះរាជ​ពិធី​ចែក​អំណោយ​នោះ ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ផង​ដែរ។
ព្រះរាជ​អំណោយ​ដែល​ព្រះ​មហាក្សត្រ ទ្រង់​យាង​ចុះ​ចែក​នោះ​ក្នុង​មួយ​គ្រួសារ​បាន​ទទួល​រួម​មាន អង្ករ ៥០​គីឡូក្រាម កៅស៊ូ​តង់ ១ មុង ១ ភួយ ១ ក្រមា ១ សារុង ១ អាវ​យឺត ១ មី ១​កេស ត្រី​ខ ១០​កំប៉ុង និង​ថវិកា​ចំនួន ១០​ម៉ឺន​រៀល។

សីហមុនី ចែកអំណោយ-៦១០
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ សម្រាប់ចែកដល់ប្រជាពលរដ្ឋរងគ្រោះ នៅឃុំកំពង់ត្រឡាច និងឃុំអំពិលទឹក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣។ RFA/Chin Chetha


វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ចឌឿន និង​ទេសរដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ស្ថានភាព​ទឹក​ជំនន់ និង​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​តុលា៕


More

អង្គការ​សង្គម​ស៊ីវិល​ និស្សិត​ និង​ព្រះសង្ឃ​ លើក​អនុសាសន៍​សុំ​​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង



អង្គការ​សង្គម​ស៊ីវិល​ និស្សិត​ និង​ព្រះសង្ឃ​ ចូលរួមក្នុងវេទិកា​នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា​ ឆ្នាំ២០១៣ ដើម្បី​សុំ​ឲ្យ​ព្រឹទ្ធ​សភា​ រដ្ឋ​សភា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​ជា​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​។

គ្រឿង​ស្រវឹង​កំពុង​ក្លាយ​ទៅ​ជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ សំរាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សមាគម​យុវជន​ ជួប​ប្រជុំ​ប្រមូល​យក​អនុសាសន៍​ ពី​វេទិកា​នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា​ ដើម្បី​សុំ​ឲ្យ​ព្រឹទ្ធ​សភា​ រដ្ឋ​សភា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​ជា​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​។
មនុស្ស​ប្រមាណ​១០០​នាក់​ ភាគ​ច្រើន​ជា​និស្សិត​ ព្រះសង្ឃ​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ និង​មន្រ្តី​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ ប្រជុំ​គ្នា​ក្នុង​វេទិកា​ ផ្តល់​យោបល់​ ស្តី​ពី​វិធានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដើម្បី​ប្រមូល​អនុសាសន៍​ បញ្ជូន​ទៅ​រដ្ឋសភា​ ព្រឹទ្ធសភា​ សុំ​បង្កើត​ច្បាប់​គ្រប់គ្រង​ គ្រឿង​ស្រវឹង​។​

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា​ វេជ្ជ​បណ្ឌិត​ មុំ គង់​ ថ្លែង​ថា​ អនុសាសន៍​ប្រមូល​បាន​ពី​វេទិកា​ផ្តល់​អនុសាសន៍​ ស្តី​ពី​វិធានការ​កាត់បន្ថយ​គ្រឿង​ស្រវឹង​ នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា​នេះ​ នឹង​បញ្ជូន​ទៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ព្រឹទ្ធសភា​ រដ្ឋសភា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ នៅ​ល្ងាច​ថ្ងៃ​ដដែល​ ដើម្បី​ឈាន​ទៅ​បង្កើត​គោល​នយោបាយ​កាត់បន្ថយ​ ការប្រើប្រាស់​គ្រឿង​ស្រវឹង​ នៅ​កម្ពុជា​៖ «ល្ងាច​នេះ​ មាន​ការ​ចូលរួម​ប្រជុំ ​ពី​សភា​ ព្រឹទ្ធសភា​ ហើយ​និង​ក្រសួង​ដែល​ពាក់ព័ន្ធ​នឹង​ គឺ​មាន​គោលបំណង​ ពិភាក្សា​គ្នា​ថា​ តើ​ប្រទេស​កម្ពុជា​យើង​ គួរ​ធ្វើ​គោលនយោបាយ​អ្វី​មុន​គេ​ ដើម្បី​កាត់បន្ថយ​ ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​ ពី​ព្រោះ​តាម​រយៈ​វិធានការ​ សកល​ របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​លើក​ឡើង​នូវ​វិធានការ​៤​ ដែល​មាន​ប្រសិទ្ធិភាព​ ដើម្បី​កាត់​បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​៖ ទី១​ គឺ​ការ​តម្លើង​ពន្ធ​ លើ​ផលិតផល​គ្រឿងស្រវឹង​ ទី២​ គឺ​វិធានការ​ទៅ​លើ​ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ ទី៣​ គឺ​កំណត់​នូវ​កន្លែង​លក់​គ្រឿងស្រវឹង​ និង​ទី៤ ​ពាក់ព័ន្ធ​នឹង​អាយុ​នៃ​អ្នក​អាច​ទិញ​គ្រឿង​ស្រវឹង​បាន​»

មន្រ្តី​បច្ចេកទេស​នៃ​អង្គការ​សុខភាពពិភពលោក​ ទទួល​បន្ទុក​ការងារ​ថ្នាំ​ជក់​ និង​គ្រឿងស្រវឹង​ វេជ្ជបណ្ឌិត​ យឹល​ ដារ៉ាវុធ​ ថ្លែង​ថា​ អនុសាសន៍​កាត់បន្ថយ​ ការប្រើប្រាស់​គ្រឿងស្រវឹង​ ត្រូវ​តម្លើង​ពន្ធ​ ផលិតផល​គ្រឿងស្រវឹង​ ហាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ កំណត់​កន្លែង​
លក់​គ្រឿងស្រវឹង​ និង​កំណត់​អាយុ​អ្នក​ប្រើប្រាស់​គ្រឿងស្រវឹង​។ អនុសាសន៍​ទាំង​៤​នេះ​ ត្រូវ​បញ្ជូន​ភ្លាមៗ​ ឲ្យ​តំណាង​រាស្រ្ត​អាណត្តិ​ទី​៥​ ពិចារណា​ ដើម្បី​ឈាន​ទៅ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​៖​​ «​ គួរ​តម្លើង​ពន្ធ​ទៅ​លើ​គ្រឿង​ស្រវឹង​។ ​ពន្ធ​ឥឡូវ​នេះ​ទាប​ណាស់​ មាន​តែ​២៥%​ នៃ ​តម្លៃ​លក់​រាយ​ ដែល​ទាប​នៅ​ក្នុង​បណ្តា​ប្រទេស​ នៅ​តំបន់​អាស៊ាន​យើង​។​ អីចឹង​ពន្ធ​ទាប​នេះ​ហើយ​ ជា​ហេតុផល​ធ្វើ​ឲ្យ​យុវតី​ និង​យុវ​បុរស​យើង​ គឺ​អាច​មាន​លទ្ធភាព​ទិញ​គ្រឿង​ស្រវឹង​បាន​ ហើយ​ខ្មែរ​យើង​និយាយ​ឲ្យ​ចំ​ទៅ​ គឺ​ផឹក​គ្រឿង​ស្រវឹង​ខុស​ប្លែក​ពី​គេ​ គឺ​ថា​គាត់​ផឹក​ៗ​យក​តែ​ម៉ា​ឈ្នះ​តែ​ម្តង​ ម្នាក់​កន្លះ​កែស​អីចឹង​ អា​នេះ​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ​អីចឹង​បញ្ហា​ថ្លើម​ ដូច​គេ​មាន​ជំនឿ​ថា​ ផឹក​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ជួយ​បេះដូង​តិចតួច​ ប៉ុន្តែ​គេ​ភ្លេច​គិត​ថា​ គ្រឿង​ស្រវឹង​ប្រឈម​មុខ​ទៅ​នឹង​ថ្លើម​ខ្លាំងក្លា​ ហើយ​មហារីក​ដទៃ​ទៀត​។​ ស្រ្តី​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ប្រឈម​មុខ​នឹង​មហារីក​ដោះ​មហារីក​មាត់​ ស្បូន​ អីចឹង​ជា​បញ្ហា​សំខាន់​។ ​អីចឹង​ទី១ គឺ​ការ​តម្លើង​ពន្ធ​ឲ្យ​ខ្ពស់​ ទៅ​លើ​ផលិផល​គ្រឿង​ស្រវឹង​ ដែល​រដ្ឋ​ក៏​បាន​ប្រមូល​លុយ​ច្រើន​ អាច​ធ្វើ​ឲ្យ​អត្រា​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​អាច​ថយ​ចុះ​ ព្រោះ​ថា​លទ្ធភាព​ទិញ​ស្រា​ គឺ​ថា​មិនអាច​ទិញ​បាន​ច្រើន​ទេ​ ព្រោះ​ថា​តម្លៃ​ថ្លៃ​។»

ប្រធាន​មជ្ឈមណ្ឌល​ភីឌីភី​ លោក​ យ៉ង់ ​គឹមអេង ​ថ្លែង​ថា​ របាយការណ៍​ របស់​ក្រសួង​សុខាភិបាល​ កាល​ពី​ឆ្នាំ​២០១១​ បង្ហាញ​ថា​ គ្រោះថ្នាក់​ ចរាចរណ៍​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​មនុស្ស​ជាង​ ២​ពាន់​នាក់​ ស្លាប់​ របួស​ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ គិត​ជា​ថវិកា​ ប្រមាណ​៤៤​លាន​ដុល្លារ​។​ លោក​ថា​ បច្ចុប្បន្ន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​លក់​គ្រឿង​ស្រវឹង​កំពុង​បង្ហាញ​តាម​ទូរទស្សន៍​ អំពី​រង្វាន់​ ដែល​ផ្តល់​ទៅ​អ្នក​ផឹក​។​ ការ​ឃោសនា​នោះ​ ទាក់​ទាញ​កុមារ​ និង​យុវជន​ជំទង់​ ចង់​ផឹក​សាក​ ដើម្បី​ឈ្នះ​
រង្វាន់​។​ បញ្ហា​ទាំង​នេះ​ ទើប​យុវជន​ សិស្ស​ និស្សិត​ ព្រះសង្ឃ​ នាំ​គ្នា​ប្រមូល​អនុសាសន៍​ចំនួន​៤​ សំខាន់​ គឺ​ការ​តម្លើង​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង​ ដែល​អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ចំណូល​ខ្ពស់​ ហើយ​អ្នក​ខ្លះ​ ដែល​ចង់​ផឹក​គ្រឿង​ស្រវឹង​ មិនអាច​រក​ទិញ​គ្រឿង​ស្រវឹង​មក​ផឹក​បាន​ងាយ​។​ មួយ​វិញ​
ទៀត ​កំណត់​កន្លែង​លក់​គ្រឿង​ស្រវឹង​ និង​អាយុ​អ្នក​ផឹក​គ្រឿង​ស្រវឹង​ និង​បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជាដើម ​ទើប​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​។ 

គ្រឿង​ស្រវឹង​នេះ​ទៀត​ គឺ​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ លើ​ពិភពលោក​ប្រមាណ​២,៥​លាន​នាក់​ ក្នុង​មួយ​ឆ្នាំ​ៗ​ និង​
បង្ក​ឲ្យ​មាន​ជំងឺ​ ជាង​២០០​មុខ​ ដូចជា​ មហារីក​បំពង់​អាហារ​ មហារីក​ថ្លើម​ ជំងឺ​ស្ទះ​សរសៃ​ឈាម​ ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​ ដាច់​សរសៃ​ខួរក្បាល​ ជំងឺ​ក្រិនថ្លើម​ រលាក​លំពែង​ និងវិកល​វិបល្លាស​ជាដើម។ លោក​ថា​សង្គម​ស៊ីវិល​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ចាំបាច់​ត្រូវ​បង្កើត​ច្បាប់​
គ្រប់គ្រង​គ្រឿង​ស្រវឹង​៖ «ខាង​សភា​ ខាង​ព្រឹទ្ធសភា​ មាន​ជំហរ​មួយ​ឯកភាព​គ្នា​ គឺ​ថា​ជម្រុញ​ឲ្យ​មាន​គោល​នយោបាយ​គ្រឿង​ស្រវឹង​នឹង​ ឲ្យ​បាន​ឆាប់​ នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ​ ក៏​ប៉ុន្តែ​សង្គម​ស៊ីវិល​ក៏​ខំ​ប្រឹង​ដែរ​ គឺ​ប្រឹង​រុញ​។​ ប៉ុន្តែ​ក្នុង​នោះ​ដែរ​ យើង​នឹង​រៀបចំ​ឲ្យ​មាន​ក្រុម​ពិសេស​មួយ​ ដើម្បី​ធ្វើការ​ជាមួយ​ គាត់​(​សភា​ ព្រឹទ្ធសភា​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​) ដើម្បី ​ពន្លឿន​នូវ​គោល​នយោបាយ​គ្រឿង​ស្រវឹង​នឹង​។​ 

ប៉ុន្តែ​យើង​ឃើញ​ថា​ អ្វី​ដែល​សំខាន់​នឹង​ គឺ​ក្រសួង​សុខាភិបាល​ យើង​ឃើញ​ថា​ នៅ​មាន​ការ​យឺតយ៉ាវ​ ចំពោះ​ការ​រុញ​បញ្ហា​គ្រឿង​ស្រវឹង​នឹង​​ឲ្យ​ចេញ​ឆាប់​។​ យើង​ឃើញ​ថា​ មក​ដល់​ពេល​នេះ​ ទើប​នឹង​មាន​ផែនការ​យុទ្ធសាស្រ្ត​៥​ឆ្នាំ​ អីចឹង​យើង​អត់ទាន់​បាន​ឈាន​ទៅ​ដល់​ការ​ធ្វើ​សេចក្តី​ព្រាង​គោល​នយោបាយ​ទេ​ នេះ​ជា​បញ្ហា​។»

ព្រះសង្ឃ​មួយ​អង្គ​និមន្ត​ពី​វត្ត​នន្ទមុន្នី​ សង្កាត់​ស្ទឹងមានជ័យ​ មក​ចូលរួម​ក្នុង​វេទិកា​នោះ​ មាន​ថេរដីកា​បន្ថែម​ថា​ ដើម្បី​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង​ រដ្ឋាភិបាល​គួរ​បង្កើត​ផលិតផល​ជំនួស​គ្រឿង​ស្រវឹង​វិញ​៖ «ពេលណា​មាន​ អ្នក​ទៅ​ទិញ​ ឧបមា​ថា​ទិញ​ផ្លែប៉ោម​ ពេលណា​គ្មាន​ផ្លែប៉ោម​ គេ​នឹង​ប្តូរ​ចិត្ត​ ទៅ​ទិញ​ផ្លែ​សារី​វិញ​ម្តង​ ដើម្បី​ទទួល​ទាន​។​ នេះ​គឺ​ជា​លទ្ធផល​ជំនួស​។ ទាក់ទង​គ្រឿង​ស្រវឹង​ ក៏​អីចឹង​ដែរ​។»​

យុវនារី​មួយ​រូប​ផ្តល់​យោបល់​ថា​ បាវចនា​របស់​ប្រទេស​កម្ពុជា​ មាន​ជាតិ​ សាសនា​ និង​ព្រះ​មហាក្សត្រ​។​ ក្នុង​៣​នោះ​ គឺ​បាវចនា​ជាតិ​ កំពុង​ត្រូវ​បាន​អ្នក​ឃោសនា​គ្រឿង​ស្រវឹង​យក​ទៅ​ផ្សព្វផ្សាយ​ ហើយ​អ្នក​ទិញ​ គ្រឿង​ស្រវឹង​ផឹក​ កំពុង​តែ​យក​ពាក្យ​បាវចនា​ជាតិ​នោះ​ ទៅ​លេង​សើច​៖ «ហេតុ​អី​បាន​ជា​ជាតិ​របស់​យើង​ នៅ​លើ​កំប៉ុង​ប៊ីយែ​ នៅ​លើ​អីចឹង​? ​ បេះដូង​ខ្ញុំ​មិនមែន​លើ​កំប៉ុង​ប៊ីយែ​ទេ​ បេះដូង​ខ្ញុំ​នៅ​កន្លែង​ផ្សេង​ទេ​ ហើយ​មោទនភាព​ខ្ញុំ​ក៏​មិនមែន​នៅ​លើ​ធុងប៊ីយែ​ដែរ​។ ​អីចឹង​ខ្ញុំ​មិន​ដឹង​ ថា​តើ​នៅ​ក្នុង​គោល​នយោបាយ​ ឬ​ក៏​វិធានការ​ អនុសាសន៍​អី​នឹង​យើង​អាច​ដាក់​បញ្ចូល​តែ​មួយ​ឃ្លា​ ហើយ​តើ​យើង​គួរ​មាន​បទ​ប្បញ្ញត្តិ​ ក្នុង​ការ​កំរិត​ការ​ដាក់​ឈ្មោះ​ និង​ពាក្យ​ស្លោក​ទាក់ទង​ទៅ​នឹង​ជាតិ​និយម​នឹង​ដែរ​ ឬ​អត់​!។»

របាយការណ៍​វេទិកា​ផ្តល់​យោបល់​ស្តី​ពី​វិធានការ​ កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ បង្ហាញ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ តែងតែ​លើក​ឡើង​ថា​ ការ​វិនិយោគទុន​គ្រឿង​ស្រវឹង​ផ្តល់​ដល់​រដ្ឋាភិបាល​ នូវ​ប្រាក់​ចំណូល​ពន្ធ​ច្រើន​។​ ប៉ុន្តែ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ សុទ្ធ​តែ​បាន​ អះអាង​ថា​ ចំណូល​ពន្ធ​ពី​គ្រឿង​ស្រវឹង​ គឺ​មាន​ចំនួន​តិច​ជាង​ការខាតបង់​ទ្រព្យ​សម្បត្តិ​ ដែល​បង្ក​ដោយ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​។​ ជាក់ស្តែង​នៅ​ប្រទេស​ថៃ​ ការ​ប្រមូល​ពន្ធ​ពី​គ្រឿង​ស្រវឹង​ បាន​៧០​ពាន់​ លាន​បាត​នៅ​ឆ្នាំ​២០០៦​។​ ប៉ុន្តែ​ប្រទេស​នោះ​ ត្រូវ​ចំណាយ​ទៅ​លើ​ការ​ដោះស្រាយ​ បញ្ហា​ដែល​បង្ក​ដោយ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដល់​ទៅ​១៥០​ពាន់​លាន​បាត​ គឺ​ក្នុង​១​ឆ្នាំ​ ប្រទេស​ថៃ​ខាត​ថវិកា​៨០​ពាន់​លាន​បាត​ ដោយសារ​បញ្ហា​គ្រឿង​ស្រវឹង​។​

ចំណែក​នៅ​ប្រទេស​កម្ពុជា​ ការ​ចំណូល​ពន្ធ​ពី​ផលិតផល​គ្រឿង​ស្រវឹង​ មិន​បាន​ប្រកាស​ជា​សាធារណៈ​ ហើយ​អ្នក​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ មិន​បាន​ត្រួត​ពិនិត្យ​ អ្នក​បញ្ជា​យានយន្ត​ មាន​ជាតិ​ស្រវឹង​ ឬ​អត់​ ទើប​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ ក្នុង​១​ថ្ងៃៗ​ ច្រើន​ជាង​៥​នាក់ ​និង​អ្នក​របួស​ច្រើន​នាក់​ផ្សេង​ទៀត​៕

More

យុវជន​១​ក្រុម​គ្រោង​ហែ​ក្បួន​ដាក់​ញត្តិ​ទាមទារ​យុត្តិធម៌​ជូន​អ្នក​ស្លាប់​នៅ​ក្បាល​ថ្នល់

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ មក​ពី​សាកលវិទ្យាល័យ​នានា បាន​ជួបជុំ​គ្នា​បង្ហាញ​ គោល​ជំហរ​របស់​ខ្លួន​ ថា នឹង​ទាមទារ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ រក​យុត្តិធម៌​ដល់​ពល រដ្ឋ​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ ព្រឹត្តិការណ៍​ហិង្សា​ នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជា​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​មក​ពី​សាកលវិទ្យាល័យ​មួយ​ចំនួន ធ្វើ​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៣ នា​រាជធានី​ភ្នំពេញ។

យុវជន​ខ្មែរ​មួយ​ក្រុម គ្រោង​ហែ​ក្បួន​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០​នាក់​ពី​រមណីយដ្ឋាន​វត្ត​ភ្នំ យក​ញត្តិ​ស្នាម​មេដៃ​ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​ពលរដ្ឋ​ម្នាក់ និង​អ្នក​របួស ១​ចំនួន​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ច្បារអំពៅ នៅ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម។

នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​ទី​ ១៤ ខែ​តុលា យុវជន ហេង សំណាង បាន​ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ពួកគេ​បាន​ដាក់​លិខិត​ជូន​ដំណឹង​រៀបចំ​ពិធី​សម្ដែង​មតិ​នៅ​រមណីយដ្ឋាន​វត្ត​ ភ្នំ ហើយ​ហែ​ញត្តិ​ទៅ​សាលា​ដំបូង ប៉ុន្តែ​មន្ត្រី​ពី​សាលា​រាជធានី​អះអាង​ថា ពួកគេ​មាន​កំហុស​ផ្នែក​រដ្ឋបាល មិន​អាច​ទទួល​យក​លិខិត​ទាំង​នោះ​បាន។

យុវជន​ដដែល​បាន​បន្ត​ថា ទោះ​ជា​យ៉ាង​ណា​ពួកគាត់​នៅ​តែ​ធ្វើ​ពិធី​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ម្នាក់​ដែល​បាន​ស្លាប់ និង​ជាង ២០​នាក់​ទៀត​រង​របួស ក្នុង​ព្រឹត្តិការណ៍​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ច្បារអំពៅ នៅ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

នាយក​ទីចាត់ការ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​បដិសេធ​ថា សាលា​រាជធានី​នៅ​ពុំ​ទាន់​បាន​ឃើញ​ការ​ស្នើសុំ​ហែ​ក្បួន​របស់​ក្រុម​យុវជន​ នោះ​ទេ។ លោក​ថា បើ​មាន​ការ​ស្នើ​សុំ​លោក​នឹង​ពិនិត្យ​សុំ​គោលការណ៍​ពី​ថ្នាក់​ដឹកនាំ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមិន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​បន្ទាន់​មួយ​និង​ដោយ​ឥត​លំអៀង​ចំពោះ​ករណី​បាញ់​សម្លាប់ ​ប្រជាពលរដ្ឋ​ឈ្មោះ ម៉ៅ សុខចន្ទ និង​ករណី​បាញ់​ឲ្យ​របួស​ប្រជាពលរដ្ឋ​ប្រមាណ ២៤​នាក់​ទៀត ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ក្នុង​អំពើ​ហិង្សា​រវាង​អ្នក​តវ៉ា​បក្ស​ប្រឆាំង និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស និង​សមត្ថកិច្ច​ដែល​ដាក់​រនាំង​លួស​បន្លា​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ ថ្នល់​ច្បារអំពៅ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បាន​កោត​សរសើរ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​យុវជន​នេះ។ លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​បន្ត​ធ្វើ​សកម្មភាព​ដើម្បី​សង្គម​របៀប​នេះ ​បន្ត​ទៀត ដើម្បី​ដាស់​សតិ​អារម្មណ៍​ដល់​យុវជន​និង​បញ្ញវន្ត​ទូទាំង​ប្រទេស។ លោក​ថា​នេះ​ជា​ការ​សម្ដែង​សុឆន្ទៈ​របស់​យុវជន។

នៅ​ថ្ងៃ​ប៉ះទង្គិច​រវាង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស​ជាមួយ​ សមត្ថកិច្ច​ដែល​ដាក់​រនាំង​លួស​បន្លា​បិទ​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ប្រជាពលរដ្ឋ ៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា។

នៅ​ថ្ងៃ​ទី​១១ ខែ​តុលា តុលាការ​បាន​ប្រកាស​ដោះលែង ៤​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​នៅ​សល់​មនុស្ស ២​នាក់​ទៀត​ដែល​មិន​ទាន់​ដោះលែង។ ទាក់ទង​ការ​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​នៅ​សល់​ពីរ​នាក់​ក្នុង​ពន្ធនាគារ​នេះ នៅ​ថ្ងៃ​ទី​១៤ តុលា មេធាវី​ការពារ​ក្ដី​របស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​ប្ដឹង​ទៅ​ឧទ្ធរណ៍​​ដើម្បី​ជំទាស់​ទៅ​នឹង​ការសម្រេច​របស់​សាលាដំបូង​ រាជធានី​នេះ៕

More

អ្នក​គាំទ្រ​បក្ស​​ប្រឆាំង​​តវ៉ា​ទាមទារ​ស្លាក​សញ្ញា​បក្ស​ពី​អាជ្ញាធរ​ស្រុក​សូទ្រនិគម

អាជ្ញាធរ​​ស្រុក​សូទ្រនិគម ដែល​នៅ​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​ប្រើ​អំណាច​ទៅ​កាត់​ផ្ដាច់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ១​ផ្ទាំង​ធំ ដែល​ដាក់​តាំង​នៅ​ជិត​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក ហើយ​​បាន​ដឹក​យក​ចេញ​ពី​កន្លែង​ដើម កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​តុលា កន្លង​ទៅ។
១៤-តុលា-២០១៣៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​សែង​ស្លាក​សញ្ញា​ចេញ​ពី​សាលា​ស្រុក​សូទ្រនិគម មក​រក​កន្លែង​ថ្មី ដើម្បី​លើក​តាំង​ជា​បន្ត​ទៀត។

សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ២០០​នាក់ បាន​​លើក​គ្នា​ទៅ​ស្រែក​តវ៉ា​នៅ​មុខ​សាលា​ស្រុក​​សូទ្រនិគម កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ តុលា ដើម្បី​ទាមទារ​ឱ្យ​មន្ត្រី​​សាលា​ស្រុក​នោះ​ប្រគល់​ស្លាក​សញ្ញា​គណបក្ស ១​ផ្ទាំង​មក​ឱ្យ​ពួកគេ​វិញ។

ការ​លើក​គ្នា​ទៅ​ស្រែក​ទាមទារ​នោះ បន្ទាប់​ពី​​មាន​ជន​មិន​ស្គាល់​មុខ​បាន​យក​ធូប​អគ្គិសនី​ទៅ​កាត់​ផ្ដាច់​ជើង ​ដែក​របស់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ១​ផ្ទាំង ទំហំ ២​ម៉ែត្រ ​គុណ​នឹង ២​ម៉ែត្រ​កន្លះ ហើយ​ដឹក​ចេញ​ទៅ​បាត់​នៅ​ពេល​យប់ ក៏​ប៉ុន្តែ​ក្រោយ​មក​គេ​ដឹង​ថា ស្លាក​នោះ​បាន​យក​ទៅ​ដាក់​​​នៅ​ក្នុង​បរិវេណ​​សាលា​ស្រុក​សូទ្រនិគម។

ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សូទ្រនិគម នៃ​គណបក្ស សម រង្ស៊ី គឺ​លោក ហេង លី។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​តុលា ថា ស្លាក​សញ្ញា​នោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាត់​ដឹក​​យក​ទៅ​នៅ​ពេល​យប់ បន្ទាប់​ពី​មន្ត្រី​សាលា​ស្រុក​បាន​ទូរស័ព្ទ​ប្រាប់​មក​លោក​ឱ្យ​ទៅ​រុះរើ​ ចេញ​ជា​​ច្រើន​ដង​មក។

តំណាងរាស្រ្ត​មណ្ឌល​សៀមរាប ​អ្នកស្រី កែ សុវណ្ណរតន៍ បាន​ហៅ​សកម្មភាព​​​​កាត់​ផ្ដាច់​ជើង​ដែក ហើយ​យក​ស្លាក​សញ្ញា​គណបក្ស​ចេញ​ទៅ​ដោយ​​​ក្រុម​អាជ្ញាធរ​ស្រុក​សូទ្រនិគម​ នោះ ថា​ជា​អំពើ​លួច។

អ្នកស្រី កែ សុវណ្ណរតន៍ បាន​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​សូទ្រនិគម ធ្វើ​របៀប​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​អ្នកស្រី​នឹង​ដាក់​ពាក្យ​​ប្ដឹង​ទៅ​តុលាការ៖ «ភាព​មិន​ស្មើ​គ្នា​ រវាង​គណបក្ស​កាន់​អំណាច​នេះ ដែល​លើក​ស្លាក​ប្រើប្រាស់​រហូត​ដល់​ប៉ាណូ​ធំៗ ដែល​ក្រុមហ៊ុន​គេ​ជួល ត្រូវ​បង់​ថវិកា​ចូល​ជាតិ គឺ​គណបក្ស​ប្រជាជន​ប្រើ​ប្រាស់​តែ​ឯង។ ហេតុ​អ្វី​ក៏​មិន​មាន​ភាព​ត្រឹមត្រូវ​ដូច​គណបក្ស​ដទៃ​ទៀត។ អ៊ីចឹង​អ្វី​ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​ខុស​ច្បាប់​ទាំង​ស្រុង។ ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ជា​ការ​ព្រមាន ក៏​ដូច​ជា​ការ​ប្រាប់​ទៅ​តំណាង​ផ្សេងៗ​ទៀត របស់​គណបក្ស​កាន់​អំណាច​ឱ្យ​បញ្ឈប់​អំពើ​គំរាមកំហែង»

អ្នកស្រី កែ សុវណ្ណរតន៍ បាន​បញ្ជាក់​បន្ថែម​ថា ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ មួយផ្ទាំង​ដែល​​ដាក់​នៅ​​ទី​សាធារណៈ ជិត​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​សូទ្រនិគម​នោះ ​គឺ​មិន​មាន​​អ្វី​ខុស​ច្បាប់​ទេ នៅ​ពេល​ដែល​ស្លាក​សញ្ញា​គណបក្ស​ដទៃ​ទៀត​​អាច​ដាក់​បាន។
វិទ្យុ​អាស៊ីសេរី មិន​បាន​​​ជួប​ជាមួយ​លោក ឌិត ដន ជា​អភិបាល​ស្រុក​សូទ្រនិគម ដើម្បី​សុំ​ការ​ពន្យល់​អំពី​បញ្ហា​នោះ​បាន​យ៉ាង​ណា​ឡើយ។

ក៏​ប៉ុន្តែ​អភិបាល​រង​ស្រុក​សូទ្រនិគម អ្នកស្រី ងិន ម៉ុម បាន​មាន​ប្រសាសន៍​ថា ការ​កាត់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​នោះ គឺ​ជា​បញ្ជា​របស់​លោក​អភិបាល​ស្រុក​តែម្ដង បន្ទាប់​ពី​ប្រធាន​ ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​​ស្រុក​បាន​ដាក់​ពាក្យ​បណ្ដឹង​ឱ្យ​រុះរើ​ ចេញ៖ «ដោយ​លោក​អភិបាល​ស្រុក បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ហើយ ថា​ឱ្យ​រើ​ស្លាក​នោះ​ចេញ ព្រោះ​ពាក្យ​បណ្ដឹង​របស់​ការិយាល័យ​ស្រុក​ប្រតិបត្តិ​សូទ្រនិគម​នេះ គាត់​ត្រូវ​ការ​លើក​ស្លាក​បង្ហាញ​សុខភាព​ប្រជាជន​នៅ​មុខ​កន្លែង​គាត់។ អត់​បញ្ហា​ទេ ប្រសិន​បើ​គាត់​ដាក់​ពាក្យ​ប្ដឹង ក៏​ដាក់​ទៅ​មិន​ព្រួយ​បារម្ភ​ទេ»

អាជ្ញាធរ​ស្រុក​សូទ្រនិគម បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​តុលា គឺ​គេ​បាន​ជូន​ដំណឹង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ រុះរើ​​ស្លាក​សញ្ញា​ចេញ​​ពី​មុខ​ការិយាល័យ​សុខាភិបាល​ ​​ប្រតិបត្តិ​ស្រុក​ចំនួន ៣​លើក​មក​ហើយ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ប្រើ​ អំណាច​របស់​អាជ្ញាធរ​ស្រុក​​សូទ្រនិគម ទៅ​រុះ​រើ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ជា​ការ​មិន​ត្រឹម​ត្រូវ​ទេ ពី​ព្រោះ​កន្លែង​ដាក់​ស្លាក​សញ្ញា គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​អ្វី​ឡើយ៕


More

ស្រី​ស្អាត​ម្នាក់​ព្រមាន​ប្តឹង​អ្នក​យក​រូបថត​និង​ឈ្មោះ​របស់​នាង​បង្កើត​Account​ Facebook​ បង្កាច់បង្ខូច​ថា​ នាង​ប្រកាស​លក់ខ្លួន


ស្រី​ស្រស់​ក្មេង​ម្នាក់​ឈ្មោះ​ ចិន្តា​ បាន​ធ្វើការ​ព្រមាន​ថា​ នាង​នឹង​ប្តឹង​អ្នក​ដែល​យក​រូបថត​និង​ឈ្មោះ​របស់​នាង​មក​បង្កើត​ជា​ Account​ Facebook​ ដោយ​ Post​ រូប​នាង​ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​ ព្រមទាំង​ Post​ មួលបង្កាច់​ថា​ នាង​បាន​ប្រកាស​លក់ខ្លួន​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ។​
​នាង​ ចិន្តា​ បាន​ឲ្យ​ដឹង​ថា​ នា​រយៈពេល​កន្លង​មក​ និង​ទល់​បច្ចុប្បន្ន​នេះ​ មាន​ជនខិលខូច​បាន​លួច​យក​រូបថត​និង​ឈ្មោះ​ពិតប្រាកដ​របស់​នាង​មក​បង្កើត​ជា​ Account​ Facebook​ ដោយ​ Post​ រូប​នាង​ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​ ដើម្បី​ឲ្យ​អ្នកលេង​ Facebook​ យល់​ច្រឡំ​ថា​ ជា​សកម្មភាព​លើ​គ្រែ​របស់​នាង​ ។​ លើស​ពី​នេះ​ ជន​កំហូច​នោះ​បាន​ Post​ មួលបង្កាច់​ទៀត​ថា​ នាង​បាន​ប្រកាស​លក់ខ្លួន​រួម​ភេទ​ក្នុង​មួយ​យប់​ចំនួន​២០​ដុល្លារ​អា​មេ​រិ​ ក​ផង​ដែរ​ ។​

​ស្រី​ស្រស់​ ចិន្តា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រូបភាព​អាសអាភាស​ដែល​ជាស​កម្ម​ភាពលើ​គ្រែ​ ត្រូវ​បាន​គេ​យក​មក​ Post​ ក្នុង​ Facebook​ ភ្ជាប់​ជាមួយ​រូបថត​នាង​ពិតប្រាកដ​នោះ​ មិនមែន​ជា​រូប​នាង​ទេ​ ប៉ុន្តែ​មាន​ជនខិលខូច​តាម​ឈ្នានីស​ព្យាបាទ​នាង​ ដើម្បី​ឲ្យ​នាង​ខ្មាស​គេ​ក្នុង​ Facebook​ ខណៈ​ដែល​នាង​ឈប់​លេង​ Facebook​ ជា​យូរ​មក​ហើយ​ ។​ ​
នាង​ ចិន្តា​ បាន​រៀបរាប់​ថា​ កាល​នាង​ដាក់​ពាក្យសុំ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ គឺ​នាង​បាន​ស្គាល់គ្នា​ជាមួយ​បុរស​ម្នាក់​ ហើយ​បុរស​នោះ​សុំ​ស្នេហ៍​នាង​ តែ​នាង​មិន​ព្រម​ ធ្វើ​ឲ្យ​បុរស​នោះ​មាន​អារម្មណ៍​អាក់​អន់ស្រពន់​ចិត្តនឹង​រូប​នាង​ ។​ នា​ពេល​នោះ​ នាង​មាន​ Account​ Facebook​ ហើយ​នាង​តែង​ Post​ រូបថត​នាង​ក្នុង​ Timeline​ របស់​នាង​ជា​រឿយៗ​ ដោយ​មិន​នឹក​ស្មានថា​ រូបថត​ទាំងនោះ​របស់​នាង​ត្រូវ​បាន​ជនខិលខូច​យក​មក​ប្រើប្រាស់​ Post​ ភ្ជាប់​ជាមួយ​រូបភាព​អាសអាភាស​បែប​នេះ​សោះ​ ។​ នាង​បាន​កំណត់​មុខសញ្ញា​ថា​ ជនខិលខូច​កំពុង​តាម​ព្យាបាទ​ឈ្នានីស​នាង​តាម​ Facebook​ គឺជា​បុរស​ដែល​សុំ​ស្នេហ៍​នាង​មិន​បាន​នោះ​ហើយៗ​គេ​សងសឹក​នាង​តាម​វិធី​ ថោកទាប​បែប​នេះ​ ។​ ​

ស្រី​ស្រស់​ ចិន្តា​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា​ នាង​រកបាន​រូបថត​ពិតប្រាកដ​របស់​បុរស​កំហូច​រូប​នោះ​ហើយៗ​នាង​ក៏​បាន​ប្តឹង​ បង្ការ​ទុក​ទៅ​សមត្ថកិច្ច​រួច​ជា​ស្រេច​ ក្នុង​ករណី​បុរស​កំហូច​នោះ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ថោកទាប​បែប​នេះ​ទៀត​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ នៅ​ក្នុង​ Timeline​ នៃ​បណ្តាញ​សង្គម​ Facebook​ ដែល​មាន​ដាក់​ Cover​ និង​ Profile​ ជា​រូបថត​នាង​ ចិន្តា​ នោះ​ ឃើញ​មាន​ Post​ នូវ​រូបភាព​អាសអាភាស​ដែល​ជា​សកម្មភាព​សិច​លើ​គ្រែ​របស់​នារី​រូប​ស្រស់​ ម្នាក់​ជា​ច្រើន​សន្លឹក​ និង​បាន​ Post​ បញ្ជាក់​ថា​ នាង​ចិន្តា​ប្រកាស​លក់ខ្លួន​រួម​ភេទ​ក្នុង​មួយ​យប់​ចំនួន​២០​ដុល្លារ​អា​មេ​ រិ​ក​ ព្រមទាំង​ថា​ នាង​ចូល​ចិត្ត​បៀម​លិង្គ​ទៀត​ផង​ ។​

​សូម​រំលឹក​ជូន​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ Account​ អនាមិក​មួយ​ដោយ​ដាក់​ឈ្មោះ​ថា​ San​ Chhay​ បាន​យក​រូបថត​នាង​ ចិន្តា​ ទៅ​ Post​ នៅ​ក្នុង​ Group​ មួយ​ឈ្មោះ​ Life​ education​ ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​អាសអាភាស​ដែល​ជា​សកម្មភាព​សិច​លើ​គ្រែ​របស់​ ស្ត្រី​ម្នាក់​យ៉ាង​ស្រើបស្រាល​ជា​ច្រើន​សន្លឹក​ ។​ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ “DTN7.COM”​រួច​មក​ Account​ ឈ្មោះ​ San​ Chhay​ ក៏​រលាយខ្លួន​ពី​ក្នុង​ Facebook​ បាត់​ទៅ​ និង​រូបភាព​នៅ​ក្នុង​ Group​ Life​ education​ ដែល​មាន​សមាជិក​ជាង​១​ម៉ឺន​នាក់​នោះ​ ក៏​រលាយ​បាត់​ទៅ​ជាមួយ​គ្នា​ដែរ​ ៕​

____________________
ប្រភពព័ត៌មានពី៖ ដើមត្នោត

More

គង់ វង្សយ៉ាទី មិន​ទាន់​បាត់​ចំហាយ​រិះគន់ រឿង​ពាក់អាវ​វៀល​ក្លៀក​ចូល​វត្ត


ភ្នំពេញៈ ពិធីការិនីរាងតូចច្រឡឹង ប្រចាំនៅស្ថានីយទូរទស្សន៍ ស៊ីធីអិន កញ្ញា គង់ វង្សយ៉ាទី ក្រោយពីចាប់ផ្តើម មានភាពលេចធ្លោ នៅក្នុងវិស័យសិល្បៈ ផ្នែកពិធីការិនីរួចមក គេសង្កេតឃើញ សន្ទុះកេរ្តិ៍ឈ្មោះ របស់នាង ហក់ឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅក្នុងការរិះគន់យ៉ាងចាស់ដៃ ពីទស្សនិកជនលើ ការស្លៀកពាក់របស់នាង ក៏ច្រើនលើក ច្រើនសារដូចគ្នា ។ ជាស្ដែងកាលពីថ្មីៗ នេះនាងក៏ត្រូវបាន ទស្សនិកជន ធ្វើការរិះគន់ជាថ្មីម្តងទៀត ពីរឿងស្លៀកពាក់សិចស៊ី ជ្រុលហួសហេតុពេក ។ នៅក្នុងពិធីបុណ្យប្រពៃណីខ្មែរ គេតែងតែឃើញ វត្តមានស្ត្រីខ្មែរស្លៀក សម្លៀកបំពាក់ បែបស្រគត់ស្រគំ ស័កិ្តសមជានារីខ្មែរ ដោយមា នអាវប៉ាក់ហូលផាមួង ឬក៏ពាក់អាវសរ សំពត់បិទជាដើម។ ប៉ុន្តែដោយឡែក ពិធីការិនី និងជាតារាសម្តែង កញ្ញា គង់ វង្សយ៉ាទី បែរជាត្រូវមហាជន ធ្វើការរិះគន់ ដោយមិនសំចៃមាត់ ទៅលើនាង ក្រោយពីនាងបានពាក់ អាវសវៀលក្លៀក ចូលវត្តរាប់បាត្រ ហើយត្រូវបានគេយករូបនោះមក បង្ហោះនៅលើ Facebook ។ ស្រីស្រស់ គង់ វង្សយ៉ាទី នាពេលកន្លងមកធ្លាប់ ត្រូវបានទស្សនិកជនធ្វើការរិះគន់ ទៅលើការថតរូប អត់ពាក់អាវក្នុង ស្រាប់តែមិន ទាន់ស្ងប់ស្ងាត់ស្រួលបួលផង នាងក៏ទទួលបាន ការរិះគន់បន្តពី មួយទៅមួយទៀត ក្រោយពីនាង បានរំលេចរូបថត ពាក់អាវមិនសមរម្យ (អាវដៃតូច) ចូលក្នុងទីធ្លាវត្ត ដោយមើលទៅហាក់មិនមែន ជាសុភាពនារីខ្មែរនោះទេ។ 


ម្យ៉ាងការស្លៀកពាក់របស់នាង ក៏មិនដូចតារាស្រីដទៃផ្សេងទៀត ដែលគេគ្រង សម្លៀកបំពាក់ប្រពៃណី យ៉ាងសមសួន ឆ្លុះបញ្ចាំងពីប្រពៃណីខ្មែរ ។ ប្រភពព័ត៌មានទម្លាយប្រាប់ថា នេះមិនមែនជាលើកទី១ទេ ដែលតារាស្រីរូបនេះ បង្ហាញពីភាពសិចស៊ី និងការបង្ហោះរូបមិនពាក់អាវ ក្នុងការសម្ញែងភាព សិចស៊ីបង្អួតដើមទ្រូង ។ តែរូបថតពាក់អាវដៃតូចសិចស៊ី ចូលវត្តអារាម ដែលខុសពីប្រពៃណី នាពេលកន្លងមក ត្រូវគេគិតថា មិនធ្លាប់មាន សិល្បការិនីណាម្នាក់ ស្លៀកពាក់បែបនេះ ចូលវត្តដូចនាងឡើយ ។ ជាមួយគ្នានេះ ទស្សនិកជន ក៏បានផ្ញើរសារទៅដល់ តារាស្រីមួយដួងនេះថា “ មុននឹងសម្រេចចិត្តចូល រួមកម្មវិធីណាមួយ គួរតែគិត មើលឲ្យច្បាស់ជា មុនសិនកុំឲ្យឆ្គងភ្នែក ទស្សនិកជន ដែលសម្លឹងមើលនាង និងមានយុវវ័យមួយចំនួន ក៏យកជាគំរូក្នុងនាមជាអ្នកសិល្បៈ គួរណាស់តែធ្វើជាគំរូល្អ ចូលរួមចំណែកលើកស្ទួយ ប្រពៃណីវប្បធម៌ខ្មែរ ឲ្យមានភាពលេចធ្លោកាន់តែខ្លាំង ” ។ LookingTODAY មិនទាន់អាចទាក់ទង ទៅស្រីស្អាតរូបនេះ ដើម្បីឲ្យនាងបកស្រាយ ពាក់ព័ន្ធបញ្ហានេះបានទេ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ នេះ ៕

More

លោក កឹម សុខា​៖ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំ​ង ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​សម្តេច​ព្រះ នរោត្តម សីហនុ ទេ​


ភ្នំពេញ: ​ក្នុង​ពិធី​បង្សុកូល គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ នៅ​ទីស្នាក់ការ​កណ្តាល របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៤​តុលា​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹងថា អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំ​ង​របស់​លោក ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ នៅ​វិមាន​ព្រះ​បរម​រូប សម្តេចព្រះ នរោត្តម សីហនុ លើ​សួនច្បារ ខាងកើត​វិមានឯករាជ្យ នៅ​រសៀល​ថ្ងៃ​នេះ​ទេ​។​

​លោក កឹម សុខា បន្តថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ ក៏​អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ក្នុង​ព្រះបរមរាជវាំង ដើម្បី​ចូលរួម​ប្រារព្ធ​ព្រះរាជ​ពិធី​រម្លឹក​ខួប​គម្រប់ ១ ឆ្នាំ របស់​សម្តេច​ព្រះ នរោត្តម សីហនុ ផងដែរ​។​

​លោក កឹម សុខា លើកឡើងថា អាជ្ញាធរ អះអាងថា ទាល់តែ​ពិធី​ផ្លូវការ នៃ​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​១៥ ខែតុលា រួចរាល់ ទើប​គេ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំ​ង ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ នៅ​ទី​តម្កល់​ព្រះ​បរម​រូប​។​
​លោក កឹម​សុខា បាន​ប្រាប់​អ្នកកាសែត ថា លោក​នឹង​ដាក់​លិខិត​ទៅ​អាជ្ញាធរ ដើម្បី​ស្នើសុំ ដឹកនាំ​គណៈប្រតិភូ​បក្សប្រឆាំង ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​៕​
___________________
ប្រភពព័ត៌មានពី៖ CEN

More

ចង់​​ផ្លាស់​ប្តូរ​​បរិ​យា​កាស​​ឬ​​ទប់​​តម្រេក​​មិន​បាន នាំ​គ្នា​​រួម​​រ័ក្ស​​ក្នុង​​អាង​​ហែល​​ទឹក​​យ៉ាង​​​​​​រំជួល​




ប្រទេស​សិង្ហ​បុរី ៖ ដោយ​​ទំ​នង​ជា មាន​​តម្រេក​​ត​ណ្ហា ពុះ​ក​ញ្ជ្រោល​​ទប់​​មិន​​ជាប់ ឬ​​ក្រោម​​ហេ​តុ​ផល នៃ​​ការ​ផ្លាស់​ប្តូរ​​បរិ​យា​កាស គូ​ស្នេហ៍​​មួយ​គូ​​បាន​រួម​​រ័ក្ស​​គ្នា យ៉ាង​រំជើប​រំ​ជួល នៅ​ក្នុង​​អាង​​ហែល​​ទឹក Bukit Timah Condoនៃ​​ប្រ​ទេស សិង្ហបូរី នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹងថា គូស្នេហ៍​មួយគូ​នេះ បានរួម​រ័ក្ស​គ្នា កាលពី​ថ្ងៃទី​២៩ ខែមីនា មក​ម្លេះ ប៉ុន្តែ​គេ​ទើបតែ​ទទួល បាន​វីដេអូ ដែល​បាន​ថត​ជាប់ ក្នុង​កាមេរ៉ា សុវត្ថិភាព​។ វីដេអូ​មួយ​ខ្សែ​នេះ  ត្រូវបាន​បញ្ជូន​ឲ្យ​ទូរទស្សន៍ CCTV របស់​ចិន ដើម្បី​ធ្វើការ​រិះគន់ ចំពោះ​សកម្មភាព មិន​សម​ទំនង​របស់​ពួកគេ​ទាំង​២​នាក់​។

​ក្នុង​អត្ថបទ​ព័ត៌មាន ក៏បាន​បញ្ជាក់​ផងដែរ​ថា ពេលនោះ​ជា​ថ្ងៃ​ដែល​ពួកគេ មាន​សេចក្តីសុខ​ស្រួល​បំផុត ខណៈដែល​មិនមាន​មនុស្ស មក​ហែល​ទឹក​ឡើយ ព្រោះ វា​មិន​ជា​ថ្ងៃ​ឈប់សម្រាក ហើយ​គ្រប់គ្នា​ជាប់រវល់ ធ្វើការ ក៍​ដូចជា​ទៅ​រៀន​ផងដែរ​។ សកម្មភាព​បែបនេះ សូម​ប្រជាពលរដ្ឋ​ខ្មែរ កុំ​យកតម្រាប់​តាម គូស្នេហ៍​នេះ​ឲ្យ​សោះ​៕


More

និស្សិត​​សា​ក​ល​វិ​ទ្យា​ល័យ​​មេ​គង្គ​​កម្ពុ​ជា បែក​គំ​និត​​ប្រើ​​ដាវ​​ដេញ​​កាប់ គូ​​ជម្លោះ​​តាម​​ដង​ផ្លូវ​

រាជធានី​ភ្នំពេញ ៖ និ​ស្សិត​​សា​កល​វិ​ទ្យា​ល័យ មេ​គង្គ​​ក​ម្ពុជា ២ នាក់ ត្រូវ​បាន​​ស​មត្ថ​កិច្ច ប៉ុស្ដិ៍​នគរ​បាល​​អូរ​ឫស្សី​​ទី​​៤ ឃាត់​ខ្លួន​​ខណៈ​ដែល​​ពួក​គេ​​បាន ដេញ​​វាយ​​កាប់​ចាក់​​គ្នា ជា​​មួយ​គូ​​ជ​ម្លោះ តាម​​ដង​ផ្លូវ​​សា​ធារ​ណៈ យ៉ាង​​អនា​ធិបតេយ្យ កាលពី​វេលា​ម៉ោង ៩​និង​១០ នាទី​យប់ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៣ នៅតាម​ផ្លូវ​លេខ​១៨២ កែង​និង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់ អូរឫស្សី​ទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​


​និស្សិត​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ ជ្រឹង រ៉ូ​ស្សា អាយុ ២០ ឆ្នាំ ជា​សិស្ស​ពេទ្យ​ឆ្នាំ​ទី​២ ស្នាក់នៅ​ម្តុំ​ផ្សារ​ជិន​ជូ​រី និង​ម្នាក់ទៀត​មានឈ្មោះ ម៉េង ស្រ៊ី អាយុ ២១ ឆ្នាំ ស្នាក់នៅ​ម្តុំ ម៉ុង​ឌី​យ៉ា​ល់ ជា​សិស្ស ឆ្នាំ​ទី​១ នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​។ ឈ្មោះ ជ្រឹង រ៉ូ​ស្សា បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន និង​មិត្តភក្ដិ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BI-8012 ជិះ​ដើរលេង​។​

​ខណៈ​មកដល់ មុខ​វត្ត​ឧណ្ណាលោម ក៏មាន​ក្រុមក្មេងស្ទាវ មួយក្រុម​ទៀត មាន​គ្នា​ជាង ១០ នាក់​ជិះ​ម៉ូតូ​៥ គ្រឿង បាន​ហូត​ខ្សែក្រវាត់ វាយ​មកលើ​ពួកគេ មិន​ដក​ដៃ​បណ្ដាល​ឲ្យ រងរបួស បែក​មុខ​បែក​មាត់​។ ភ្លាមៗ​នោះ​ពួកគេ​ក៏បាន ទាញ​ដាវ​មួយ​ដើម ដេញ​កាប់​តប​វិញ រហូត​ផ្អើល​ដល់​សមត្ថកិច្ច ចុះមក​អន្តរាគមន៍ ដេញ​បង្ក្រាប​តែម្តង​៕
ប្រភពពី វត្តភ្នំ

More

យាយ​ក្រពើ សុំ​អង្វរ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌


ភ្នំពេញៈ អ្នកស្រី​ឧកញ៉ា ឈិន សុគន្ធារី​ហៅ​យាយ​ក្រពើប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ឡាយីម៉ិច ហូល​ឌីង​គ្រុប (LAYIMEX HOLDINGS GROUP) មាន​ទី​ស្នាក់​ការ​ស្ថិត​នៅ​លើ​ដី លេខ ០៤៦លប ផ្លូវ​លេខ ១៩២៨ ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ តុលា​២០១៣​នេះ បាន​ធ្វើ​ការ​សំណូម​ពរ តាម​រយៈសារព័ត៌មាន ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​បាន​អង្វរ​សើ្ន​សុំ​លោក​នាយក​រដ្ឋ​មន្រ្តី មេត្តា​កែ​សម្រួល​អនុក្រឹត្យ​លេខ ១០១ អនក្រ.បក ចុះ​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ​២០១២ ដែល​បាន​ចេញ ​ដោយ​រដ្ឋាភិបាល​អណត្តិទី​៤ ដែល​បាន​រំលោភ​ច្បាប់​ភូមិ​បាល​និង​រដ្ឋធម្មនុញ្ញ​​នៃ​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ជា​ទី​បំផុត និង បាន​ធ្វើ​ឲ្យ​រូប​លោកស្រី បាន​បាត់​បង់ដី​កម្ម​សិទ្ធិ​ចំនួន​ជាង ៣៤ ហិកតា​ដែល​មាន​តម្លៃ​ជាង ១០០ លាន​ដុល្លាអាមេរិក រហូត​ទល់​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​ក្លាយ​ខ្លួន ជា​អ្នក​ទោស ហើយ​ត្រូវ​គេ​តាម​ដេញ​ចាប់​ម្ចាស់ដាក់​គុក​ព្រាត់​ប្រាស​កូន​ចៅ​យ៉ាង​ខ្លោច​ ផ្សារ។

នៅ​ក្នុង​លិខិត​ផ្ញើរ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី​របស់​លោក​ស្រី​ឈិន សុគន្ធារី ដែល​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​ស្រីឈិន សុគន្ធារី បាន​ជម្រាប​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ថា៖ «នាង​ខ្ញុំ​ត្រូវ​រាជ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​រំលោភ​ច្បាប់​ភូមិ​បាល​និង ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​រឹប​អូស​យក​ដី​ដែល​នាង​ខ្ញុំ​ បាន​កាន់​កាប់​ដោយ​ស្រប​ច្បាប់ ព្រម​ទាំង​បាន​បង់ពន្ធ​ជូន​រដ្ឋ​រួច​ទៅហើយ យក​ទៅ​ឲ្យ​ក្រុម​ហ៊ុន​មួយ​ទៀត។ នាង​ខ្ញុំ​ធ្លាប់​បាន​ដាក់​ពាក្យ​ទៅ​អាជ្ញាធរ​ដោះ​ស្រាយ​វិវាទ​ដីធ្លី ក៏​ប៉ុន្តែ​មន្ត្រី​នៃ​អាជ្ញាធរ​​ដោះ​ស្រាយ​វិវាទ​ដីធ្លី​បាន​បដិសេធ​មិន​ ទទួល​ពាក្យ​បណ្ដឹង​របស់​នាង​ខ្ញុំ ដោយ​លើក​ហេតុ​ផល​​ថា​ដី​នេះ​រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​រួច​ហើយ។ 

ឥឡូវ​នេះ ​នាង​ខ្ញុំ​បាន​ដាក់​ពាក្យ​មក​ជូន សម្ដេច ដើម្បី សម្ដេចមេត្តា​ពិចារណា​អនុក្រឹត្យ​នេះ​ឡើង​វិញ ​ក៏​ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​មិន​ទទួល​ពាក្យ​បណ្ដឹង ហើយ​រុញ​ឲ្យ​ទៅ​អាជ្ញាធរ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​វិញ។ ការ​រុញ​ទៅ​រុញ​មក​របស់​មន្ត្រី​ទាំង​ពីរ​ស្ថាប័ន​នេះ បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​<ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ ស្ថាប័ន​រដ្ឋ ព្រម​ទាំង​រំលោភ​យ៉ាង​កំរោល​នៃ​រដ្ឋ​ធម្មនុញ្ញ​មាត្រា ៣៥៖ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​និង​ដោះ​​ស្រាយ​​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​ រដ្ឋ។ សេចក្ដី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម សម្ដេច មេត្តា​អធ្យាស្រ័យ​ដល់​នាង​ខ្ញុំ​ដែល​បាន​ជូន​លិខិត​សំណូមពរ​ខាង​ក្រោម​នេះ​ ដល់​សម្ដេច​តាម​រយៈសារពត៌មាន។ នាង​ខ្ញុំ​សង្ឃឹម​ថា សម្ដេច និង​ពិនិត្យ​ដោះ​ស្រាយ​សំណូមពរ​នេះ​ដោយ​យុត្តិធម៌ជា​ពុំ​ខាន»៕

គួរ​រម្លឹក​ថា អ្នក​ស្រី​ឧកញ៉ា ឈិន សុគុន្ឋារី អាយុ ៥៨ឆ្នាំ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​កំបាំង​​មុខ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៤ឆ្នាំ ៦ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣០ លាន​រៀលទៀត ​ពីបទ« ធ្វើ​ឲ្យ​ប៉ះ​ពាល់​​លើ​កម្មសិទ្ធិ​សាធារណៈ» នៅ​លើដី​ស្រប​ច្បាប់​របស់​គាត់​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ព្រម​ទាំង​ចេញ​ដីកា​បង្គាប់​ឲ្យ​តាមចាប់​ខ្លួន​ទៀត​ផង​កាល​ពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១២៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍

More

អគ្គិភ័យលេបត្របាក់ ផ្ទះ៣ខ្នងទាំងព្រឹក នៅក្រោយវត្តនន្ទមុនី



ភ្នំពេញ៖ អំណាចព្រះអគ្គិភ័យបានឆាបយក ផ្ទះប្រជាពលរដ្ឋអស់៣ខ្នងទាំងព្រឹក នៅក្រោយវត្តនន្ទមុនី ស្ថិតក្នុង ក្រុមទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ផ្តើមចេញពីផ្ទះម្ចាស់មិននៅ សង្ស័យបណ្តាលមក ពីទុស្សេខ្សែភ្លើង។

សមត្ថកិច្ចអន្តរាគមន៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះ បានចាប់ផ្តើមនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣។ សមត្ថកិច្ចបញ្ជាក់ថា ផ្ទះចំនួន៣ខ្នង ធ្វើពីថ្មប្រក់សង្កសី រួមនិងទ្រព្យសម្បត្តិមួយចំនួនទៀត ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលពន្លត់អគ្គិភ័យ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿងទៅកាន់ កន្លែងកើតហេតុ និងអន្តរាគមន៍ បាញ់ពន្លត់ភ្លើងឲ្យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៨ព្រឹកថ្ងៃដដែល ដោយ មិនបណ្តាលឲ្យរាលដាលធ្ងន់ធ្ងរទៅផ្ទះអ្នកដទៃទៀតនោះឡើយ។

បើតាមសមត្ថកិច្ច អគ្គិភ័យ បានផ្តើមចេញពីផ្ទះមួយ ដែលម្ចាស់មិននៅផ្ទះ ហើយគេសង្ស័យថា បណ្តាលមកពី ទុស្សេខ្សែភ្លើង៕









ផ្តល់សិទ្ទិដោយ៖ looking today.com
More

លោក កឹម សុខា ស្នើ​ឲ្យ​មេដឹកនាំ​ខ្មែរ​ យក​គំរូ​តា ម​ព្រះ​មហា​វីរក្សត្រ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និមន្ត​ព្រះសង្ឃ​ចំនួន ៩០​អង្គ ដើម្បី​សូត្រ​មន្ត​បង្សុកូល​គោរព​ឧទ្ទិស​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ គម្រប់​ខួប ១​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​​​ព្រះអង្គ។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អុជ​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតនកោដ្ឋ នៅ​ក្នុង​ពិធី​បង្សុកូល​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៣។

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ពិធី​បង្សុកូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​តុលា ស្នើ​សុំ​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស និង​អ្នក​នយោបាយ​ខ្មែរ​គ្រប់ៗ​រូប គួរ​យក​គំរូ​វិជ្ជមាន​ដើម្បី​ដឹកនាំ​ប្រទេស​តាម​អតីត​ព្រះមហាក្សត្រ។

បន្ទាប់​ពី​កោត​សរសើរ​​ស្នាព្រះហស្ត និង​ភាព​ឆ្លាតវៃ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ លោក កឹម សុខា ក៏​បាន​អះ​អាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​យក​ចំណុច​វិជ្ជមាន​ដឹក​នាំ​​​ប្រទេស​តាម​លំនាំ​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ យក​មក​អនុវត្ត។

លោក កឹម សុខា មាន​ជំនឿ​ថា បើ​សិន​ជា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ​​នោះ នោះ​នយោបាយ​ជាប់​គាំង​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ ព្រះអង្គ​នឹង​អាច​ផ្សះផ្សា​ជាតិ​រវាង​អ្នក​នយោបាយ​ខ្មែរ និង​អាច​ជួយ​ស្វែង​រក​យុត្តិធម៌​​ជូន​ម្ចាស់​ឆ្នោត​ដោយ​សន្តិវិធី៖ «យើង​ ចង់​ទទួល​បាន​នូវ​ការ​រៀន​សូត្រ​ពី​ព្រះអង្គ​ដែល​ផ្ដើម​ចេញ​ពី​ឯកភាព​ជាតិ ហើយ​យើង​ចង់​បាន​អ្នក​ដឹកនាំ​ដទៃ​ទៀត រួម​ទាំង​ព្រះមហាក្សត្រ​ដទៃ​ទៀត​ដែរ ធ្វើ​យ៉ាង​ណា​យក​ឱវាទ​តាម​ព្រះអង្គ គឺ​ឯកភាព​ជាតិ ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ»

​ក្រៅ​ពី​ធ្វើ​ពិធី​បង្សុកូល នៅ​ទីស្នាក់ការ​បង្សុកូល​ក្នុង​ខណ្ឌ​ទួលគោក នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​តុលា នៅ​ម៉ោង ២​រសៀល​ដដែល ទាំង​លោក កឹម សុខា និង​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ អាណត្តិ​ទី​៥ ផ្សេង​ទៀត ក៏​មាន​គម្រោង​ទៅ​អុជ​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ដល់​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​​​​កោដ្ឋ ​នា​សួន​ច្បារ​​ខាង​កើត​វិមាន​​ឯករាជ្យ​ថែម​ទៀត ប៉ុន្តែ​ត្រូវ​ខក​ខាន​ដោយសារ​តែ​សមត្ថកិច្ច​មិន​អនុញ្ញាត។

រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា បាន​​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ដោយ​ចំណាយ​ទឹក​ប្រាក់​សាងសង់​ចំនួន​ជាង ១.២​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ពិធី​នោះ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូល​រួម​ឡើយ។

នៅ​ក្នុង​ឱកាស​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើង​​ថ្លែង​ជា​សាធារណៈ នឹង​បន្ត​​រក្សា​ការពារ​របប​រាជានិយម ការពារ​រាជបល្ល័ង្គ និង​ការពារ​ព្រះមហាក្សត្រ។ ជាង​នេះ ប្រមុខ​ដឹកនាំ​បាន​ថ្លែង​រម្លឹក​ពី​ព្រះរាជ​បណ្តាំ​ចុង​ក្រោយ​របស់​សម្ដេច នរោត្តម សីហនុ ​ពី​នយោ​បាយ​​បង្រួប​បង្រួម​ និង​ផ្សះផ្សា​ជាតិ​ខ្មែរ​ ហើយ​ក៏​បាន​​ថ្លែង​ពី​គុណូបការៈ​​សម្ដេច​ឪ​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ។

​ក្ដៅ​ពី​នេះ លោក ហ៊ុន សែន ​ក៏​បាន​​ផ្ដាំ​ផ្ញើ​ដល់​អ្នក​បន្ត​វេន​ដែល​ត្រូវ​ដឹក​នាំ​រាជ​រដ្ឋាភិបាល​​ កម្ពុជា ជំនាន់​ក្រោយៗ ឲ្យ​ចង​ចាំ​នូវ​គុណូបការៈ​របស់​ព្រះ​រាជបិតា​ជាតិ​ខ្មែរ និង​បាន​ប្រកាស​ឲ្យ​រក្សា​ទុក​ថ្ងៃ​ទី​១៥ ខែ​តុលា ជា​រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​សម្រាប់​បង្កើត​​ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ព្រះ​ វិញ្ញាណក្ខន្ធ​ព្រះអង្គ។

លោក ហ៊ុន សែន៖ «ព្រះបិតា​ជាតិ​របស់​យើង​មិន​មែន​ត្រឹម​តែ​នៅ​ក្នុង​ ដំណាក់កាល​នេះ​ទេ លោក​ថា ផឹក​ទឹក​ត្រូវ​នឹក​ដល់​ប្រភព​ទឹក ទទួល​ផ្លែ​ឈើ​ត្រូវ​នឹក​ដល់​អ្នក​ដាំ​ដើម។ ព្រះបិតា​ជាតិ​របស់​យើង គឺ​ជា​ព្រះបិតា​ជាតិ​ជា​រៀង​រហូត»

​​ព្រះ​បរម​រូប​ព្រះ​បរម​រតនកោដ្ឋ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​កសាង​​ពី​ស្ពាន់​មួយ​ជំហរ មាន​កម្ពស់ ៤.៥​ម៉ែត្រ ​ក្នុង​​សម្លៀក​បំពាក់​ខោ​អាវ​ធំ អោប​ដៃ​សំយុង​មក​មុខ បែរ​ព្រះភ័ក្ត្រ​ទៅ​ទិស​ខាង​កើត និង​បាន​តម្កល់​​លើ​ទម្រ​មាន​កម្ពស់ ២.៧​ម៉ែត្រ។ វិមាន​ព្រះ​បរម​រូប​នេះ បាន​សាងសង់​​​លើ​ខឿន​រាង​ចតុកោណ​កែង មាន​​បណ្តោយ ៥៤​ម៉ែត្រ និង​​ទទឹង ២៧​ម៉ែត្រ​​ និង​មាន​ទីតាំង​​​នៅ​លើ​សួន​ច្បារ​ខាង​កើត​វិមាន​ឯករាជ្យ ក្នុង​រាជ​ធានី​ភ្នំពេញ។

​​ការ​ស្ថាបនា​នេះ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី ព្រះវររាជមាតា នរត្តម មុនីនាថ សីហនុ បាន​ចេញ​ព្រះរាជសារ ចុះ​ថ្ងៃ​ទី​១១ ខែ​តុលា ថ្លែង​អំណរគុណ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​កសាង​​វិមាន​ព្រះ​បរម​រូប ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ដ៏​ស្កឹមស្កៃ និង​ល្អ​ប្រណិត៕

More

ពលរដ្ឋ​រង​គ្រោះ​ដោយ​ ទឹក​ជំនន់​បារម្ភ​​អំពី​ បញ្ហា​​ប្រែប្រួ ល​អាកាសធាតុ

ទឹក​ជំនន់​កំពុង​យាយី​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ ខេត្ត​ចំនួន ១៥ ទូទាំង​ប្រទេស​កម្ពុជា។ មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​បង្ហាញ​ថា ទឹក​ជំនន់​បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន​ជាង ១០០​នាក់​ស្លាប់ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​តុលា និង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ស្រូវ​របស់​កសិករ​ជាង ១​សែន​ហិកតារ។
ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​រង​ការ​លិចលង់​ដោយសារ​ទឹក​ជំនន់។ រូបថត​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៣


មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ​មាន​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ រួម​មាន​ខេត្ត​ប៉ៃលិន បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប។ ពលរដ្ឋ​មួយ​ចំនួន​ចាត់​ទុក​ថា ទឹក​ជន់​ឆ្នាំ​នេះ​ជា​បណ្ដាសា​ធម្មជាតិ ព្រមាន​ប្រទេស​កម្ពុជា ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ។
"ភូមិ​ខ្ញុំ​មិន​ដែល​មាន​ទឹក​ជន់​ធំ​បែប​នេះ​ឡើយ"៖ នេះ​ជា​សម្ដី​ស្ទើរ​គ្រប់​មាត់​របស់​អ្នក​ភូមិ​អូរតាគី ឃុំ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កាល​ពី​សប្ដាហ៍​មុន នៅ​ពេល​ដែល​កម្លាំង​ទឹក​អាង​កំពីងពួយ កំពុង​ជន់​លិច​ស្រែ​ចម្ការ​និង​ផ្ទះសំបែង​របស់​ពួក​គាត់។

លើ​ផ្លូវ​ជាតិ​លេខ​៥ ម្ដុំ​អូរតាគី ដែល​រដូវ​ប្រាំង​ធ្លាប់​តែ​ឃើញ​ឡាន​ដឹក​ទឹក​លក់ និង​ធម្មតា​ធ្លាប់​តែ​មាន​យានយន្ត​បើក​បើ​មួយៗ​លឿន តែ​ពេល​នេះ​មាន​ម៉ូតូ​ជា​ច្រើន​កំពុង​វារ​គើមៗ​ឆ្ពោះ​ទៅ​មុខ​ជម្នះ​នឹង​ កម្លាំង​ទឹក​ហូរ។ អ្នក​ដំណើរ​ខ្លះ​រុញ​ម៉ូតូ​ដែល​រលត់​ម៉ាស៊ីន​ឆ្លង​ទឹក អ្នក​ខ្លះ​ចង​ម៉ូតូ​លើ​ត្រាក់ទ័រ អ្នក​ខ្លះ​ទៀត​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​នៅ​ទី​ទួល​ខ្ពស់​មួយ​ ដែល​គេ​រៀបចំ​សម្រាប់​ទទួល​ផ្ញើ​ម៉ូតូ​ក្នុង​ពេល​ទឹក​ជន់។ ឡាន​ធំៗ មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​កំណាត់​ផ្លូវ​ពី​ក្រុង​ បាត់ដំបង ទៅ​ថ្មគោល​ទេ។ ក្មេងៗ​រត់​ដេញ​គ្នា​ប្រសាច ភាគ​ច្រើន​ដោះ​អាវ ស្លៀក​ខោ​ខ្លី ប្រលែង​លេង​នឹង​ទឹក​ហូរ​ត្រឹម​ជង្គង់​នៅ​លើ​ថ្នល់​ជាតិ ចំណែក​មនុស្ស​ធំ​ខ្លះ បង់​សំណាញ់​តាម​ទី​វាលៗ​មុខ​ផ្ទះ​អ្នក​ភូមិ។

អ្នក​ក្រុង​បាត់ដំបង ដែល​ទើប​រួច​ខ្លួន​ពី​ជំនន់​ស្ទឹងសង្កែ មិន​បាន​បី​ថ្ងៃ​ស្រួល​បួល​ផង​នោះ ខ្លះ​ជិះ​ឡាន ខ្លះ​ជិះ​ម៉ូតូ​ទៅ​មើល​ទឹក​ម្ដុំ​អូរតាគី។ បើ​មើល​ពី​សំបក​ក្រៅ ទឹក​ជន់​លិច​ភូមិ​អូរតាគី គ្រាន់តែ​ជា​ការ​បង្កើត​តំបន់​ទេសចរណ៍​លេង​ទឹក​សម្រាប់​អ្នក​ក្រុង​បាត់ដំបង និង​ក្មេងៗ​កូន​អ្នក​ភូមិ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​លើ​ផ្ទះ​កណ្តាល​ទឹក​ឯ​ណោះ​វិញ មាន​មនុស្ស​ចាស់​មិន​តិច​នាក់​ទេ​ដែល​កំពុង​ដក​ដង្ហើម​ធំ​និង​ព្រួយ​ចិត្ត។

កាប់​ឈើ ព្រៃ​ឡង់  ៦១០
១៣-ឧសភា-២០១៣៖ គំនរ​ឈើ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​វៀតណាម កាប់​រំលំ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ RFA/Tin Zakariya


ក្នុង​ចំណោម​ផ្ទះ​ដែល​លិច​ទឹក​នៅ​ភូមិ​អូរតាគី ផ្ទះ​របស់​ស្ត្រី​វ័យ​ជិត ៧០​ឆ្នាំ ឈ្មោះ ថាប់ ប៉ាច មាន​សភាព​ប្លែក​ពី​គេ។ ទឹក​បាន​ជន់​លិច​ដី​ភូមិ​របស់​លោកស្រី ថាប់ ប៉ាច ជាង ១​ម៉ែត្រ គឺ​ដល់​ត្រឹម​រនាប​ផ្ទះ ពេល​ដែល​ទឹក​លិច​ផ្ទះ​អ្នក​ភូមិ​ដទៃ​ជាង​កន្លះ​ម៉ែត្រ។ ដើម្បី​ងាយ​ស្រួល​ចូល​ផ្ទះ គ្រួសារ​កសិករ​មួយ​នេះ​បាន​ធ្វើ​ស្ពាន​ពី​ឫស្សី​តូច​មួយ មាន​ទទឹង​ជាង ១​តឹក និង​បណ្ដោយ​ជាង ២០​ម៉ែត្រ ហើយ​ដាក់​ពាង​ទឹក​ចង​បណ្ដែត​ខាង​ក្រោម។ ក្នុង​ផ្ទះ​ដែល​មើល​ធ្លុះ​ពី​មាត់​ទ្វារ​ដល់​ជញ្ជាំង​ខាង​ក្រោយ គេ​ឮ​សំឡេង​ក្មេង​លាន់​ទ្រហឹង ខ្លះ​យំ ខ្លះ​សើច កំពុង​ដណ្ដើម​ស្ករ​គ្រាប់ និង​នំ​បុ័ង​ដែល​អ្នក​ក្រុង​បាត់ដំបង ទើប​ចែក​ឲ្យ​កន្លះ​ម៉ោង​មុន។

លោកស្រី ថាប់ ប៉ាច ញញឹម​ដាក់​ភ្ញៀវ​ទាំង​មុខ​ជូរ ហើយ​ប្រាប់​ថា មួយ​ថ្ងៃ​ពេញ​នេះ​គាត់​មិន​បាន​សម្រាក​ទេ ព្រោះ​ជាប់​មើល​ចៅ​ខ្លាច​ពួក​គេ​ធ្លាក់​ទឹក ហើយ​កូនៗ​របស់​គាត់​ចេញ​ទៅ​មើល​ស្រែ​និង​រក​ម្ហូប។ លោកស្រី​រៀបរាប់​ថា ស្រូវ​សូម៉ាលី​ប្រាំង​ដែល​កំពុង​ផើម​ជាង ៣​ហិកតារ​របស់​គាត់ ត្រូវ​ទឹក​ជន់​លិច​បាត់​អស់ ហើយ​តាំង​ពី​លិច​ទឹក​មក ប្ដី​របស់​គាត់​នៅ​ឃ្លាំ​មើល​ស្រូវ​រហូត​មិន​ព្រម​ត្រឡប់​មក​ផ្ទះ​វិញ​ទេ។ លោកស្រី​បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​លើក​នេះ​កាច​សាហាវ​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់ វា​បាន​បំផ្លាញ​ឆ្នាំង​បាយ​គាត់​ទាំង​មូល និង​អាច​នាំ​ឲ្យ​ឈ្មួញ​លក់​ជី​រឹប​អូស​ដី​ស្រែ​របស់​ពួក​គាត់​ថែម​ទៀត។
លោកស្រី​បន្ត​ថា គ្រួសារ​គាត់​មិន​សប្បាយ​ចិត្ត​នឹង​អំណោយ​ដែល​អាជ្ញាធរ​យក​ចែក​ឲ្យ​តិចតួច​ នោះ​ទេ តែ​ពួក​គាត់​បែរ​ជា​កំពុង​តែ​បារម្ភ​ថា បើ​ទឹក​ជន់​រួច ហើយ​ជួប​គ្រោះ​រាំង​ស្ងួត​ដូច​ឆ្នាំ​មុន​ទៀត តើ​ពួក​គាត់​នឹង​រស់​បែប​ណា?

ទន្ទឹម​នឹង​នេះ អ្នក​ភូមិ​អូរតាគី ម្នាក់​ទៀត​ដែល​ជម្លៀស​គ្រួសារ​មក​រស់​នៅ​លើ​ចិញ្ចើម​ថ្នល់​ជាតិ លោក មួន រឿម ប្រាប់​ថា អ្នក​ស្រែ​ឆ្នាំ​នេះ​រង​កម្ម​ផ្ទួនៗ​ជាប់​គ្នា។ មុន​នេះ​មួយ​ខែ​អ្នកស្រែ​ខ្ចី​លុយ​គេ​ទិញ​ប្រេង​បូម​ទឹក និង​ទិញ​ជី​ដាក់​ស្រែ​ពេល​ស្រូវ​មូរ​ដើម ទឹក​លិច​បំផ្លាញ​ស្រូវ​អស់។ លោក​បន្ត​ថា លោក​មិន​បាន​ដឹង​ថា ទឹក​ភ្លៀង​នៅ​ខាង​លើ​ទំនប់​អាង​កំពីងពួយ ខ្លាំង​ឬ​ខ្សោយ​យ៉ាង​ណា​ទេ តែ​ទឹក​ជន់​ឡើង​លិច​ផ្ទះ​អ្នក​ភូមិ គឺ​កើត​ឡើង ១​ម៉ោង បន្ទាប់​ពី​មេ​ភូមិ​ដើរ​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រយ័ត្នប្រយែង​ប៉ុណ្ណោះ។ លោក​បន្ទោស​ថា អាជ្ញាធរ​ជំនាញ​គួរ​តែ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​កម្លាំង​ទឹក និង​លទ្ធភាព​ការពារ​របស់​ទំនប់។ ម្យ៉ាង​ទៀត​ទឹក​ជន់​ឆ្នាំ​នេះ ជា​សញ្ញា​មួយ​ប្រាប់​ថា ដល់​ពេល​ធម្មជាតិ​បំផ្លាញ​យើង​វិញ​ហើយ។

ទឹក​ជំនន់​រដូវ​វស្សា​ឆ្នាំ​នេះ​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​កញ្ញា។ ​​​​​​ខេត្ត​រតនគិរី ជា​ខេត្ត​ដែល​រង​គ្រោះ​មុន​គេ​ដោយ​ជំនន់​ទឹក​ភ្លៀង។ ទឹក​បាន​ហូរ​កាត់​ផ្ដាច់​ផ្លូវ​ជាតិ​លេខ ៧៨ ដែល​ទើប​សង់​ថ្មី វា​បាន​បំផ្លាញ​ផ្ទះសំបែង​របស់​ពលរដ្ឋ បំផ្លាញ​ដំណាំ​កសិកម្ម ​និង​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​ទៀត​ផង។ បន្ទាប់​មក​គឺ​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង ខេត្ត​កណ្ដាល និង​ខេត្ត​មួយ​ចំនួន​ទៀត។

ចូល​ដល់​ដើម​ខែ​តុលា ជំនន់​ទឹក​ភ្លៀង​បាន​វាយ​លុក​ខេត្ត​ប៉ៃលិន ហើយ​កម្លាំង​ទឹក​ហូរ​ខ្លាំង​មិន​ធ្លាប់​មាន វាយ​ប្រហារ​លើ​ផ្ទះ​និង​ដី​ចម្ការ​អ្នក​ភូមិ​នៅ​ស្រុក​ស្ទឹងកាច និង​មួយ​ផ្នែក​នៃ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ពលរដ្ឋ​ប្រាប់​ថា ទឹក​ហូរ​ខ្លាំង​នេះ​ជា​លទ្ធផល​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខេត្ត​ ប៉ៃលិន។ បន្ទាប់​មក​ទឹក​ជន់​ក៏​បាន​ជន់​លិច​ខេត្ត​បាត់ដំបង ទាំង​មូល និង​បាន​បង្ក​ឲ្យ​មនុស្ស​ជាង ១៤​នាក់​ស្លាប់ គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​តុលា។

ដើម្បី​ឆ្លើយ​តប មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​និង​មន្ត្រី​កាកបាទ​ ក្រហម បាន​ចាត់​ចែង​គ្នីគ្នា​ចុះ​ចែក​អំណោយ​គ្រប់​ខេត្ត​ក្រុង​ដែល​រង​ការ​លិច​ លង់។ ក្រុម​មន្ត្រី​ដាក់​អាវ​ក្នុង​ខោ​ចុះ​ចែក​ប្រាក់ ចែក​មី អង្ករ ត្រី​ខ​កំប៉ុង និង​សម្ភារៈ​មួយ​ចំនួន​ទៀត អម​ទៅ​ដោយ​សារ​នយោបាយ​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទឹក​លិច​របស់​មេ​ភូមិ។
គ្រប់​ស្ថានីយ​ទូរទស្សន៍​ថត​ផ្សាយ​ព័ត៌មាន​ពី​ការ​លិចលង់ និង​ផ្សាយ​ពី​រឿង​ចែក​ស្បៀង។ ចំណែក​ឯ​អាជ្ញាធរ​ជំនាញ​ឧតុនិយម ធនធាន​ទឹក និង​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក៏​នៅ​តែ​ប្រកាន់​យក​ទម្លាប់​មិន​សូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នក​កាសែត និង​ពិបាក​ក្នុង​ការ​សុំ​យោបល់​អប់រំ ដំបូន្មាន ចំណេះ​ដឹង​ពី​កិច្ចការ​គ្រោះ​មហន្តរាយ ដូច​ជា​វិធី​សង្គ្រោះ​មនុស្ស​លង់​ទឹក វិធី​សង្គ្រោះ​មនុស្ស​ពស់​ចឹក ឬ​ការ​ថែ​រក្សា​សុខភាព​អនាម័យ​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ជូន​ពលរដ្ឋ​ ណាស់។

នៅ​លើ​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​ជា​ស្ថាប័ន​ជំនាញ​ក្នុង​ការ​រៀបចំ​គោលនយោបាយ និង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ធម្មជាតិ បាន​ត្រឹម​តែ​បង្ហោះ​សេចក្ដី​ជូន​ដំណឹង​របស់​លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​មន្ត្រី​ជួយ​ពលរដ្ឋ​កាល​ពី​ទឹក​ជន់​ឆ្នាំ​២០១១ ប៉ុណ្ណោះ ហើយ​ទឹក​ជន់​ឆ្នាំ​នេះ​គ្រាន់​តែ​រូបភាព​មួយ​សន្លឹក​ក៏​មិន​ឃើញ​ដាក់​បង្ហោះ ​ដែរ។ ទឹក​ជំនន់​បាន​គំរាមកំហែង​ខ្លាំង​តាំង​ពី​ឆ្នាំ​២០០០។ ប៉ុន្តែ​គោលនយោបាយ​និង​នីតិវិធី​ក្នុង​ការ​ទប់​ស្កាត់​គ្រោះ​មហន្តរាយ មិន​សូវ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​របស់​អង្គការ​ទន្លេ​បី ដែល​ធ្វើ​ការងារ​ផ្នែក​កិច្ច​ការពារ​បរិស្ថាន លោក មៀច មាន យល់​ថា រាជរដ្ឋាភិបាល​បាន​បរាជ័យ​រួច​ទៅ​ហើយ ក្នុង​ការ​ការពារ​គម្រប​ព្រៃ​ឈើ ដើម្បី​រក្សា​លំនឹង​បរិស្ថាន។ លោក​បន្ត​ថា ទឹក​ជំនន់​ឆ្នាំ​នេះ​មិន​មែន​ជា​មូលហេតុ​ទាំង​ស្រុង​ដែល​បង្ក​មក​ពី​ការ​ បាត់បង់​ព្រៃ​ឈើ​នោះ​ទេ តែ​រាជរដ្ឋាភិបាល​ត្រូវ​ទទួល​ស្គាល់​ថា គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន និង​ការ​សាងសង់​ទំនប់​វារីអគ្គីសនី បាន​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ជា​អ្នក​រង​គ្រោះ​មុន​គេ ដោយសារ​បញ្ហា​ប្រែប្រួល​អាកាសធាតុ តែ​អ្នក​ដែល​បំផ្លាញ​ធម្មជាតិ​ជា​ក្រុម​ឈ្មួញ​ដែល​មាន​លុយ​និង​មន្ត្រី​ដែល​ មាន​អំណាច។

របាយការណ៍របស់ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ទឹក​ជំនន់​ឆ្នាំ ២០១១ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ រាជធានី ខេត្ត ចំនួន​ ១៨ និងប៉ះពាល់​លើ ប្រ​ជាជន​ជិត ២ លាននាក់​ស្មើនឹងជាង៣សែន គ្រួសារ​។ ក្នុងនោះពលរដ្ឋ ជាង២៥០ នាក់បានស្លាប់​ ដែល​ភាគ​ច្រើនជាកុមារ ។ ដំណាំ​កសិកម្ម​ មាន​ស្រូវ​ និង​ ដំណាំ​រួម​ផ្សំ​រាប់​ម៉ឺន​ហិកតា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ជាតិ​ ផ្លូវ ខេត្ត​ ផ្លូវ​លំ​ ប្រព័ន្ធ​ធារាសាស្រ្ត សាលា​រៀន​ មណ្ឌល​សុខភាព​​ វត្ត​អារាម ផ្ទះ​សំបែង​ប្រជាជន​ បាន​រង​ការ​ខូច​ខាត ដែល​ គិត​តម្លៃ​ជា​ទឹក​អស់​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក​។

មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​មួយ​ចំនួន​បន្ទោស​ថា ការ​កើន​ឡើង​នៃ​កម្ដៅ និង​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ បណ្ដាល​មក​ពី​ការ​វិនាស​ហិនហោច​នៃ​ព្រៃ​ឈើ។ សង្គម​ស៊ីវិល​បង្ហាញ​ថា រាជរដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​លើ​ផ្ទៃ​ដី​ ចំនួន​ជាង ២​លាន​ហិកតារ​ដែល​ដី​ភាគ​ច្រើន​ជា​ដី​គម្រប​ព្រៃ​ឈើ។ ឈ្មួញ​ឯកជន​ដែល​ទទួល​សិទ្ធិ​បាន​កាប់​ព្រៃ​លក់​យក​ដី​ដាំ​កៅស៊ូ ដំឡូង​មី និង​ដំណាំ​កសិឧស្សាហកម្ម​ដទៃ​ទៀត។ ក្នុង​នោះ​ដី​ព្រៃឡង់ ដែល​ព្រៃ​ត្រូពិក​នៅ​សេសសល់​ធំ​ជាង​គេ​ក្នុង​តំបន់​អាស៊ី ក៏​ត្រូវ​រាជរដ្ឋាភិបាល​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាង ១​សែន​ហិកតារ។ ដី​ព្រៃ​ឈើ​នៅ​តំបន់​ភូមិ​ភាគ​ឦសាន ឬ​តំបន់​ទន្លេបី គឺ​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ដី​ឲ្យ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចំនួន ៤៨​គម្រោង ដែល​ទំហំ​ព្រៃឈើ​ធម្មជាតិ​ស្មើ​នឹង​ជាង ១​លាន​ហិកតារ នឹង​ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ធ្វើ​អាង​ស្តុក​ទឹក​សម្រាប់​ទំនប់​ វារីអគ្គិសនី និង​ដំណាំ​កសិឧស្សាហកម្ម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កសិករ​នៅ​ភូមិ​អូរតាគី ខេត្ត​បាត់ដំបង លោកស្រី ថាប់ ប៉ាច ប្រាប់​ថា គាត់​មិន​សូវ​ខ្វល់​នឹង​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​តំបន់​ផ្សេងៗ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​លោកស្រី​គ្រាន់​តែ​ចង់​ឲ្យ​ផ្ទះ​ខ្ទម​តូច​មួយ​របស់​គាត់​មាន​ សេចក្ដី​សុខ​ប៉ុណ្ណោះ។ លោកស្រី​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក្ដៅ​ ខ្លាំង ឬ​ភ្លៀង​ខ្លាំង​ដើម្បី​សម្រួល​ការ​រស់​នៅ​ល្អ​ប្រសើរ​ជូន​ពលរដ្ឋ គឺ​ជា​ក្រុម​មន្ត្រី​ដែល​ស៊ី​ប្រាក់​ខែ​រាស្ត្រ និង​ឡើង​កាន់​អំណាច​ដោយសារ​សន្លឹក​ឆ្នោត​រាស្ត្រ៕

More
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger